ដោយៈ គង់ សូរិយា
ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់នៃរដ្ឋបាលខេត្តកែប បានបើកកិច្ចប្រជុំពិនិត្យ និងកែសម្រួល សេចក្តីព្រាងចុងក្រោយ នៃផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍(២០២២-២០៣៥)។
លោកបណ្ឌិតសោម ពិសិដ្ឋ អភិបាល នៃគណអភិបាលខេត្តកែប បានដឹកនាំ អភិបាលរងខេត្ត លោកឧត្តមសេនីយ៍ វរសេនីយ៍ស្នងការ មេបញ្ជាការ លោក លោកស្រី ប្រធាន មន្ទីរ អង្គភាពជុំវិញខេត្ត សមាជិកសមាជិកាគណៈកម្មាធិការអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្ត ប្រជុំដើម្បីពិនិត្យ និងផ្តល់យោបល់លើសេចក្តីព្រាងចុងក្រោយ នៃផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍(២០២២-២០៣៥) របស់រដ្ឋបាលខេត្ត នៅសាលប្រជុំសាលាខេត្តកែប។
-->

លោកបណ្ឌិត សោម ពិសិដ្ឋ មានប្រសាសន៍ថា ផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍(២០២២-២០៣៥) របស់ខេត្ត នឹងចង្អុលបង្ហាញពីគម្រោង សកម្មភាពទាំងអស់ ដើម្បីអភិវឌ្ឍន៍ទេសចរណ៍នៅក្នុងខេត្តកែប ក្នុងន័យស្រូបទាញអ្នកវិនិយោគ និងភ្ញៀវទេសចរជាតិ-អន្តរជាតិ ព្រមទាំងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធកាន់តែសម្បូរបែប។
លោកបណ្ឌិត បានបញ្ជាក់ទៀតថា រដ្ឋាភិបាលបានអនុម័តដាក់ឱ្យអនុវត្តនូវឯកសារយុទ្ធសាស្ត្រ សម្រាប់អភិវឌ្ឍវិស័យទេសចរណ៍ នៅក្នុងក្របខ័ណ្ឌទូទាំងប្រទេស ដែលរួមមានជាអាទិ៍ ផែនទីចង្អុលបង្ហាញផ្លូវស្តីពីផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុងនិងក្រោយវិបត្តិជំងឺកូវីដ-១៩ និងគោលនយោបាយជំរុញ ចលនាទេសចរណ៍ផ្ទៃក្នុងឆ្នាំ ២០២១-២០២៣។

លោកបណ្ឌិតសោម ពិសិដ្ឋបានបន្ថែមថា ផែនការនេះមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ ក្នុងខេត្តកែបទាំងមូល ដោយបច្ចុប្បន្ន ផែនការមេនេះ ត្រូវបានរៀបចំជាសេចក្តីព្រាងចុងក្រោយ ដែលត្រូវដាក់ជូនគណៈអភិបាលខេត្ត គណកម្មាធិការអភិវឌ្ឍន៍ទេសចរណ៍ខេត្ត ពិនិត្យ និងកែសម្រួលចុងក្រោយ មុននឹងអាចដាក់ឱ្យអនុវត្តនៅក្នុងពេលឆាប់ៗនេះ។
លោកបន្តថា “ផែនការមេនេះ បានកំណត់តំបន់ដែលត្រូវអភិវឌ្ឍ រួមមានទេសចរណ៍តំបន់ឆ្នេរ ទេសចរណ៍តំបន់កោះ ទេសចរណ៍តំបន់ភ្នំ (ភ្នំវល្លិ ជាតំបន់កសិឧស្សាហកម្ម អេកូទេសចរណ៍ ជាអតីតតំបន់សង្គ្រាមរវាងខ្មែរនិងខ្មែរ) និងទេសចរណ៍នៅតំបន់ទីប្រជុំជនមួយចំនួនទៀតផងដែរ”៕
