លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងលើកឡើងពីប្រភេទដីដែលទទួលបានផលចំណេញពីការវិនិយោគ

0

ដោយៈ គង់ សូរិយា

       ភ្នំពេញៈ លោកឧកញ៉ាគីម ហ៊ាង ប្រធាន KW Cambodia បានបង្ហើបឲ្យដឹងថា ការវិនិយោគដីធ្លីលើប្រភេទដីមួយចំនួន មានឱកាសចំណេ​ញខ្ពស់ ស្របពេលផលចំណេញពីការវិនិយោគបានធ្លាក់ចុះ។

លោកឧកញ៉ាបានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា ដីសម្រាប់កសិកម្ម ជាប្រភេទដីបម្រើដល់ការដាំដុះ ដោយលោកយល់ថា ប្រសិនបើទិញដីកសិកម្ម ដើម្បីចំណេញ គឺជាគំនិតខុសមួយ ព្រោះតែដីកសិកម្ម មានចំនួនច្រើន និងទំហំធំណាស់។

លោកបន្តថា ដីសម្រាប់អភិវឌ្ឍន៍លើវិស័យទេសចរណ៍ ជាប្រភេទដីដែលអាចបម្រើដល់ វិស័យទេសចរណ៍ ស្ថិតនៅតំបន់ដែលមានមនុស្សទៅកំសាន្តច្រើន ដូចជាភ្នំ ទន្លេ និងសមុទ្រ។ ដីទេសចរណ៍នៅជិតតំបន់ភ្នំ មិនងាយឡើងថ្លៃ ព្រោះជាទូទៅដីនៅតាមតំបន់ភ្នំ មានទំហំធំរាប់ហិចតា។

ប៉ុន្តែបើដីសម្រាប់ទេសចរណ៍ ស្ថិតនៅជិតទន្លេ និងសមុទ្រ អាចឡើងថ្លៃ ព្រោះមានចំនួនតិច។ ចំណែក ដីដែលអាចចំណេញខ្ពស់ គឺដីឧស្សាហកម្ម និងដីសម្រាប់លំនៅដ្ឋាន។

លោកឧកញ៉ាគីម ហ៊ាងបានបង្ហើបថា ដីសម្រាប់ឧស្សាហកម្ម គឺដីដែលអាចធ្វើរោងចក្រ សហគ្រាស។ វាជាប្រភេទដីឡើងថ្លៃលឿន ដោយ​សារការសាងសង់រោងចក្រ នាំមកនូវលំហូរមនុស្ស នោះសកម្មភាពសេដ្ឋកិច្ចក៏មានច្រើន នោះដីប្រាកដជាឡើងថ្លៃ។

ចំណែកដីលំនៅដ្ឋាន ជាប្រភេទដីដែលអាចសាងសង់លំនៅដ្ឋាន បុរី ជាដើម។ ដីប្រភេទនេះឡើងថ្លៃជាប្រចាំ ហើយងាយស្រួលលក់ចេញវិញ ដោយទទួលបានប្រាក់ចំណេញខ្ពស់បំផុត។

លោកបញ្ជាក់ថា “ដីលំនៅដ្ឋាន ជាដីចំណេញ និងងាយលក់។ ចំណែ​កដីឧស្សា​ហកម្ម ក៏ចំណេញដែរ តែនៅចាញ់ប្រភេទដីលំនៅដ្ឋាន។ ដីសំរាប់បំរើសេវាកម្ម ទេសចរណ៍ ទាល់តែជាប់សមុទ្រ ជាប់ទន្លេ។ រីឯដីកសិកម្មទិញហើយ៥ឆ្នាំ លក់មិនដាច់ទេ”។

លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងបានបន្តថា បើសិនជាដីស្ថិតនៅជាប់ផ្លូវល្បឿនលឿន មិនត្រឹមតែមិនចំណេញទេ តែនឹងជាប់គាំង ព្រោះផ្លូវល្បឿនលឿន មិនអនុញ្ញាតឱ្យមានការឈប់សម្រាកឡើយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here