ចិនអភិវឌ្ឍបច្ចេកវិទ្យាទំនាក់ទំនងក្រោមផ្ទៃទឹកជាង៣ម៉ឺនគីឡូម៉ែត្រការ៉េនៅសមុទ្រចិនខាងត្បូង

0

ដោយ៖ សុខុម

ប៉េកាំង: ក្រុមអ្នកស្រាវជ្រាវចិន ទម្លាយឱ្យដឹងថា ពួកគេបានបង្កើត និងសាកល្បងដោយជោគជ័យនូវបច្ចេកវិទ្យាទំនាក់ទំនងក្រោមផ្ទៃទឹករយៈចម្ងាយឆ្ងាយនៅសមុទ្រចិនខាងត្បូង។

យោងតាមសារព័ត៌មាន South China Morning Post ចុះផ្សាយកាលពីថ្ងៃសៅរ៍ ទី១៧ ខែកញ្ញា ឱ្យដឹងថា បច្ចេកវិទ្យានេះអនុញ្ញាតឱ្យនាវាមុជទឹក និងដ្រូន (យន្តហោះគ្មានមនុស្សបើក) នៅតែអាចទំនាក់ទំនងគ្នាបានក្នុងចម្ងាយរហូតដល់ទៅជាង៣០.០០០គីឡូម៉ែត្រការ៉េ ដែលប្រហាក់ប្រហែលនឹងផ្ទៃដីនៃប្រទេសបែលហ្ស៊ិក។

ក្រុមអ្នកស្រាវជ្រាវនៅភាគពាយព្យនៃប្រទេសចិន ខាងលើនេះបានអះអាងថា ឧបករណ៍ស្តាប់សំឡេងបានចាប់សញ្ញាសំឡេងពីចម្ងាយ១០៥គីឡូម៉ែត្រក្នុងទឹកជម្រៅរហូតដល់ទៅ២០០ម៉ែត្រ អំឡុងពេលធ្វើតេស្តសាកល្បង។

អត្រានៃការបញ្ជូនទិន្នន័យបានឈានដល់ជិតដល់២០០ប៊ីត (Bits) ក្នុងមួយវិនាទី (bps) ដែលមានសមត្ថភាពបញ្ជូនស្មើនឹងវិទ្យុហ្វ្រេកង់ទាប ដែលបញ្ជាការកងទ័ពជើងទឹកប្រើប្រាស់ដើម្បីបញ្ជូនសញ្ញាទៅកាន់នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរដោយប្រើអង់តែនលើដីគោកដ៏ធំបំផុតរបស់ពិភពលោក។

អ្នកស្រាវជ្រាវទាំងនេះនិយាយថា ទោះបីជាមានសំឡេងរំខានខ្លាំងនៅផ្ទៃខាងក្រោយយ៉ាងណាក្ដី ក៏សារដែលទទួលបានគឺមិនមានកំហុសឡើយ។

សាស្ត្រាចារ្យវិទ្យាសាស្ត្រ Liu Songzuo ដែលជាប្រធានគម្រោងនៃសកលវិទ្យាល័យ Harbin Engineering University ជាសកលវិទ្យាល័យមួយរបស់ចិន ដែលបានទទួលរងការដាក់ទណ្ឌកម្មពីសហរដ្ឋអាមេរិក និយាយថា លទ្ធផលនៃការពិសោធក្នុងសមុទ្រចិនខាងត្បូង នេះបានបង្ហាញពី “ប្រសិទ្ធភាព និងដំណើរការដ៏ល្អ” នៃបច្ចេកវិទ្យាថ្មីនេះនៅក្នុងការបង្កើនចម្ងាយ និងប្រសិទ្ធភាពនៃការទំនាក់ទំនងក្រោមទឹក។ នេះបើយោងតាមទស្សនាវដ្ដី Acta Acustica ចុះផ្សាយកាលពីថ្ងៃទី៦ ខែកញ្ញា៕ South China Morning Post៕

LEAVE A REPLY

Please enter your comment!
Please enter your name here