ការផ្តល់ឥណទានក្នុងវិស័យអចលនទ្រព្យកើនឡើងដល់៧ពាន់លានដុល្លារអាមេរិកគិតត្រឹមពាក់កណ្ដាលឆ្នាំនេះ

0

ដោយៈវឌ្ឍនៈ

ភ្នំពេញៈ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនៅតែបន្តផ្ដលឥណទានដល់វិស័យអចលនទ្រព្យមានទំហំទឹកប្រាក់រហូតដល់ជាង៧ពាន់លានដុល្លារអាមេរិក ក្នុងឆមាសទី១ឆ្នាំនេះ។

ទំហំឥណទាននេះ ជាសញ្ញាវិជ្ជមានមួយក្នុងវិស័យនេះ បើទោះបីជាស្ថានភាពនៃសេដ្ឋកិច្ច ក៏ដូចជាអចលនទ្រព្យក្នុងប្រទេសកម្ពុជា នៅមិនទាន់មានការរីកលូតលាស់ ដូចមុនវិបត្តិកូវីដ១៩ក្ដី។ ជាក់ស្ដែងគិតត្រឹមពាក់កណ្ដា​លឆ្នាំនេះ ទំហំឥណទានផ្ដល់ក្នុងវិស័យអចលនទ្រព្យមានទំហំ ជាង៧ពាន់លានដុល្លារ ហើយការបន្តផ្ដល់ឥណទានក្នុងវិស័យនេះ នឹងផ្ដល់ឱកាសដល់អ្នកអភិវឌ្ឍន៍បន្តនិរន្តរភាពរបស់ខ្លួនបន្ថែម។

លោកង៉ូវ ប៊ុនថនប្រធានផ្នែកឥណទាននៃធនាគារពាណិជ្ជឈីហ្វ បានមានប្រសាសន៍ថា យើងពិតជាបានមើលឃើញថា កម្ចីអចលនទ្រព្យបានកើនឡើងខ្ពស់ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ជាពិសេសនោះក្នុងឆ្នាំ២០២២នេះ កម្ចីអចលនទ្រព្យត្រូវបានមើលឃើញថា បន្តកើនឡើងជាពិសេសនោះ ការផ្ដល់កម្ចីសម្រាប់ទិញលំនៅឋាន ។

លោកបន្តថា “មានមតិមួយចំនួនបានលើកឡើងថា ការផ្ដល់កម្ចីទៅក្នុងវិស័យអចលនទ្រព្យ បានផ្ដល់ហានិភ័យខ្ពស់ ទៅដល់ស្ថាប័នហិរញ្ញវត្ថុប៉ុន្តែបើសិនជាស្ថាប័នហិរញ្ញវត្ថុនោះ គាត់ផ្ដល់កម្ចីតែមួយផ្នែកពោលគឺគាត់ផ្ដល់តែក្នុងមួយវិស័យ”។លោកបន្តថា “ប៉ុន្តែបើសិនជាស្ថាប័ននោះ គាត់ផ្ដល់​កម្ចីឥណទានទៅដល់វិស័យចម្រុះ នៅពេលវិស័យមួយមានវិបត្តិឬបញ្ហាកើតឡើងគាត់ នៅមានវិស័យផ្សេងទៀតអាចជួយទប់ទល់”។

លោកបន្ថែមថា ស្ថាប័នធនាគារ និងមីក្រូហិរញ្ញវត្ថុកម្ពុជា ជាច្រើនបានផ្ដល់កម្ចីច្រើនវិស័យ ក្នុងនោះមានដូចជា វិស័យទេសចរណ៍ វិស័យនាំចេញនាំចូល វិស័យឧស្សាហកម្ម កសិកម្ម  និងសេវាកម្ម ដោយមិនផ្តោតតែលើវិស័យអចលនទ្រព្យមួយទេ ។

លោកប៊ុនថនឱ្យដឹងថា មានប្រជាពលរដ្ឋជាច្រើនណាស់ ដែលទទួលបានអត្ថប្រយោជន៍ ពីការកើនឡើងនៃវិស័យសំណង់ និងអចលនទ្រព្យនេះ ហើយមួយចំនួន ក៏បានទទួលអត្ថប្រយោជន៍ ពីការប្រើប្រាស់កម្ចីសម្រាប់វិនិយោគ ឬអភិវឌ្ឍន៍អចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា។ ដូច្នេះបើសិនជាអតិថិជនប្រើប្រាស់កម្ចី នៅក្នុងវិស័យអចលនទ្រព្យបានល្អ មានការគិតគូរនិងផែនការច្បាស់លាស់ នឹងមិនធ្វើឱ្យមានហានិភ័យនោះឡើយ។

ជាមួយគ្នានេះ លោកបណ្ឌិតអ៉ិន ចាន់នីប្រធាននាយកប្រតិបត្តិនៃធនាគារអេស៊ីលីដាបានលើកឡើងផងដែរថា ធនាគារអេស៊ីលីដាមិនផ្ដោតតែលើវិស័យមួយនោះទេ គឺខ្លួនបានផ្ដោតទៅលើវិស័យជាច្រើន ក្នុងនោះក៏មានកម្ចីទៅដល់វិស័យអចលនទ្រព្យ និងសំណង់ផងដែរ ។

លោកបន្តថា “ទោះបីជាស្ថិតនៅក្នុងវិបត្តិនៃជំងឺកូវីដ១៩ ក៏ធនាគារនៅកម្ពុជាមិនថា តែធនាគារអេស៊ីលីដា គឺនៅតែបន្តផ្ដល់ឥណទានដល់បណ្ដាដៃគូពាណិជ្ជកម្មរបស់ខ្លួន ដើម្បីឱ្យពួកគេអាចពង្រីកអាជីវកម្ម និងមុខជំនួញបន្តនៅក្នុងវិបត្តិ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here