ដោយ គង់ សូរិយា
ភ្នំពេញ៖ រដ្ឋាភិបាលតាមរយៈប្រធានសភាមុខរបរនិងមីក្រូសហគ្រាសកម្ពុជា បានស្នើឲ្យសិស្ស និស្សិត និងអាជីវករទាំងអស់ ឲ្យបន្តបង្កើតបង្កើនមុខរបរ ឬអាជីវកម្មរបស់ខ្លួនបន្ថែមទៀត ដោយមានសភាមុខរបរ និងមីក្រូសហគ្រាសកម្ពុជារង់ចាំជួយជានិច្ច។
លោកស៊ុន គន្ធរ រដ្ឋមន្ត្រីប្រតិភូ អមនាយករដ្ឋមន្ត្រី និងជាប្រធានសភាមុខរបរ និងមីក្រូសហគ្រាសកម្ពុជាបែបនេះ បានធ្វើឡើងក្នុងសិក្ខាសាលាស្តីពីទស្សនវិស័យ បញ្ហាប្រឈម និងឱកាស នៃការអភិវឌ្ឍ សហគ្រាស មីក្រូធុនតូច និងមធ្យមនៅកម្ពុជានៅតាមគ្រឹះស្ថានឧត្តមសិក្សានាភូមិភាគពាយ័ព្យកាលពីដើមសប្តាហ៍នេះថា បើអាជីវករ និងនិស្សិត អាចពង្រីកនិងបង្កើតមុខរបរផ្ទាល់ខ្លួន នោះគឺជាឱកាសក្នុងការបង្កើតបង្កើនចំណូល សម្រាប់សម្របសម្រួលសេដ្ឋកិច្ច និងការអភិវឌ្ឍជីវភាពរស់នៅឲ្យកាន់តែល្អប្រសើរឡើង។ បើប្រជាជនក្នុងមូលដ្ឋានមានមុខរបរ មានចំណូលនោះ ក៏ជាការចូលរួមក្នុងការអភិវឌ្ឍកំណើនសេដ្ឋកិច្ចជាតិផងដែរ។
លោកបន្តថា “យើងមានអ្នកជំនាញចាំជួយបំពាក់បំប៉ន និងលើកទឹកចិត្តដើម្បីឲ្យនិស្សិតអាចបង្កើតមុខរបរផ្ទាល់ខ្លួន ហើយអាជីវករអាចពង្រីកមុខរបររបស់ខ្លួនបាន។
ប្រមុខរដ្ឋាភិបាលកម្ពុជា សម្តេចតេជោហ៊ុន សែនកាលពីពាក់កណ្តាលឆ្នាំនេះ បានប្រកាសបង្កើតធនាគារសម្រាប់ជួយដល់វិស័យសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ដោយគ្រោងចំណាយទុន១០០លានដុល្លារដើម្បីបង្កើតធនាគារនេះ។
ជាមួយគ្នានេះ បណ្ឌិតសួង ណយ អគ្គលេខាធិការរង នៃគណៈកម្មាធិការជាតិជំរុញចលនាភូមិ១ផលិតផល១ ក៏បានចូលរួមធ្វើបទបង្ហាញ និងចែករំលែកចំណេះដឹង អំពីផែនការអាជីវកម្ម ការចាប់ផ្តើមអាជីវកម្ម និងលក់ផលិតផលក្នុងស្រុក ដល់អ្នកចូលរួមឲ្យបានយល់បន្ថែមអំពីឱកាស នៃកិច្ចដំណើរការអាជីវកម្មរបស់ខ្លួន ស្របទៅតាមបរិបទសង្គម និងគោលនយោបាយអភិវឌ្ឍន៍ សេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាលកម្ពុជាយើង។
លោកក៏បានបំផុសឲ្យសិស្ស និស្សិត និងអាជីវករ ជាប់ផ្តើមបង្កើតបណ្តាញអាជីវកម្មក្នុងមូលដ្ឋាន ឈានទៅសហការជាមួយដៃគូក្នុងតំបន់ដទៃ ដើម្បីពង្រីកវិសាលភាពនៃការលក់របស់ខ្លួន ឲ្យកាន់តែមានសក្តានុពលប្រកបដោយចីរភាព៕