ពលរដ្ឋចិនសម្រុកទិញផ្ទះប្រណីត ខណៈទីផ្សារអចលនទ្រព្យក្នុងប្រទេសនេះកំពុងដាំក្បាលចុះ

0

ដោយៈសុខុម

ប៉េកាំងៈ នៅក្នុងទីក្រុងស៊ឹនជិន (Shenzhen) នាភាគខាងត្បូងនៃប្រទេសចិន ជាកន្លែងដែលវិស័យអចលនទ្រព្យ បានដាំក្បាលចុះខ្លាំង ផ្ទះប្រណីតៗ កំពុងតែមានតម្រូវការហក់ឡើងខ្លាំងគួរឱ្យកត់សម្គាល់ ខណៈអ្នកទិញដែលមានទ្រព្យសម្បត្តិច្រើន ស្វែងរកការវិនិយោគមានសុវត្ថិភាពចំពេលទីផ្សារទន់ខ្សោយ។

យោងតាមកាសែត Securities Times ដែលបានចុះផ្សាយកាលពីថ្ងៃច័ន្ទ ទី១៩ ខែកញ្ញាឱ្យដឹងថា នៅក្នុងទីក្រុងស៊ឹនជិន ដែលជាមជ្ឈមណ្ឌលបច្ចេកវិទ្យា ផ្ទះប្រណីតសរុបចំនួន៦០៤យូនីត ក្នុងគម្រោងអភិវឌ្ឍន៍ដែលមិនទាន់បានចាប់ផ្ដើមសាងសង់ នៅឡើយត្រូវបានលក់ Pre-sale ក្នុងតម្លៃខ្ពស់រហូតដល់ទៅ២៣.០៨៧ដុល្លារអាមេរិក ក្នុង១ម៉ែត្រការ៉េ។

ដោយសារផ្ទះប្រណីតទាំងនេះ ក្នុង១យូនីតមានទំហំធំរហូតដល់ទៅ៤២៥ម៉ែត្រការ៉េ ដូចនេះផ្ទះប្រភេទនេះក្នុង១យូនីត អាចមានតម្លៃដល់ទៅ៩,៨លានដុល្លារអាមេរិកឯណោះ។

កាសែតដដែលនេះ បានចុះផ្សាយកាលពីខែឧសភា ថា ផ្ទះជាច្រើនយូនីត នៅក្នុងគម្រោងមួយដែល១យូនីត មានតម្លៃយ៉ាងតិច២,៥៧លានដុល្លារអាមេរិក ត្រូវបានលក់ចេញនៅថ្ងៃចាប់ផ្ដើមបើកលក់ដំបូង។

ទីផ្សារអចលនទ្រព្យក្នុងប្រទេសចិន បានដាំក្បាលចុះយ៉ាងខ្លាំងក្នុង     រយៈពេលប៉ុន្មានខែចុងក្រោយនេះ ដោយតម្លៃផ្ទះបានធ្លាក់ចុះស្រឹបៗ ហើយការលក់ផ្ទះទៀតសោតក៏ស្ងាត់ដូចចោរលួចសេះ បន្ទាប់ពីរដ្ឋាភិបាលក្រុងប៉េកាំង ចាត់វិធានការក្ដៅដើម្បីកាត់បន្ថយបំណុលច្រើន លើសលប់របស់បណ្ដាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ ជាហេតុបង្កឱ្យមានវិបត្តិសាច់ប្រាក់ និងធ្វើឱ្យអ្នកទិញបាត់បង់ទំនុកចិត្តយ៉ាងខ្លាំង។

ទោះជាយ៉ាងណា ទីផ្សារផ្ទះប្រណីតថ្មីៗនៅតែពេញនិយមខ្លាំង ក្នុងចំណោមអ្នកមាន ដោយអ្នកទិញចាត់ទុកវាការវិនិយោគ ដ៏មានសុវត្ថិភាពនៅក្នុងទីផ្សារអចលនទ្រព្យដែលទន់ខ្សោយ៕ Reuters៕

LEAVE A REPLY

Please enter your comment!
Please enter your name here