អ្នកអភិវឌ្ឍន៍ដីឡូតិ៍ និងលំនៅឋានលំហែកាយពង្រីកគម្រោងទៅកាន់ទឹកដីខេត្តកែបបន្ថែមលើគម្រោងនៅខេត្តកំពត

0

ដោយ៖ វឌ្ឍនៈ

កំពត៖ ខេត្តកំពត និងខេត្តកែប ជាតំបន់មានការទាក់ទាញខ្លាំងទៅលើគម្រោងដីឡូតិ៍ និងលំនៅឋានលំហែកាយ។ មួយរយៈចុងក្រោយនេះ អ្នកអភិវឌ្ឍន៍ដីឡូតិ៍ និងផ្ទះលំហែកាយ នៅតំបន់ទាំងពីរនេះកាន់តែពង្រីកខ្លួនបន្ថែម ជាពិសេសអ្នកអភិវឌ្ឍន៍នៅក្នុងខេត្តកំពតបាន និងកំពុងសម្លឹងមើលពីទីតាំង និងសក្ដានុពល សម្រាប់ពង្រីកគម្រោងបន្ថែមទៀត ទៅកាន់ខេត្តកែប។

លោក កែវ សុជាតិ ប្រធានសាខាក្រុមហ៊ុន KW Kampot បានមានប្រសាសន៍ថា ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ អ្នកអភិវឌ្ឍន៍គម្រោងដីឡូតិ៍ និងផ្ទះលំហែ នៅក្នុងខេត្តកំពតមួយចំនួន បានពង្រីកគម្រោងរបស់ខ្លួន ទៅកាន់ទឹកដីនៃខេត្តកែប ដើម្បីផ្គត់ផ្គង់ជូនអតិថិជន ដែលមានតម្រូវការ។ លោកអះអាងថា ខេត្តកែបនាពេលនេះក៏មានការចាប់អារម្មណ៍ខ្លាំង ពីសំណាក់ប្រជាពលរដ្ឋ ដែលស្វែងរកលំនៅឋាន ឬដីឡូតិ៍លំហែផងដែរ។

លោកបន្តថា បច្ចុប្បន្ននេះ រដ្ឋបាលខេត្តកែបបានអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធបន្ថែម ជាពិសេសឆ្នេរខ្សាច់កម្សាន្តនៅតាមបណ្ដោយឆ្នេរសមុទ្រ ដែលនឹងទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិ បន្ថែមទៀតនៅពេលខាងមុខ។ អ្នកដែលមានលទ្ធភាព អាចស្វែងរកដី សម្រាប់ទុកសង់ផ្ទះលំហែកាយ ដើម្បីមកសម្រាកនៅចុងសប្ដាហ៍ជាមួយគ្រួសារ។ អ្នកមានលទ្ធភាពខ្លះទៀត ក៏ស្វែងរកផ្ទះលំហែ ដែលអភិវឌ្ឍន៍ ដោយក្រុមហ៊ុនឯកជនតែម្ដង។

លោក ជិន ណារិន នាយកប្រតិបត្តិ នៃក្រុមហ៊ុនអចលនទ្រព្យមួយ ប្រចាំខេត្តកំពត និងកែប ក៏បានលើកឡើងថា តាមការសង្កេតជាក់ស្ដែងរបស់លោក ពិតជាបានមើលឃើញថា ខេត្តកែបទទួលបានការចាប់អារម្មណ៍ លើការពង្រីកគម្រោងអភិវឌ្ឍន៍ដីឡូតិ៍ និងផ្ទះលំហែកាយមែន។

លោកថា “កែបក៏មានតំបន់រមណីយដ្ឋានទេសចរណ៍បង្កើតថ្មីៗមួយចំនួន សម្រាប់ភ្ញៀវទេសចរផងដែរ ដូច្នេះអ្នកខ្លះគេចង់សម្រាកនៅកែប ខ្លះចង់សម្រាកនៅកំពត ទៅតាមចំណូលចិត្តរបស់ពួកគេ ប៉ុន្តែសក្ដានុពលនៅកែប នាពេលនេះ នៅមានភាពទូលំទូលាយជាងកំពត”។

 

លោកបន្តថា “សក្ដានុពលខេត្តកែបមានការទាក់ទាញបែបនេះ បានធ្វើឱ្យសកម្មភាពនៃការវិនិយោគ និងអភិវឌ្ឍន៍ នៅក្នុងខេត្តកំពត មានការថមថយបន្តិច។ យ៉ាងណា វាមិនថមថយរហូតដល់ស្ងាត់នោះទេ។ អ្នកអភិវឌ្ឍន៍គម្រោង ដែលមានស្រាប់នៅក្នុងខេត្តកំពត នៅតែបន្តអភិវឌ្ឍគម្រោងរបស់ពួកគេដដែល តែសម្រាប់គម្រោងថ្មីៗនៅមិនទាន់នៅឡើយ”។

លោកបញ្ជាក់ថា អនាគតខេត្តទាំងពីរនេះនឹងកាន់តែមានសក្ដានុពលដូចគ្នា ស្របនឹងសំណង់កំពង់ផែទេសចរណ៍ និងកំពង់ទឹកជ្រៅនៅខេត្តកំពត កំពុងសាងសង់ ផ្លូវតភ្ជាប់ពីរាជធានីភ្នំពេញ មកកាន់ខេត្តកំពត មានភាពស្រួលជាងមុន ហើយពលរដ្ឋធ្វើដំណើរក៏លឿនរហ័សជាងមុន៕

LEAVE A REPLY

Please enter your comment!
Please enter your name here