ដោយៈ សុខុម
ហុងកុង: អ្នកទិញអាផាតម៉ិននៅទីក្រុងហុងកុង ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ កំពុងប្រឈមការខាតបង់ធ្ងន់ធ្ងរ ប្រសិនបើពួកគេសម្រេចចិត្តលក់ផ្ទះចេញវិញក្នុងពេលនេះ។
ទីផ្សារលំនៅដ្ឋានក្នុងទីក្រុងនេះ កំពុងដាំក្បាលចុះ អត្រាការប្រាក់ហក់ឡើង ស្របពេលសេដ្ឋកិច្ចសំយ៉ុងក្បាលចុះ ហើយពលរដ្ឋសម្រុកចាកចេញពីក្រុងនេះ។
-->

ជាការពិតណាស់ ម្ចាស់ផ្ទះខ្លះដែលបានទិញផ្ទះ ក្នុងតម្លៃខ្ពស់បានបង្ខំចិត្តលក់ផ្ទះចេញវិញ ក្នុងតម្លៃទាបកាលពីពេលថ្មីៗនេះ នោះមានន័យថា ពួកគេលក់ខាតដើម។ នេះបើយោងតាមសារព័ត៌មាន South China Morning Post ចុះផ្សាយនៅថ្ងៃពុធ ទី១៤ ខែកញ្ញា។
លោក Derek Chan ប្រធានផ្នែកស្រាវជ្រាវនៅក្រុមហ៊ុនអចលនទ្រព្យ Ricacorp Properties លើកឡើងថា ម្ចាស់ផ្ទះជាច្រើនដែលបានទិញផ្ទះក្រោយពាក់កណ្ដាលឆ្នាំ២០១៧ ជាពេលដែលតម្លៃផ្ទះហក់ឡើងខ្ពស់ជាងកម្រិតតម្លៃបច្ចុប្បន្ន ប្រឈមការខាតបង់ធ្ងន់ធ្ងរដូចគ្នា ប្រសិនបើពួកគេត្រូវលក់ផ្ទះចេញវិញនៅពេលនេះ។
យោងតាមទិន្នន័យចុះបញ្ជីដីធ្លី ដែលប្រមូលចងក្រងដោយទីភ្នាក់ងារអចលនទ្រព្យ Midland Realty បានបង្ហាញថា ផ្ទះឯកជនសរុបចំនួន៣២៧.៤១៩យូនីត ស្ថិតក្នុងប្រភេទផ្ទះដែលមានតម្លៃ ខ្ទង់៧៥០.០០០ដុល្លារអាមេរិក ហើយសុទ្ធតែប្រឈមនឹងការខាតបង់។

លោក Derek Chan គូសបញ្ជាក់ថា “កត្តាអវិជ្ជមាននានាដូចជាសង្គ្រាមពាណិជ្ជកម្មអាមេរិក-ចិន ចលាចលសង្គម វិបត្តិកូវីដ-១៩ និងការដំឡើងអត្រាការប្រាក់ បានធ្វើឱ្យតម្លៃអចលនទ្រព្យដាំក្បាលចុះ។ ដូចនេះ អ្នកដែលបានទិញផ្ទះក្នុងតម្លៃខ្ពស់ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ គឺមានឱកាសខ្ពស់ក្នុងការខាតបង់”៕ South China Morning Post៕