ទីផ្សារអចលនទ្រព្យឧស្សាហកម្មក្នុងប្រទេសវៀតណាមនឹងបន្តហក់ឡើងខ្ពស់នៅចុងឆ្នាំ២០២២នេះ

0

សុខុម

 

ហូជីមិញ: ទីផ្សារអចលនទ្រព្យឧស្សាហកម្មក្នុងប្រទេសវៀតណាម ទំនងជានឹងបន្តហក់ឡើងនៅប៉ុន្មានខែចុងឆ្នាំ២០២២ នេះដោយសារការរអាក់រអួលនូវខ្សែសង្វាក់ផ្គត់ផ្គង់ទូទាំងពិភពលោក ដែលកំពុងបន្តកើតមាន និងការធ្វើពិពិធកម្ម ព្រមទាំងកិច្ចព្រមព្រៀងពាណិជ្ជកម្ម ដែលវៀតណាមបានចុះហត្ថលេខា​។

ក្រុមអ្នកជំនាញលើកឡើងថា ស្ថានភាពមិនច្បាស់លាស់ជុំវិញតម្លៃថាមពល ដោយសារបញ្ហាភូមិសាស្ត្រនយោបាយ និងការព្រួយបារម្ភអំពីកំណើនសេដ្ឋកិច្ច ការបន្តអនុវត្តគោលនយោបាយសូន្យកូវីដ-១៩ របស់ប្រទេសចិន បូករួមជាមួយនឹងការធ្លាក់ចុះពាណិជ្ជកម្មពិភពលោក បាននិងកំពុងបង្កើនការរអាក់រអួល និងជំរុញការធ្វើពិពិធកម្ម។

នេះបើយោងតាមសារព័ត៌មាន Vietnam News ចុះផ្សាយកាលពីថ្ងៃអង្គារ ទី១៣ ខែកញ្ញា។

នៅប្រទេសវៀតណាម ការជួលអចលនទ្រព្យឧស្សាហកម្មមានតម្រូវការកើនឡើង ហើយតម្លៃជួលក៏បានហក់ឡើងដែរ ជាពិសេសសម្រាប់ភ័ស្ដុភារ និងឃ្លាំង។

យោងតាមក្រុមហ៊ុនផ្ដល់សេវា និងវិនិយោគអចលនទ្រព្យ CBRE Vietnam ឱ្យដឹងថា នៅក្នុងត្រីមាសទី៣ ចុងឆ្នាំនេះ ការសិក្សាស្រាវជ្រាវរបស់ខ្លួនបង្ហាញថា ការជួលអចលនទ្រព្យឧស្សាហកម្មកំពុងកើនឡើងទាំងបរិមាណ និងទំហំ។ ការទិញដីសម្រេចបានកំណើន១០%រហូតមកទល់ពេលនេះ និងកើនឡើង៧%សម្រាប់រោងចក្រ ឬឃ្លាំងដែលសាងសង់រួចជាស្រេច។

ទំហំដីជាមធ្យម ដែលអ្នកជួលត្រូវការ គឺ៩,៤ហិកតានៅក្នុងឆមាសទី១ ដើមឆ្នាំ២០២២ បើធៀបនឹង៩,២ហិកតា កាលពីឆ្នាំមុន ហើយទំហំរោងចក្រ ឬឃ្លាំងដែលសង់រួចមានផ្ទៃ៦.៧០០ម៉ែត្រការ៉េ នៅក្នុងឆមាសទី១ បើធៀបនឹង៦.១០០ម៉ែត្រការ៉េក្នុងឆ្នាំ២០២១។

យោងតាមក្រុមហ៊ុនសេវាកម្មអចលនទ្រព្យពិភពលោក Cushman and Wakefield ឱ្យដឹងថា ប្រទេសវៀតណាម នៅតែបន្តក្លាយជាគោលដៅដ៏ទាក់ទាញ សម្រាប់អ្នកវិនិយោគលើអចលនទ្រព្យឧស្សាហកម្ម៕

LEAVE A REPLY

Please enter your comment!
Please enter your name here