ដោយៈ វឌ្ឍនៈ
ភ្នំពេញៈ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានមានប្រសាសន៍ថា អតីតឯកអគ្គរាជទូតជប៉ុននៅកម្ពុជាជាច្រើនរូប ក្រោយពេលបញ្ចប់បេសកកម្មការទូតនៅកម្ពុជា ហើយនោះ ពួកគាត់បានវិលមកកម្ពុជា ជាថ្មីទៀតដោយបង្កើតអង្គការ សមាគម និងក្រុមហ៊ុននានា ជួយដល់កម្ពុជាជាពិសេសកៀរគរវិនិយោគិន ចូលមកម្ពុជាដើម្បីវិនិយោគ។
សម្ដេចបានមានប្រសាសន៍បែបនេះ នៅក្នុងពិធីសំណេះសំណាលជាមួយបេក្ខជនជ័យលាភី អាហារូបករណ៍របស់រាជរដ្ឋាភិបាលជប៉ុន កាលពីថ្ងៃទី១៩ កញ្ញា ២០២២នេះ។
-->
សម្តេចក្រឡាហោមស ខេងបានបន្តថា ជប៉ុនជាប្រទេសមួយបានរួមចំណែកយ៉ាងច្រើន ដល់ការស្ដារនិងអភិវឌ្ឍន៍ប្រទេសកម្ពុជា និងថាក្រៅពីបានផ្ដល់ជំនួយនិងកម្ចីជាច្រើនហើយនោះ ជប៉ុនក៏បានបង្កលក្ខណៈឱ្យក្រុមអ្នកវិនិយោគមមក បណ្ដាក់ទុននៅកម្ពុជាជាបន្តបន្ទាប់ដែរ ទាំងសហគ្រាសធនតូចនិងមធ្យម។

សម្ដេចបន្តថា “ពេលនេះជប៉ុនក៏កំពុង ចូលរួមចំណែកអភិវឌ្ឍន៍កំពង់ផែព្រះសីហនុ ហើយក៏មានអង្គការជប៉ុនមួយចំនួន បានកៀរគរជំនួយមកជួយសាងសង់សាលារៀនតាមតំបន់ជនបទនៅកម្ពុជា”។
សម្ដេចបន្ថែមថា អតីតឯកអគ្គរដ្ឋទូតជប៉ុននៅកម្ពុជា ជាច្រើនរូប សម្ដេចកត់សម្គាល់ថា ក្រោយពេលបញ្ចប់បេសកកម្មការទូត នៅកម្ពុជាហើយនោះ ពួកគាត់បានវិលមកកម្ពុជាជាថ្មីទៀត ដោយបង្កើតជាអង្គការ សមាគម និងក្រុមហ៊ុននានា ដើម្បីរួមចំណែកជួយអភិវឌ្ឍប្រទេសកម្ពុជា និងជំរុញការវិនិយោគនៅក្នុងប្រទេសកម្ពុជា តាមរយៈការកៀគរវិនិយោគទុនមកសិក្សាស្វែងយល់ពីស្ថានភាព និងឱកាសប្រកបដោយសក្ដានុពលរបស់កម្ពុជា។
សម្ដេចក៏បានលើកឡើង អំពីការងារកំណែទម្រង់រដ្ឋបាលថ្នាក់ក្រោមជាតិនៅប្រទេសជប៉ុន ដែលមានភាពរីកចម្រើន ច្រើនជាងប្រទេសកម្ពុជា ពិសេសការផ្ទេរមុខងារ សិទ្ធិអំណាច និងធនធាន។ កម្ពុជា ក៏បាននិងកំពុងខិតខំធ្វើការងារនេះដែរ ជាក់ស្ដែងនៅក្នុងការដោះស្រាយបញ្ហាប្រឈមក្នុងកំឡុងពេលកូវីដ-១៩នោះ កម្ពុជាបានទទួលលទ្ធផលជាវិជ្ជមានច្រើនតាមរយៈការចូលរួមកាន់តែសកម្មរបស់រដ្ឋបាលខេត្ត បន្ទាប់ពីថ្នាក់ជាតិបានផ្ទេរការគ្រប់គ្រងវិស័យសុខាភិបាល ។

យោងតាមរបាយការណ៍ របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានបង្ហាញឱ្យដឹងថា គិតត្រឹមខែសីហាឆ្នាំ២០២២ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័ត គម្រោងវិនិយោគរបស់ជប៉ុនចំនួន១៤៩គម្រោង ក្នុងនោះមានទឹកប្រាក់វិនិយោគសរុបប្រមាណ២,៩ពាន់លានដុល្លារអាមេរិក ។
បច្ចុប្បន្ននេះដែរ គម្រោងវិនិយោគជប៉ុនធំៗមួយចំនួនបាន និងកំពុងមានការចាប់អារម្មណ៍ និងគាំទ្រពីសំណាក់ប្រជាពលរដ្ឋកម្ពុជាផងដែរ ដែលធ្វើឱ្យជប៉ុន បន្តដាក់ទុនវិនិយោគបន្ថែមទៀតនៅក្នុងប្រទេសកម្ពុជា ៕