អ្នកជំនាញ៖ ការវិនិយោគលើលំនៅឋាននាពេលបច្ចុប្បន្ននេះហាក់មិនសូវហុចផលចំណេញច្រើនឡើយ

0

ដោយ៖ សុផារី

ភ្នំពេញ៖ ផលប៉ះពាល់ពីវិបត្តិជំងឺ និងវិបត្តិសកល បានធ្វើឱ្យជះឥទ្ធិពលដល់ជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។ ក្នុងស្ថានភាពបែបនេះ អ្នកជំនាញបានអះអាងថា ការវិនិយោគលើលំនៅឋាននាពេលបច្ចុប្បន្ននេះហាក់មិនសូវហុចផលចំណេញច្រើនឡើយ។

លោកឧកញ៉ា នួន រិទ្ធី អគ្គនាយកនៃក្រុមហ៊ុនអចលនទ្រព្យ KFA បានលើកឡើងថា ការពិតក្នុងស្ថានភាពសេដ្ឋកិច្ចបែបនេះ ការវិនិយោគលើលំនៅដ្ឋាន មិនសូវផ្តល់ផលចំណេញនោះទេ ដោយសារតែតម្រូវការនៃទិញដូរ មិនសូវមានការគាំទ្រច្រើនពីស្ថាប័នធនាគារ។

លោកឧកញ៉ាបានឱ្យដឹងទៀតថា “កន្លងទៅអ្នកទិញលំនៅដ្ឋាន ដែលទិញវិនិយោគដើម្បីចំណេញបាន ដោយសារតែពួកគេអាចខ្ចីពីធនាគារ ដោយមានលុយទិញផ្ទះមួយទៅកក់បានផ្ទះ៥ រួចបង់រំលោះតាមក្រោយ ហើយពេលនោះចំពេលចរន្ដសេដ្ឋកិច្ចល្អ”។

យ៉ាងណាក្តី លោកឧកញ៉ាបញ្ជាក់ថា នៅក្នុងដំណាក់កាលសេដ្ឋកិច្ចកម្ពុជារយៈពេល៣ឆ្នាំនេះ ភាពមិនប្រាកដប្រជា ដែលនឹងអូសបន្លាយទៅមុខ ដោយសារជំងឺកូវីដ-១៩ និងវិបត្តិសង្គ្រាម ព្រមទាំងការចែកប្លុកនៃប្រទេសមហាអំណាច បានធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចទាំងមូល និងប៉ះពាល់ដល់លំហូរសេដ្ឋកិច្ចកម្ពុជាផងដែរ​។

លោកគូសបញ្ជាក់ថា “លំនៅដ្ឋានជាជម្រើសមួយ ហើយមុននឹងគិតពីលំនៅដ្ឋាន ត្រូវគិតអំពីការហូបចុក ការសិក្សាកូនចៅ។ ក្នុងដំណាក់កាលនេះ ឃើញហើយថា អ្នកសាងសង់ ក៏លក់ពុំមិនសូវបាន ហើយមានចំនួនតិចណាស់ដែលលក់បាន។ បើលក់បានដោយសារតែមានតម្រូវការចាំបាច់ ក្នុងការទិញលំនៅដ្ឋាន”។

លោកបន្តថា “ដោយឡែក លំនៅដ្ឋានតម្លៃមធ្យម និងទាប ឃើញថា ក៏មិនមានទីតាំងនៅទីប្រជុំជន ទីក្រុងផងដែរ ដែលភាគច្រើននៅតំបន់ជាយក្រុង ឬក្រវាត់ក្រុងជាដើម ដូច្នេះអ្នកខ្លះក៏មិនសូវចង់បាន។ តម្រូវការមិនដូចនៅពេលមានសេដ្ឋកិច្ចល្អ ដែលម្នាក់ៗគិតថា នៅកន្លែងណាក៏បាន ព្រោះគិតថាងាយស្រួលលក់”៕

LEAVE A REPLY

Please enter your comment!
Please enter your name here