គម្រោងច្រកទ្វារអន្តរជាតិស្ទឹងបត់និងផ្លូវតភ្ជាប់មកផ្លូវជាតិលេខ៥សម្រេចវឌ្ឍនភាពជិត៦០ភាគរយហើយ

0

ដោយៈ សុផារី

កម្ពុជា-ថៃៈ គិតត្រឹមថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២នេះ គម្រោងរៀបចំច្រកទ្វារអន្តរជាតិស្ទឹងបត់ និងផ្លូវតភ្ជាប់ទៅផ្លូវជាតិលេខ៥ សម្រេចបានវឌ្ឍ​ន​ភាពការងារចំនួន៥៨,៤៨% ហើយ។

នេះបើយោងតាមលទ្ធផលការងារ ដែលត្រូវបានបង្ហើបនៅក្នុងកិច្ចប្រជុំតាមប្រព័ន្ធវីដេអូពីចម្ងាយ នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ ដើម្បីត្រួតពិនិត្យវឌ្ឍនភាព នៃការអនុវត្តគម្រោងរៀបចំ ច្រកទ្វារអន្តរជាតិស្ទឹងបត់ និងផ្លូវតភ្ជាប់ទៅផ្លូវជាតិលេខ៥ ដោយមានការចូលរួមពីលោក យិត បុណ្ណា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោង។

កិច្ចប្រជុំនេះ មានការចូលរួមធ្វើបទបង្ហាញពីទីប្រឹក្សា ត្រួតពិនិត្យបច្ចេ​កទេសគម្រោងស្តីពី វឌ្ឍនភាពនៃការអនុវត្តគម្រោង បញ្ហាប្រឈមមួយចំនួ​នទាក់ទងនឹងការនាំចូលសម្ភារៈវត្ថុធាតុដើម បញ្ហាទាក់ទងនឹងកង្វះ វិស្វករនៅការដ្ឋាន និងភ្លៀងធ្លាក់ច្រើនបង្កឧបសគ្គដល់ការអនុវត្តគម្រោង ជាដើម។

អង្គប្រជុំបានពិនិត្យ និងពិភាក្សាលម្អិតលើវឌ្ឍនភាពការងារ ការនាំចូលសម្ភារៈវត្ថុធាតុដើម ការបែងចែកកម្លាំងពលកម្ម- កម្មករជំនាញតាមអគារនីមួយៗ និងបញ្ហាប្រឈមនានា ព្រមទាំងបានស្នើឱ្យទីប្រឹក្សាត្រួតពិនិត្យបច្ចេកទេសរៀបចំផែនការលម្អិត លើការងារនាំចូលសម្ភារៈវត្ថុធាតុដើម និងការសាងសង់ ដើម្បីតាមដាន ត្រួតពិនិត្យ និងជំរុញឱ្យក្រុមហ៊ុន CM Grand Development និង Tan Kim Eng អនុវត្តគម្រោងឱ្យសម្រេចតាមផែនការ ដែលបានសន្យា។

យោងតាមរបាយការណ៍ របស់អង្គភាពគ្រប់គ្រងគម្រោង គិតត្រឹមថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២នេះ គម្រោងរៀបចំច្រកទ្វារអន្តរជាតិស្ទឹងបត់ និងផ្លូវតភ្ជាប់មកផ្លូវជាតិលេ៥ សម្រេចបានចំនួន៥៨,៤៨%ហើយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here