ប្រធានCVEAអះអាងថា កម្ពុជាមានឱកាសនិងសក្តានុពលច្រើន សម្រាប់ការវិនិយោគ

0

ដោយៈ គង់ សូរិយា

       ភ្នំពេញៈ ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា(CVEA)លោកច្រឹក សុខនីមបានមានប្រសាសន៍ថា ទីផ្សារអចលនទ្រព្យកម្ពុជា ទើបជាដំណាក់កាលចាប់ផ្តើមនៅឡើយទេ ដែលធ្វើឲ្យប្រទេសនេះនៅមានឱកាស និងសក្តានុពលវិនិយោគច្រើន។

លោកបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទ កាលពីថ្ងៃទី១៥ កញ្ញាកន្លងមកថា ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ឋធំៗកម្រិតជាតិ ជាការជម្រុញនូវសកម្មភាពសេដ្ឋកិច្ចឲ្យមានភាពរីកចម្រើន ជាក់ស្តែងរដ្ឋាភិបាលនៅតែមានគោលនយោបាយពង្រីកក្រុង កសាងទីក្រុងថ្មី និងពង្រីកផ្លូវក្រវ៉ាត់ក្រុងទី៣ ទី៤ជាបន្តបន្ទាប់ ដែលនេះជាការគាំទ្ររបស់រដ្ឋាភិបាល ក្នុងការជម្រុញការរីកចម្រើនវិស័យអចលនទ្រព្យផង និងសេដ្ឋកិច្ចទាំងមូលផង។

លោកបន្តថា “ការអភិវឌ្ឍរាជធានីភ្នំពេញបាន និងកំពុងបន្ត ជាមួយនឹងកំនើននៃការវិនិយោគពីវិនិយោគិនជាតិ និងអន្តរជាតិ បើទោះជាលំហូរទុនវិនិយោគពីបរទេសស្ងប់ស្ងាត់បន្តិចក្តី ប៉ុន្តែពួកគេ(អ្នកវិនិយោគចិន)នឹងត្រលប់មកវិញ”។ លោកបន្តថា “យើងសង្កេតឃើញរយៈពេល១០ឆ្នាំម្តង សេដ្ឋកិច្ចតែងតែប្រឈមនឹងវិបត្តិ ហេតុនេះការងើបសេដ្ឋកិច្ចឡើងវិញបន្ទាប់ពីវិបត្តិ នឹងជាឱកាសសម្រាប់អ្នកវិនិយោគ”។

លោកច្រឹក សុខនីមបានបន្តថា គោលនយោបាយសេដ្ឋកិច្ច ដែលបានដាក់ចេញច្បាប់បទដ្ឋានគតិយុត្តិនានា ត្រូវបានរាជរដ្ឋាភិបាលបាននិងកំពុងសម្រួល ដើម្បីលើកកំពស់បរិយាកាសវិនិយោគ។ ជាមួយគ្នានេះ បណ្តាញផ្លូវគមនាគមន៍បាននិងកំពុងពង្រីក និងជម្រុញការវិនិយោគ ដែលនេះជាកត្តាសំខាន់ក្នុងការជម្រុញ និងលើកកំពស់សុខភាពក្នុងវិស័យនេះ ឲ្យកាន់​តែមានភាពល្អប្រសើរឡើង៕

LEAVE A REPLY

Please enter your comment!
Please enter your name here