ឆ្នាំ២០២៥ អគារខុនដូនៅភ្នំពេញរំពឹងកើនដល់ជាង១៧០អគារស្មើនឹង៧៨០០០យូនីត

0

ដោយ៖ វឌ្ឍនៈ

ភ្នំពេញ ៖ កំណើនអគារខុនដូនៅក្នុងរាជធានីភ្នំពេញ បានកើនឡើងជាបន្តបន្ទាប់ ពីមួយឆ្នាំទៅមួយឆ្នាំ។ គិតត្រឹមដំណាច់ឆ្នាំ២០២១ ចំនួនអគារខុនដូនៅរាជធានីភ្នំពេញ មានចំនួន៩៥អគារ ឬប្រមាណ២៧០០០យូនីត។ នៅឆ្នាំ២០២៥ អគារខុនដូនៅភ្នំពេញរំពឹងថា នឹងកើនឡើងដល់១៧៥អគារដែលស្មើនឹង៧៨០០០យូនីត។ នេះបើតាមរបាយការណ៍របស់ក្រុមហ៊ុនជំនាញមួយនៅកម្ពុជា។

របាយការណ៍នេះបានឱ្យដឹងថា នៅក្នុងឆ្នាំ២០២៥ខាងមុខ ការផ្គត់ផ្គង់ខុនដូនៅក្នុងរាជធានីភ្នំពេញរំពឹងថានឹងកើនឡើងដល់៧៨០០០យូនីត ឬស្មើនឹង១៧៥អគារ។ ចំណែកទីផ្សារខុនដូនៅក្នុងរាជធានីភ្នំពេញ នាពេលបច្ចុប្បន្ននេះ មានតម្លៃជាមធ្យមចន្លោះពី១៣០០ដុល្លារ ក្នុងមួយម៉ែត្រការ៉េ ហើយសម្រាប់ទីផ្សារជួលវិញ មានតម្លៃចន្លោះពី៨ដុល្លារ ទៅ១៤ដុល្លារអាមេរិក ក្នុងមួយម៉ែត្រការ៉េ ក្នុងមួយខែ។

ការសិក្សារបស់ក្រុមហ៊ុនជំនាញ បានឱ្យដឹងថា នៅក្នុងឆ្នាំ២០២៥ខាងមុខនេះ ការផ្គត់ផ្គត់ខុនដូនៅក្នុងរាជធានីភ្នំពេញ នឹងផ្ដោតទៅលើទីផ្សារតម្លៃមធ្យមច្រើនជាង ពីព្រោះ គេបានមើលឃើញថា ប្រជាពលរដ្ឋកម្ពុជា ដែលមានប្រាក់ចំណូលមធ្យមឡើង មានទំនោរទិញខុនដូ សម្រាប់ស្នាក់នៅកាន់តែច្រើន ពីមួយឆ្នាំទៅមួយឆ្នាំ។

លោក ខន គង្គា អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ ERA Cambodia បានមានប្រសាសន៍ថា “ទាក់ទងជាមួយនឹងទីផ្សារខុនដូ នៅក្នុងប្រទេសកម្ពុជា នាពេលបច្ចុប្បន្ននេះ បើធ្វើការប្រៀបធៀបចំនួនប្រជាជន និងខុនដូ ដែលយើងមាន គឺមិនឆ្លើយតបនឹងគ្នាឡើយ។ ប្រជាជនយើងមានជិត១៧លាននាក់ ហើយបើសិនជាពួកគាត់មានលទ្ធភាពតែ១០ភាគរយទិញខុនដូ ក៏មានចំនួនច្រើនលើសពីការផ្គត់ផ្គង់នាពេលបច្ចុប្បន្ន ហើយចុះបើសិនជាពលរដ្ឋកាន់តែមានជីវភាពធូរធា និងមានទំនោរទិញខុនដូកាន់តែច្រើន តើយើងយកខុនដូពីណាលក់ជូនគាត់”។

 

លោកបន្តថា នៅមានជនបរទេស ដែលមកធ្វើការនៅក្នុងប្រទេសកម្ពុជា ជនបរទេសជាទេសចរស្នាក់នៅរយៈពេលខ្លី និងជនបរទេស ដែលមកវិនិយោគនៅកម្ពុជា វារឹតតែធ្វើឱ្យតម្រូវការខុនដូកាន់តែមានច្រើននៅពេលអនាគត។

លោកបន្ថែមថា ប្រជាជនកម្ពុជា ដែលមានលទ្ធភាពទិញខុនដូបាន អាចជាមនុស្សមានប្រាក់ចំណូលប្រមាណ១០០០ដុល្លារ ព្រោះថាខុនដូក្នុងប្រទេសកម្ពុជាយើងក៏មានតម្លៃសមរម្យ ខ្ទង់៥ម៉ឺនទៅ៦ម៉ឺនដុល្លារអាមេរិកប៉ុណ្ណោះ ដូច្នេះពួកគាត់អាចចំណាយតឹ្រមតែ៥០០ដុល្លារអាមេរិកបង់រំលស់ និងអាចស្នាក់នៅបានហើយ។

លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានមានប្រសាសន៍កាលពីចុងសប្ដាហ៍កន្លងទៅនេះថា ការវិនិយោគអចលនទ្រព្យ មិនថាតែខុនដូ ឬអ្វីផ្សេងទៀត គឺអាចដំណើរការបានល្អប្រសើរ។ ប្រសិនបើវិនិយោគិនក្នុងស្រុករួមគ្នាបញ្ចេញទុន ក្នុងការបន្តដំណើរការអភិវឌ្ឍ ហើយវិនិយោគិនបរទេសចូលមកបន្ថែមទៀតនោះ វានឹងធ្វើការអភិវឌ្ឍអចលនទ្រព្យរបស់យើងនឹងកាន់តែមានសន្ទុះមួយកម្រិតទៀត។

អ្នកជំនាញទីផ្សារខុនដូជាច្រើន មើលឃើញពីសុទិដ្ឋិនិយម ចំពោះការអភិវឌ្ឍខុនដូនៅកម្ពុជា ថានឹងមានសន្ទុះងើបឡើងបន្ថែមទៀត ស្របនឹងគម្រោង ដែលផ្អាកដំណើរការ កាលពីអំឡុងកូវីដ១៩ ចាប់ផ្ដើមធ្វើសកម្មភាពឡើងវិញហើយ ហើយវិនិយោគិនថ្មីៗក៏ចាប់ផ្ដើមស្វែងរកទីតាំង ដើម្បីវិនិយោគលើអគារខុនដូផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here