ទីផ្សារអាផាតម៉ិនក្នុងទីក្រុងសេអ៊ូលដាំក្បាលចុះ ស្របពេលមានភាពមិនប្រាកដប្រជាផ្នែករូបិយវត្ថុ

0

ដោយ: លាងហួរ

សេអ៊ូល: ទំហំនៃការលក់អាផាតម៉ិន នៅក្នុងទីក្រុងសេអ៊ូល ត្រូវបានគេរំពឹងថា នឹងធ្លាក់ចុះដល់កម្រិតទាប ចំពេលមានវិបត្តិទីផ្សារអូសបន្លាយ ដែលបង្កឡើងដោយល្បឿននៃការដំឡើងអត្រាការប្រាក់យ៉ាងឆាប់រហ័ស និងអារម្មណ៍អ្នកប្រើប្រាស់។

យោងតាមទិន្នន័យពីរដ្ឋាភិបាលក្រុងសេអ៊ូល តួលេខនេះបានមកនៅត្រឹម៦៤៣ ក្នុងខែកក្កដា ដែលជាកម្រិតទាបបំផុត ចាប់តាំងពីអាជ្ញាធរបានចាប់ផ្តើមចងក្រងទិន្នន័យ ដែលពាក់ព័ន្ធក្នុងឆ្នាំ២០០៦។

ទិន្នន័យសម្រាប់ខែសីហានឹងត្រូវបានចេញផ្សាយ នៅចុងខែកញ្ញា ប៉ុន្តែកម្រិតទាបប្រចាំខែផ្សេងទៀតត្រូវបានរំពឹងទុក ហើយមានតែប្រតិបត្តិការចំនួន៥៤០ប៉ុណ្ណោះ ដែលត្រូវបានរាយការណ៍មកទល់ពេលនេះ។

ស្ថានភាពទីផ្សារលំនៅឋានកាន់តែយ៉ាប់យ៉ឺន ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ដោយសារធនាគារកណ្តាលអាមេរិក និងធនាគារកណ្តាលកូរ៉េ បានបញ្ជាក់ជាថ្មី អំពីឆន្ទៈដ៏មុតមាំរបស់ពួកគេ ក្នុងការទប់ស្កាត់អតិផរណា ដោយការដំឡើងអត្រាការប្រាក់សំខាន់ៗរបស់ពួកគេបន្ថែមទៀត រហូតដល់យ៉ាងហោចណាស់នៅចុងឆ្នាំនេះ។

ប៉ុន្តែ បរិមាណលក់វីឡានៅក្នុងរដ្ឋធានី បានកើនលើសចំនួនអាផាតម៉ិន តាំងពីដើមឆ្នាំនេះ។ នៅក្នុងខែសីហា វីឡាជាង១៨០០ត្រូវបានលក់ នៅពេលចងក្រងទិន្នន័យ ដែលមានគិតត្រឹមថ្ងៃច័ន្ទ។

នៅប្រទេសកូរ៉េខាងត្បូង វីឡាសំដៅលើអគារផ្ទះល្វែងទំហំមធ្យម ដែលមានចំនួនយូនីតតិច។ ទិន្នន័យពីក្រុមប្រឹក្សាភិបាលអចលនទ្រព្យកូរ៉េ បានបង្ហាញថា តម្លៃប្រតិបត្តិការអាផាតម៉ិន នៅទីក្រុងសេអ៊ូលជាមធ្យម ក្នុងខែកក្កដា បានធ្លាក់ចុះ៣,១៤ភាគរយ ធៀបនឹងខែមុន ដែលជាការធ្លាក់ចុះដ៏អាក្រក់បំផុតក្នុងរយៈពេលជាង១៣ឆ្នាំ គិតចាប់តាំងពីខែធ្នូឆ្នាំ២០០៨ នៅពេលដែលតួលេខនេះបានធ្លាក់ចុះ៥,៨៤ភាគរយ។

អ្នកជំនាញទីផ្សារនេះ បាននិយាយថា មានមនុស្សតិចតួចទេ ដែលមានបំណងទិញអាផាតម៉ិន នៅទីក្រុងសេអ៊ូល ដោយមានការរំពឹងទុកថា តម្លៃនឹងធ្លាក់ចុះបន្ថែមទៀត។

 

ភ្នាក់ងារអចលនទ្រព្យ មានមូលដ្ឋាននៅទីក្រុងសេអ៊ូល បាននិយាយថា មានតែមនុស្សពីរបីនាក់ប៉ុណ្ណោះ ដែលសាកសួរអំពីនិន្នាការទីផ្សារ ហើយមនុស្សកាន់តែច្រើនចូលចិត្តជួលផ្ទះ ដោយសារការភ័យខ្លាចនៃការដំឡើងអត្រាការប្រាក់បន្ថែម និងអារម្មណ៍នៃទីផ្សារធ្លាក់ចុះ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here