អគ្គនាយកដ្ឋានពន្ធដារនឹងចុះបញ្ជីនិងធ្វើបច្ចុប្បន្នភាពអចលនទ្រព្យក្នុងខេត្តព្រះសីហនុ ចាប់ពីថ្ងៃនេះតទៅហើយ

0

ដោយ៖ សុផារី

ខេត្តព្រះសីហនុ ៖ ដោយមានការឯកភាពពីថ្នាក់ដឹកនាំនៃរដ្ឋបាលខេត្តព្រះសីហនុ អគ្គនាយកដ្ឋានពន្ធដារបានចុះផ្តល់សេវាពន្ធដារជូនម្ចាស់អចលនទ្រព្យនៅសង្កាត់ទាំង៤ នៃក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ចាប់ពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២តទៅ។

កន្លងមក អគ្គនាយកដ្ឋានពន្ធដារបានចុះផ្តល់សេវាពន្ធដារជូនម្ចាស់អចលនទ្រព្យនៅខណ្ឌទាំង១៤ នៃរាជធានីភ្នំពេញ និងតាមបណ្តាខេត្តមួយចំនួន រួមមាន ខេត្តកណ្តាល ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តសៀមរាប ខេត្តកំពត ខេត្តកែប និងខេត្តស្វាយរៀង។

លោក ឡុង ឌីម៉ង់ អភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុ បានសម្តែងនូវកិច្ចស្វាគមន៍ និងបានបង្ហាញពីចំណាប់អារម្មណ៍ ព្រមទាំងការគាំទ្រចំពោះការងារចុះផ្តល់សេវាពន្ធដារ លើការចុះបញ្ជី និងធ្វើបច្ចុប្បន្នភាពព័ត៌មានអចលនទ្រព្យ។

លោកបណ្ឌិត កន សម្បត្តិ បានវាយតម្លៃខ្ពស់ ចំពោះការចុះអនុវត្តការងារអង្កេតអចលនទ្រព្យ នៅតាមបណ្តាខេត្តកន្លងមក និងបន្តគាំទ្រដល់ការពង្រីកវិសាលភាពការងារ នៅខេត្តព្រះសីហនុ សំដៅធ្វើយ៉ាងណាប្រមូលនូវទិន្នន័យ អចលនទ្រព្យ ដើម្បីជាគុណប្រយោជន៍ការកៀរគរប្រមូលចំណូលពន្ធ។

លោកបណ្ឌិតបានលើកឡើងពីអត្ថប្រយោជន៍សំខាន់ៗ នៃការចុះអង្កេតអចលនទ្រព្យនេះ រួមមាន ១. ការធ្វើទំនើបកម្ម ក្នុងការផ្តល់សេវាជូនអ្នកជាប់ពន្ធ ដូចជា ការជូនដំណឹងស្តីពីការបង់ពន្ធអចលនទ្រព្យ និងការបង់ពន្ធអចលនទ្រព្យតាមប្រព័ន្ធអនឡាញ (GDT Taxpayer App) ២. គាំទ្រដល់ការគ្រប់គ្រង និងប្រមូលចំណូលពន្ធលើអចលនទ្រព្យ ពន្ធលើដីធ្លីមិនបានប្រើប្រាស់ ពន្ធលើចំណេញមូលធន និងពន្ធលើចំណូលរូបវន្តបុគ្គល ជាដើម និង៣.រៀបចំគោលនយោបាយលើកទឹកចិត្តពន្ធ លើពន្ធអចលនទ្រព្យ ឬ ប្រភេទពន្ធពាក់ព័ន្ធ ។ល។

លោក សិញ សេងហោ ប្រធានលេខាធិការដ្ឋានអង្កេតអចលនទ្រព្យតាមបណ្តាខេត្ត បានធ្វើបទបង្ហាញពីគោលបំណង និងនីតិវិធីនៃការចុះផ្តល់សេវាពន្ធដារលើការចុះបញ្ជី និងធ្វើបច្ចុប្បន្នភាពព័ត៌មានអចលនទ្រព្យ ដែលហៅកាត់ថា ការងារអង្កេតអចលនទ្រព្យ ដែលកិច្ចការនេះ ក្រុមការងារត្រូវចុះដល់មូលដ្ឋាន ដើម្បីប្រមូលផ្តុំទិន្នន័យ អត្តសញ្ញាណម្ចាស់អចលនទ្រព្យ ព័ត៌មានអចលនទ្រព្យ រូបថតទីតាំង និយាមកា និងព័ត៌មានចាំបាច់ផ្សេងទៀត សម្រាប់ធ្វើបច្ចុប្បន្នភាព និងជំរុញការចុះបញ្ជីពន្ធដារ ឱ្យបានត្រឹមត្រូវ និងច្បាស់លាស់នៅក្នុងប្រព័ន្ធគ្រប់គ្រងទិន្នន័យអចលនទ្រព្យ និងប្រថាប់ត្រារបស់អគ្គនាយកដ្ឋានពន្ធដារ៕

LEAVE A REPLY

Please enter your comment!
Please enter your name here