លោកគុយ វ៉ាតៈសកម្មភាពធុរកិច្ចក្នុងប្រទេសចាប់ផ្ដើមមានកំណើនកាន់តែប្រសើរក្រោយវិបត្តិកាន់តែធូរស្រាល

0

ដោយៈ វឌ្ឍនៈ

ភ្នំពេញៈ សកម្មភាពធុរកិច្ច និងមុខជំនួញមិនតែនៅកម្ពុជា និងនៅ បណ្ដាប្រទេសជាច្រើន បានជួបប្រទះនឹងបញ្ហាដោយសារតែវិបត្តិកូវិដ១៩ និងក្រោយមកទៀត ក៏ជួបជាមួយនឹងវិបត្តិសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន ។

ប៉ុន្តែស្ថានភាពនេះ ចាប់ផ្ដើមងើបឡើងវិញ និងមានសកម្មភាពជាបន្តបន្ទាប់ឡើងវិញ ក្រោយពីវិបត្តិកូវីដ១៩បានប្រសើរឡើង ទាំងនៅកម្ពុជានិងក្របខណ្ឌសកល ។

លោកគុយ វ៉ាត ម្ចាស់ជំនួញជាច្រើននៅក្នុងប្រទេសកម្ពុជាបានលើកឡើងនៅព្រឹក ថ្ងៃទី១៦ ខែ កញ្ញា ឆ្នាំ២០២២នេះថា បច្ចុប្បន្នសកម្មភាពធុរកិច្ច និងមុខជំនួញក៏ដូចជា សកម្មភាពវិនិយោគលើវិស័យនានា បានប្រសើរឡើងវិញហើយ និងជាពេលវេលាដែលត្រូវបង្កើនល្បឿន នៃការវិនិយោគនិងធ្វើសកម្មភាពកាន់តែខ្លាំងឡើងវិញ បន្ទាប់ពីវិបត្តិមានភាពធូរស្រាល ។

លោកបន្តថា “ពេលនេះវិស័យឯកជន ធុរជនក្នុងប្រទេស និងក្រៅប្រទេសចូលមកកម្ពុជា ចាប់ផ្ដើមមានកំណើនឡើងវិញ ក្រោយពីស្ថានភាពបានធូរស្រាលឡើងវិញ ដែលជាសញ្ញានៃការជំរុញល្បឿនសេដ្ឋកិច្ចកម្ពុជា ឱ្យមានសន្ទុះងើបឡើងវិញ”។ លោកបន្តថា “ការរីកចម្រើនសេដ្ឋកិច្ចអាចកាត់បន្ថយអត្រានៃភាពក្រីក្ររបស់ប្រជាជនកម្ពុជា បង្កើនប្រាក់ចំណូលដល់ពួកគាត់ឡើងវិញ និងជាពិសេសគឺការបើកអាជីវកម្មថ្មីៗ ដូចជាវិស័យអចលនទ្រព្យនិងមូលបត្រជាដើម”។

លោកបន្ថែមថា ការលូតលាស់ផ្នែកសេដ្ឋកិច្ចនេះ  បានធ្វើឱ្យប្រទេសកម្ពុជា ស្ថិតក្នុងចំណោមប្រទេសមួយ ដែលមានចំណាត់ថ្នាក់ល្អបំផុតនៃការរីកចម្រើនផ្នែកសេដ្ឋកិច្ច ធៀបនឹងប្រទេសជាច្រើនលើពិភពលោក ។នេះក៏ដោយសារតែសន្តិភាព និងស្ថិរភាពនយោបាយ ។

លោកគុយ វ៉ាតបានបន្ថែមទៀតថា ក្នុងចំណោមវិស័យជាច្រើនលោកជឿជាក់ថា វិស័យអចលនតទ្រព្យ គឺជាវិស័យមួយដែលនឹងរុញកំណើនសេដ្ឋកិច្ចកម្ពុជាបានឆាប់រហ័ស ក្នុងនោះដែរគ្រាន់តែក្រុមហ៊ុនដែលស្ថិតនៅក្នុងដៃរបស់លោកកាន់កាប់ មានក្រុមហ៊ុនអចលនទ្រព្យជាង៣០ក្រុមហ៊ុនទៅហើយ ហើយក្រុមហ៊ុនទាំងនោះ នឹងក្លាយជាក្រុមហ៊ុនដែលឈានមុខគេនៅក្នុងតំបន់ និងសកលលោករយៈពេលអនាគតដ៏ឆាប់ខាងមុខ។

លោកបញ្ជាក់បន្តថា “នៅពេលវិស័យអចលនទ្រព្យរីកចម្រើន វានឹងទាញឱ្យវិស័យផ្សេងៗទៀត ឲ្យរីកចម្រើនទៅតាមនោះដែរ”។ លោកបន្ថែមថា “ជាក់ស្ដែងនៅពេលវិស័យនេះបានរីកចម្រើនខ្លាំង នឹងផ្ដល់ធ្វើឱ្យវិស័យធនាគាររីកចម្រើន ហើយក្រុមហ៊ុនអចលនទ្រព្យមួយទៀត នឹងឈានចូលក្នុងផ្សារហ៊ុន ដែលរុញឱ្យវិស័យមូលបត្រកម្ពុជា មានការរីកចម្រើនទៅតាមនោះដែរ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here