ការពន្យារពេលគម្រោងអភិវឌ្ឍន៍ព្រលានយន្តហោះមណ្ឌលគីរីធ្វើឱ្យទីផ្សារដីធ្លីហាក់នៅទ្រឹង

0

ដោយ៖ វឌ្ឍនៈ

ភ្នំពេញ ៖ គម្រោងអភិវឌ្ឍន៍ព្រលានយន្តហោះមណ្ឌលគីរីត្រូវបានពន្យារពេលអនុវត្តន៍ ដោយមិនទាន់ដឹងពេលវេលាជាក់លាក់ ថានឹងចាប់ផ្តើមអភិវឌ្ឍន៍នៅពេលណានោះឡើយ។ កន្លងមក អ្នកវិនិយោគនិងប្រជាពលរដ្ឋ ដែលមានលុយ បាននាំគ្នាសម្រុកស្វែងរកទិញដីទុកវិនិយោគ ទៅខេត្តមណ្ឌលគីរី ដោយរំពឹងថាផលចំណេញខ្ពស់ នៅពេលព្រលានយន្តហោះមួយនេះចាប់ផ្ដើមអភិវឌ្ឍន៍។

អ្នកនាំពាក្យរដ្ឋលេខាធិការអាកាសចរស៊ីវិល បានលើកឡើងថា គម្រោងនេះមិនទាន់កំណត់ពេលវេលាជាក់លាក់នៅឡើយ ថានឹងចាប់ផ្ដើមអភិវឌ្ឍន៍ពេលណានោះទេ។ ការពន្យារពេល និងភាពមិនច្បាស់លាស់នៃពេលវេលាក្នុងការអភិវឌ្ឍគម្រោងនេះ ធ្វើឱ្យទីផ្សារដីធ្លីនៅក្នុងខេត្តមណ្ឌលគីរីនៅមានសភាពទ្រឹងបន្តិច ដោយអ្នកលក់ច្រើនជាងអ្នកទិញ។

លោក មាឃ រឹទ្ធីជ័យ ប្រធានសាខានៃក្រុមហ៊ុនអចលនទ្រព្យ Century 21 Zillion Holding បានមានប្រសាសន៍ថា កាលពីមុន អ្នកស្វែងរកទិញដីធ្លីនៅមណ្ឌលគីរីមានច្រើនណាស់ ទាំងអ្នកនៅក្នុងខេត្តផ្ទាល់  និងអ្នកមកពីតំបន់ផ្សេងៗ ដូចជា ភ្នំពេញ និងបណ្ដាខេត្តផ្សេងៗ។ មកដល់ពេលនេះ អ្នកប្រកាសលក់ដីធ្លីមានច្រើនជាងអ្នកទិញទៅវិញ ហើយវាអាចមកពីការពន្យារពេលនៃគម្រោងព្រលានយន្តហោះអន្តរជាតិមណ្ឌលគីរីផងដែរ។

លោកបន្តថា ទោះបីជាបច្ចុប្បន្ននេះ អ្នកលក់មានចំនួន ច្រើនជាងអ្នកទិញក្ដី តែតម្លៃនៃអចលនទ្រព្យក៏មិនធ្លាក់ចុះខ្លាំងណាស់ណាដែរ។ ផ្ទុយទៅវិញ ម្ចាស់ទ្រព្យខ្លះប្រកាសលក់ដី ក្នុងតម្លៃខ្ពស់ជាងមុន ឬប្រហាក់ប្រហែលនឹងពេលមុនដែរ ដូច្នេះហើយទើបសកម្មភាពនៃការដោះដូរមិនសូវមានច្រើននោះទេ។

លោកបន្តទៀតថា អ្នកទិញដីសម្រាប់អភិវឌ្ឍន៍ នៅក្នុងខេត្តមណ្ឌលគីរី ក៏មានច្រើនដែរ ដោយពួកគាត់ទិញហើយទុកអភិវឌ្ឍន៍ និងមានសកម្មភាពអភិវឌ្ឍន៍ជាបណ្ដើរៗផងដែរ ដោយមួយចំនួនបានរៀបចំជាចំការលំហែសម្រាប់ទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដូចជា ចំការកាហ្វេ ចំការដំណាំ នានា ដើម្បីស្រូបទាញទេសចរវិញ។

លោក សន សៀប នាយកប្រតិបត្តិនៃក្រុមហ៊ុនអចលនទ្រព្យ Key Real Estate ក៏បានលើកឡើងក្នុងបទបង្ហាញទៅកាន់វិនិយោគិនរាប់រយនាក់ថា មណ្ឌលគីរីត្រូវបានចាត់ទុកជាតំបន់ប៉ូលសេដ្ឋកិច្ចមួយរបស់កម្ពុជា ហើយជាទីតាំង ដែលវិនិយោគិនគួរចាប់អារម្មណ៍ ជាពិសេស សក្ដានុពលលើវិស័យកសិកម្ម និងទេសចរណ៍។

លោកថា ”ក្នុងចំណោមតំបន់ប៉ូលសំខាន់ៗ ក៏មានមណ្ឌលគីរីមួយដែរ ដែលគួរចាប់អារម្មណ៍ និងផ្សព្វផ្សាយទៅកាន់វិនិយោគិនជាតិ និងអន្តរជាតិ ឱ្យបានដឹង និងទាក់ទាញការវិនិយោគបន្ថែម”៕

LEAVE A REPLY

Please enter your comment!
Please enter your name here