ដោយៈគង់ សូរិយា
ភ្នំពេញៈ អ្នកជំនាញជើងចាស់ ក្នុងវិស័យអចលនទ្រព្យនិងសេដ្ឋកិច្ចបានលើកឡើងថា អ្នកវិនិយោគចិននឹងត្រលប់មកកម្ពុជាវិញ នៅពេលខាងមុខ ស្របពេលស្ថានភាពបច្ចុប្បន្ន នៅតែមានសភាពស្ងប់ស្ងាត់នៅឡើយ។
អ្នកនាងអាន សុធីតាអគ្គនាយិកាក្រុមហ៊ុនPropNex Cambodiaបានមានប្រសាសន៍ឲ្យដឹងនាព្រឹកថ្ងៃទី១៥ កញ្ញានេះថា អ្នកវិនិយោគចិននឹងត្រលប់មកវិញនៅពេលខាងមុខ ប៉ុន្តែអាចត្រូវរង់ចាំដល់ឆ្នាំ២០២៣ឬឆ្នាំ២០២៤ខាងមុខ ដោយសារទីផ្សារនេះ នៅតែមានផលចំណេញនៅឡើយ និងមានឱកាសច្រើន។
-->

អ្នកនាងបន្តថា “បច្ចុប្បន្ននិន្នាការទីផ្សារកំពុងសភាពស្ងប់ស្ងាត់ លំហូរពីប្រទេសចិន និងជនបរទេសដទៃទៀតបានស្ងប់ស្ងាត់ ខណៈការវិនិយោគធំៗបានធ្លាក់ចុះខ្លាំងនៅត្រីមាសទី៣នេះ”។ អ្នកនាងបន្តថា “យើងរំពឹងថាអ្នកវិនិយោគចិន និងអ្នកវិនិយោគអន្តរជាតិដទៃទៀត នឹងបន្តមកវិនិយោគនៅកម្ពុជា ខណៈអ្នកវិនិយោគក្នុងស្រុកមួយចំនួន បានស្វែងរកអចលនទ្រព្យ ដែលមានតម្លៃល្អនិងក្រោមទីផ្សារលើសពី៣០ភាគរយឡើង”។
ជាមួយគ្នានេះ ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោកច្រឹក សុខនីមបានមានប្រសាសន៍ឲ្យដឹងនៅថ្ងៃដដែលនេះថា ច្បាស់ណាស់ អ្នកវិនិយោគចិននឹងមកកម្ពុជាវិញ។ ពួកគេនឹងមិនបោះបង់ចោលទ្រព្យរបស់ពួកគេនោះទេ ប៉ុន្តែអ្វីៗត្រូវការពេលវេលាបន្ថែមទៀត ស្របពេលបញ្ហានៅប្រទេសចិនក៏កំពុងកើតមានផងដែរ។

លោកបន្តថា “ទីផ្សារអចលនទ្រព្យនៅតែមានឱកាស និងសក្តានុពលរីកចម្រើនរយៈពេលបវែងបន្តទៀត ហើយផលចំណេញពីការវិនិយោគនៅតែខ្ពស់បើធៀបជាមួយបណ្តាប្រទេសក្នុងតំបន់”។ លោកបន្តថា “យើងស្ថិតនៅក្នុងដំណាក់កាលចាប់ផ្តើមនៅឡើយ ទីផ្សារមិនមានការលំបាកពេក ឬដួលរលំដោយសារវិបត្តិកូវីដ១៩ រយៈពេលបីឆ្នាំនេះឡើយ”។
ជាមួយគ្នានេះ លោកឧកញ៉ាលឹម ហេងអនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា អ្នកវិនិយោគចិនមិនទាន់មកច្រើននៅឡើយទេ ប៉ុន្តែពួកគេបានមកបណ្តើរៗហើយ ដោយភាគច្រើន បានផ្តោតការវិនិយោគទៅលើវិស័យកសិកម្ម និងផលិតកម្មដើម្បីនាំចេញដោយរួចពន្ឋទៅកាន់ប្រទេសចិន បន្ទាប់ពីកម្ពុជាបានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយចិន និងការចូលជាធរមាននៃកិច្ចព្រមព្រៀងRCEP។

លោកបន្តថា “ទំនាក់ទំនងល្អរវាងមេដឹកនាំទាំងពីរ និងគោលនយោបាយខ្សែក្រវ៉ាត់១ ផ្លូវ១របស់ចិនទៅកាន់ពិភពលោក នឹងជម្រុញឲ្យចិនមកវិនិយោគនៅកម្ពុជានាពេលខាងមុខកាន់តែច្រើន”៕