ការសាងសង់ផ្លូវល្បឿនលឿនដំបូងគេរបស់កម្ពុជា បានបញ្ចប់មុនកាលកំណត់រយៈពេល៨ខែ

0

  ដោយៈ វឌ្ឍនៈ

ភ្នំពេញៈ ផ្លូវល្បឿនលឿនដំបូងគេរបស់កម្ពុជា ភ្នំពេញ ក្រុងព្រះសីហនុ បានបញ្ចប់ការសាងសង់ស្ទើរតែ១០០ភាគរយហើយ ហើយគ្រោងនឹងដាក់ដំណើរការសាកល្បង ឱ្យពលរដ្ឋបើកបរនៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២២នេះ។

គម្រោងសាងសង់ផ្លូវល្បឿនលឿននេះ ត្រូវបានរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបញ្ជាក់ថា បានបញ្ចប់មុនកាលកំណត់រហូតដល់៨ខែ។

លោកទេសរដ្ឋមន្រ្តីស៊ុន ចាន់់ថុលរដ្ឋមន្រ្តីក្រសួងសាធារណៈការ និង​ដឹកជញ្ជូន បានបញ្ជាក់ពីចំណុចសំខាន់ៗមួយចំនួន ដែលបងប្អូនប្រជា ពលរដ្ឋគួរយល់ដឹង ដើម្បីឱ្យការប្រើប្រាស់ផ្លូវល្បឿនលឿនថ្មី និងដំបូងគេបង្អស់របស់កម្ពុជានេះ ប្រកបដោយភាពត្រឹមត្រូវតាមបទដ្ឋាន សុវត្ថិភាពចរាចរណ៍ ជារួមមានដូចជា របៀបប្រើប្រាស់គន្លងផ្លូវ ល្បឿនបើកបរដែលបានកំណត់ ប្រភេទយានយន្ត ដែលអនុញ្ញាតឱ្យបើកបរបាន ទីតាំងបញ្ជរបង់ប្រាក់ និងច្រកចេញចូល ក៏ដូចជារបៀបនៃការវ៉ាជែងផងដែរ។

ចំណែឯទោចក្រយានយន្ត ដែលមានទំហំស៊ីឡាំងចាប់ពី៥០០cc ឬ២៧kwឡើង មានបំណងបើកបរលើផ្លូវល្បឿនលឿន គឺត្រូវបានតម្រូវឱ្យស្នើសុំស្លាកសញ្ញាសម្រាប់បិទបញ្ជាក់ (Sticker) ពីក្រសួងសាធារណការ និងដឹកជញ្ជូនជាមុន។

លោកមានប្រសាសន៍ថា “ក្រសួងបានរៀបចំផលិតនូវវីដេអូអប់រំ ស្តីពីការប្រើប្រាស់ផ្លូវ ល្បឿនលឿននេះដែរ ហើយត្រៀមនឹងផ្សព្វផ្សាយនាពេលឆាប់ៗខាងមុខនេះ”។

លោកស៊ុន ចាន់ថុលបានលើកឡើងផងដែរ អំពីរបៀបនៃការទូទាត់សេវាប្រើប្រាស់ផ្លូវល្បឿនលឿននេះ តាមរយៈការទូទាត់តាមប្រព័ន្ធអេឡិចត្រូនិច ETC ក្រោយដំណើរការសាកល្បង។

ក្រសួង និងក្រុមហ៊ុនកំពុងសហការរៀបចំប្រព័ន្ធបច្ចេកវិទ្យា ដែលមានលក្ខណៈសាមញ្ញ សម្រួលដល់បងប្អូនប្រជាពលរដ្ឋ អាចធ្វើការបង់ប្រាក់ជាមុន និងប្រើប្រាស់ផ្លូវល្បឿនលឿន ដោយមិនចាំបាច់ឆ្លងកាត់នីតិវិធីស្មុគស្មាញ និងមិនចាំបាច់តម្រូវឱ្យចេះ ប្រើប្រព័ន្ធបច្ចេកវិទ្យាឡើយ។ រីឯការបង់ប្រាក់ នឹងអាចធ្វើបានជាមួយជម្រើសសំបូរបែប គ្រប់ពេលវេលា និងពីគ្រប់ទីកន្លែង។

បច្ចេកវិទ្យានេះ ក៏នឹងសម្រួលដល់ការចេញ ចូលផ្លូវល្បឿនលឿន ដោយមិនចាំបាច់រង់ចាំ ចំណាយពេលយូរនៅច្រកចេញចូលឡើយ។ ដើម្បីចូលទៅកាន់ផ្លូវល្បឿនលឿនបាន បងប្អូនដែលជាអ្នកបើកបរត្រូវប្រើប្រាស់យានយន្តបានចុះបញ្ជី និងត្រួតពិនិត្យលក្ខណៈបច្ចេកទេស (ឆៀក) នៅក្នុងសុពលភាពឱ្យបានត្រឹមត្រូវ តាមស្តង់ដារបច្ចេកទេស ដែលកំណត់ដោយក្រសួង ដើម្បីធានាបានសុវត្ថិភាពចរាចរណ៍ ព្រមទាំងកាត់បន្ថយបទល្មើសនានា។

លោកទេសរដ្ឋមន្រ្តី បានសម្តែងនូវមោទនភាពជាអនេក ដែលកម្ពុជាយើងស្ថិតក្រោមដំបូលសុខសន្តិភាព កើតចេញពីការដឹកនាំដ៏ឈ្លាសវៃ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្ដល់ឱកាសឱ្យក្រសួងសាធារណការ និងដឹកជញ្ជូន បានកសាងផ្លូវល្បឿនលឿន ដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្រ្ត និងជាមោទនភាពរបស់ប្រជាជាតិខ្មែរទាំងមូល។

ក្រៅពីមោទនភាពដ៏ធំមួយនេះ ផ្លូវល្បឿនលឿននឹងនាំមកនូវការរីកចម្រើនលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម បង្កើននូវលំហូរទេសចរណ៍ និងបង្កើតការងារជូនដល់បងប្អូនប្រជាពលរដ្ឋ សំដៅចូលរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្រផងដែរ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here