ដោយ៖ សុផារី
សៀមរាប៖ ឧទ្យានអាងចិញ្ចឹមត្រីលំដាប់ពិភពលោក Angkor Wildlife & Aquarium លើផ្ទៃដីជាង១០០ហិកតា ក្រោមទុនវិនិយោគសរុប៧០លានដុល្លារអាមេរិក នៅខេត្តសៀមរាប គ្រោងនឹងបើកដំណើរការទទួលស្វាគមន៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិ នាចុងខែតុលាខាងមុខនេះ។
ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៦ ភូមិក្បួន ឃុំខ្ចាស់ ស្រុកសូទ្រនិគម ខេត្តសៀមរាប ក្នុងចម្ងាយប្រមាណ២៦គីឡូម៉ែត្រនៅភាគខាងកើតនៃក្រុងសៀមរាប Angkor Wildlife & Aquarium មានផ្ទៃដីដ៏ធំល្វឹងល្វើយជាង១០០ហិចតា។
យោងតាមទំព័រហ្វេសបុករបស់លោកស្រីទាង អេង ភរិយារបស់លោក ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប បានឱ្យដឹងថា ឧទ្យានអាងចិញ្ចឹមត្រីលំដាប់ពិភពលោក គ្រោងនឹងបើកនៅចុងខែតុលា ឆ្នាំ២០២២ នាពេលខាងមុខនេះហើយ នៅក្នុងខេត្តសៀមរាប ដើម្បីទាក់ទាញភ្ញៀវទេសចរឲ្យបានច្រើន អមជាមួយប្រាសាទអង្គរ។
លោកស្រីឱ្យដឹងថា “ឧទ្យានមួយនេះបង្កើតឡើងដោយ Angkor Wildlife and Aquarium អាងចិញ្ចឹមត្រី និងអាណាចក្រអង្គរ សួនសត្វ នឹងត្រូវសាងសង់លើផ្ទៃដីជាង១០០ហិកតា ជាមួយនឹងទុនវិនិយោគសរុប៧០លានដុល្លារអាមេរិក”។
បើយោងតាមភរិយារបស់លោកអភិបាលខេត្តសៀមរាប ឧទ្យាននេះមានចំណុចពិសេសច្រើន ទីមួយ មានត្រីរាជទម្ងន់ដល់ទៅ១០០គីឡូជាង ដែលជាត្រីទឹកសាបរស់នៅក្នុងទន្លេមេគង្គ ដែលមានរូបរាងប្លែកធំ និងកម្របានឃើញ ទីពីរមានអ្នកជំនាញមើលថែត្រី និងអភិរក្សត្រីប្លែកៗ យ៉ាងយកចិត្តទុកដាក់។ ទីបី កន្លែងនេះនាំមកនូវការអប់រំសម្រាប់ប្រជាជនក្នុងស្រុក និងភ្ញៀវទេសចរអន្តរជាតិដែលមកទស្សនាខេត្តសៀមរាប។
ក្រៅពីអាងពិព័រណ៍ត្រីដ៏ធំអស្ចារ្យ និងស្រស់ស្អាតនៅខាងក្នុង អ្នកទស្សនាក៏អាចមើលឃើញ និងស្វែងយល់ពីជីវិតរស់នៅប្រចាំរបស់សត្វព្រៃយ៉ាងច្រើន ដែលមានដាក់បង្ហាញនៅក្នុងឧទ្យានខាងក្រៅ លើផ្ទៃដីប្រមាណ១០ហិចតាផងដែរ។
គម្រោងនេះផ្ដោតសំខាន់លើការអប់រំ និងលើកកម្ពស់ការអភិរក្សសត្វ ដោយមានអាងពិព័រណ៍ត្រីទឹកសាបមានទំហំ៥០០m3 មានត្រីច្រើនប្រភេទពីដងទន្លេមេគង្គ នៅក្នុងប្រទេសកម្ពុជា ថៃ និងវៀតណាម ព្រមទាំងបឹងនៃព្រៃអាម៉ាហ្សូន និងអាងពិព័រណ៍ត្រីទឹកប្រៃច្រើនប្រភេទ ដែលមានទំហំ៦០០m3៕