សកម្មភាពវិនិយោគអចលនទ្រព្យនៅតាមបណ្ដោយផ្លូវ៥១ចាប់ផ្ដើមមានសញ្ញាវិជ្ជមានឡើងវិញ

0

ដោយៈ វឌ្ឍនៈ

កណ្តាល/ កំពង់ស្ពឺៈ នៅក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ចាប់តាំងពីពាក់កណ្ដាលត្រីមាសទី២ឆ្នាំ ២០២២ សកម្មភាពវិនិយោគអចលនទ្រព្យ និងដោះដូរ នៅក្នុងតំបន់តាមបណ្ដោយផ្លូវ៥១ ត្រូវបានមើលឃើញថាចាប់ផ្ដល់មានសកម្មភាពឡើងវិញ។

សកម្មភាពវិនិយោគ និងការដោះដូរអចលនទ្រព្យនៅតំបន់នេះ បានស្ថិតនៅក្នុងសភាពទ្រឹងមួយរយៈ ដោយសារតែវិបត្តិកូវីដ១៩ និងវិបត្តិដែលបណ្ដាលមកពីសង្គ្រាមរវាងរុស្ស៊ីនិងអ៊ុយក្រែន។

លោកផូន សុអុនដែន ប្រធានផ្នែកទីផ្សារនៃក្រុមហ៊ុនអចលនទ្រព្យkh Land ប្រចាំតំបន់ផ្លូវ៥១ ប៉ែកខាងលិចរាជធានីភ្នំពេញបានឱ្យដឹងថា មួយរយៈចុងក្រោយនេះ យើងពិជាបានមើលឃើញថាតំបន់ផ្លូវ៥១ មានសកម្ម​ភាពវិនិយោគឡើងវិញច្រើនមែន ដែលកាលពីមុនមានដែរតែមានចំនួនតិចប៉ុណ្ណោះ ។

លោកបន្តថា “បច្ចុប្បន្ន យើងឃើញមានក្រុមហ៊ុនអភិវឌ្ឍន៍សួនឧស្សាហកម្មធំៗ នៅតាមផ្លូវ៥១បានសម្រុក ក្នុងការសាងសង់ឃ្លាំងដើម្បីផ្គត់ផ្គត់ដល់តម្រូវការរបស់អតិថិជន ដែលស្វែងរកទីតាំងវិនិយោគ”។លោក​បន្តថា“នៅពេលមានការវិនិយោគច្រើន ទៅលើតំបន់ឧស្សាហកម្ម រោងចក្រ សហគ្រាសនានាបែបនេះ ក៏មានអ្នកអភិវឌ្ឍលំនៅឋាននៅតាមបណ្ដោយផ្លូវ៥១ក៏ចាប់ផ្ដើមដូចគ្នាដែរ ដោយពួកគេបានចូលទៅកាន់តំបន់នោះ បន្តគម្រោងដែលបានផ្អាឬបន្ថយសកម្មភាព”។

លោកបន្តទៀតថា សព្វថ្ងៃមានអ្នកស្វែងរកទិញផ្ទះ និងដីឡូត៏ ដើម្បីទុកវិនិយោគច្រើន និងមានអ្នកទិញដើម្បីអភិវឌ្ឍន៍ ក៏ដូចជា ទិញទុកសម្រា​ប់ស្នាក់នៅក៏ច្រើន ដែលជាការបញ្ជាក់ឱ្យឃើញថា តំបន់នេះចាប់ផ្ដើមមានសកម្មភាពកាន់ខ្លាំងឡើងវិញ ជាពិសេសនៅអំឡុងក្រោយបុណ្យចូលឆ្នាំខ្មែរ ឆ្នាំ ២០២២នេះ។

ជាមួយគ្នានេះ លោកច្រឹក សុខនីមប្រធានសមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលវត្ថុកម្ពុជា បានថ្លែងកាលពីពេលថ្មីៗនេះឱ្យដឹងថា ពេលនេះជាពេលវេលាដែលអ្នកជំនាញ និងភ្នាក់ងារអចលវត្ថុកម្ពុជា ត្រូវត្រៀមខ្លួនក្នុងការស្វាគមន៍ ការវិនិយោគថ្មីនៅក្នុងវិស័យអចលនទ្រព្យឡើងវិញ ក្រោ​យពីវិស័យនេះ ត្រូវបានជួបប្រទះនឹងបញ្ហា អស់រយៈពេលជាង២ឆ្នាំកន្លង ដោយសារតែកូវីដផង និងដោយសារតែសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែនផង ។

លោកបន្ត នៅចុងឆ្នាំ២០២២ ឬដើមឆ្នាំ២០២៣ខាងមុខនេះ លោករំពឹងថាវិស័យដីធ្លី និងអចលនទ្រព្យទាំងមូលនៅក្នុងប្រទេសកម្ពុជា អាចមានកំណើនឡើងវិញ ទាំងសកម្មភាពវិនិយោគរបស់វិនិយោគិន ក្នុងស្រុក និងវិនិយោគរបស់វិនិយោគិនមកពីខាងក្រៅប្រទេស ហើយស្ទើរតែគ្រប់ផ្នែកនៃវិស័យអចលនទ្រព្យនឹងមានដំណើរការល្អប្រសើរវិញផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here