ក្រុងតូក្យូគ្រោងកំណត់ឱ្យផ្ទះដែលសាងសង់ថ្មីទាំងអស់ត្រូវដំឡើងបន្ទះសូឡា

0

សុខុម

តូក្យូ: រដ្ឋបាលក្រុងតូក្យូ នៃប្រទេសជប៉ុន បានប្រកាសកាលពីថ្ងៃសុក្រ សប្ដាហ៍មុនថា ខ្លួនមានគោលបំណងអនុវត្តប្រព័ន្ធថ្មីមួយចាប់ពីខែមេសា ឆ្នាំ២០២៥ ដែលនឹងតម្រូវឱ្យក្រុមហ៊ុនសាងសង់ផ្ទះ និងក្រុមហ៊ុនអភិវឌ្ឍន៍ដំឡើងបន្ទះសូឡា (បន្ទះស្រូបពន្លឺព្រះអាទិត្យ) នៅលើអគារ និងផ្ទះថ្មីៗ។

យោងតាមក្រុមមន្ត្រីរដ្ឋបាលក្រុងនេះឱ្យដឹងថា ចំណាត់ការនេះអាចធ្វើឱ្យតូក្យូ ក្លាយជាទីក្រុងដំបូងគេក្នុងប្រទេសជប៉ុន ដែលតម្រូវឱ្យដំឡើងបន្ទះសូឡានៅលើផ្ទះសាងសង់ថ្មីទាំងអស់។ ប្រព័ន្ធនេះត្រូវបានរំពឹងថានឹងគ្របដណ្តប់លើក្រុមហ៊ុនសាងសង់ផ្ទះធំៗប្រមាណ៥០។

រដ្ឋបាលក្រុងតូក្យូ នឹងដាក់ជូនសំណើនេះទៅកាន់សភាក្រុងតូក្យូ អំឡុងសម័យប្រជុំរបស់ខ្លួននៅខែធ្នូ ខាងមុខ។

លោកស្រី Yuriko Koike ចៅហ្វាយក្រុងតូក្យូ បានថ្លែងក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃសុក្រ សប្ដាហ៍មុនថា “ការទទួលបានការយោគយល់ និងកិច្ចសហប្រតិបត្តិការពីប្រជាពលរដ្ឋ និងបណ្ដាប្រតិបត្តិករអាជីវកម្ម គឺមិនអាចខ្វះបានឡើយសម្រាប់ការដំណើរការប្រព័ន្ធនេះដោយរលូន”។

លោកស្រីបានបន្ថែមថា រដ្ឋបាលក្រុងតូក្យូ នឹងធ្វើការកែលម្អកម្មវិធីឧបត្ថម្ភធនដើម្បីឱ្យប្រព័ន្ធនេះត្រូវបានអនុវត្តយ៉ាងទូលំទូលាយ។

ប្រព័ន្ធថ្មីនេះនឹងត្រូវអនុវត្តទៅលើផ្ទះថ្មី និងអគារដែលមានផ្ទៃជាន់សរុបតិចជាង២.០០០ម៉ែត្រការ៉េ ដោយមិនរាប់បញ្ចូលផ្ទះដែលមានផ្ទៃដំបូលតិចជាង២០ម៉ែត្រការ៉េនោះឡើយ៕ Japan Times៕

LEAVE A REPLY

Please enter your comment!
Please enter your name here