ដោយៈ គង់ សូរិយា
ភ្នំពេញៈ នៅក្នុងឆមាសទី ១ ឆ្នាំ ២០២២ រដ្ឋាភិបាលកម្ពុជាបានអនុម័តគម្រោងវិនិយោគឯកជន នៅក្រៅតំបន់សេដ្ឋកិច្ចពិសេសចំនួន៧៥ ដែលមានទុនវិនិយោគ ២,៤ ពាន់លានដុល្លារ កើន១៥៩,៣ ភាគរយ ធៀបរយៈពេលដូចគ្នាឆ្នាំ ២០២១។
យោងតាមរបាយការណ៍និន្នាការសេដ្ឋកិច្ចកម្ពុជា របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបានចេញផ្សាយចុងសប្តាហ៍មុនឱ្យដឹងថា ចាប់ពីខែមករា ដល់ខែមិថុនា ឆ្នាំ ២០២២ ស្ថានភាពវិនិយោគនៅកម្ពុជាបានបង្ហាញពីភាពល្អប្រសើរឡើងបន្តិចហើយ ដោយគម្រោងវិនិយោគឯកជន នៅក្រៅតំបន់សេដ្ឋកិច្ចពិសេស ដែលទទួលបានការអនុញ្ញាត ពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាមានចំនួន៧៥គម្រោង កើនឡើង២២គម្រោងធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
-->

គម្រោងវិនិយោគទាំងនេះ បានបង្កើតការងារថ្មីបានប្រមាណ៦២ ពាន់នាក់ កើនឡើង៦៥,៩ ភាគរយ។
របាយការណ៍ដដែលបានបន្តថា ក្នុងចំណោមគម្រោងទាំង៧៥ គឺនាំមុខដោយវិស័យសេវាកម្ម ឧស្សាហកម្ម ថាមពល និងទេសចរណ៍។
អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាលោក លឹម ហេងបានមានប្រសាសន៍ឲ្យដឹងថា កត្តាសំខាន់ដែលជួយឱ្យប្រទេសកម្ពុជា ទទួលបានកាលានុវត្តភាពថ្មីៗ ជាបន្តបន្ទាប់ក្នុងពេលនេះ គឺការបើកដំណើរការសេដ្ឋកិច្ចបានឆាប់រហ័សជាងគេក្នុងតំបន់ (តាំងពីពាក់កណ្តាលខែវិច្ឆិកា ឆ្នាំ ២០២១) និងជាប្រទេស ដែលមានទីផ្សារអន្តរជាតិធំៗជាដៃគូ។
លោកបន្តថា “ការចូលជាធរមាននៃកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីជាមួយចិន និងកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ព្រមទាំងលក្ខណៈអំណោយផលនៃច្បាប់វិនិយោគថ្មី ក៏ជាចំណែកទាក់ទាញអ្នកវិនិយោគឱ្យមកបណ្តាក់ទុនលើការផលិត ឬកែច្នៃទំនិញដែរ”។
លោកបញ្ជាក់ថា “ជាមួយនឹងភាពល្អប្រសើរនៃទីផ្សារនាំចេញ និងលក្ខណៈអំណោយផលផ្សេងៗទៀត ដែលកម្ពុជាមានខ្ញុំមានសុទិដ្ឋិនិយមថាគម្រោងវិនិយោគថ្មីៗនៅកម្ពុជា នឹងបន្តកើនឡើងច្រើនថែមទៀត នៅពេលអនាគត”៕
