ដោយ៖ សូរិយា
ភ្នំពេញ៖ ថ្មីៗនេះ ក្រុមហ៊ុន ជីប ម៉ុង បានបង្ហើបពីការបង្ហាញខ្លួននៃសណ្ឋាគារលំដាប់ពិភពលោក ហ្វែរហ្វៀល បាយម៉ារៀត ភ្នំពេញ (Fairfield by Marriott) នៅដើមឆ្នាំ២០២៣នេះ ដោយសណ្ឋាគារលំដាប់ផ្កាយបីនេះ នឹងមានទីតាំងស្ថិតនៅលើអគារ៤៥ជាន់ ជីប ម៉ុង ថៅវើ ដែលកំពុងលេចខ្ពស់ត្រដែតដ៏ស្កឹមស្កៃ នៅតំបន់ទួលគោក រាជធានីភ្នំពេញ។
សណ្ឋាគារដ៏ប្រណីតនេះ គ្របដណ្ដប់១៩ ជាន់ខាងលើនៃអគារ២៣០លានដុល្លារ ជីប ម៉ុង ថៅវើ មានបន្ទប់ស្នាក់នៅស្ដង់ដាអន្តរជាតិរហូតដល់ទៅ៣០០ បន្ទប់ ដែលអាចឲ្យភ្ញៀវគយគន់ទេសភាពដ៏ស្រស់ត្រកាលនៃរាជធានីភ្នំពេញពីលើអាកាសរាប់រយម៉ែត្រ ក៏ដូចជាមានសាលប្រជុំទំនើប ភោជនីយដ្ឋានប្រណីត ស្កាយបារ៍ កន្លែងហាត់ប្រាណ អាងហែលទឹក និងបរិក្ខារផ្សេងៗទៀត។
-->

អ្វីដែលពិសេស គឺសណ្ឋាគារស្ថិតនៅក្នុងអគារពាណិជ្ជកម្មចម្រុះអន្តរជាតិ ដែលនឹងមាន ផ្សារទំនើបប្រណីតរបស់ ជីប ម៉ុង រីថែល ការិយាល័យធ្វើការទំនើប ដែលនឹងជួយពង្រីកសក្ដានុពលរបស់សណ្ឋាគារនេះមួយកម្រិតទៀត។
អ្នកឧកញ៉ា លាង ឃុន សហស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ជីប ម៉ុង បានថ្លែងថា ក្រោមភាពជាដៃគូជាមួយក្រុមហ៊ុន Marriott International ដែលជាក្រុមហ៊ុនវិនិយោគលើវិស័យសណ្ឋាគារធំជាងគេមួយក្នុងពិភពលោក ក្រុមហ៊ុន ជីប ម៉ុង ពិតជារំភើបដែលសណ្ឋាគារ Fairfield by Marriott ដំបូងគេនៅកម្ពុជា នឹងលេចជារូបរាងឡើង ក្នុងពេលឆាប់ៗនេះ។
អ្នកឧកញ៉ាបានបន្ថែមថា វត្តមានរបស់សណ្ឋាការនេះ នឹងជាសក្ខីភាពឆ្លុះបញ្ចាំងពីការអភិវឌ្ឍឥតឈប់ឈរ និងការចូលរួមរបស់ក្រុមហ៊ុន ជីប ម៉ុង ក្នុងវិស័យបដិសណ្ឋារកិច្ច វិស័យទេសចរណ៍ ជាពិសេសនឹងក្លាយជាទីតាំងដ៏ស័ក្តិសមបំផុតសម្រាប់ស្វាគមន៍ភ្ញៀវទេសចរ និងធុរកិច្ច ជាពិសេសសម្រាប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេម នៅឆ្នាំ២០២៣ ខាងមុខនេះ។

លោក Jakob HELGEN អនុប្រធានតំបន់នៃក្រុមហ៊ុនអាមេរិក Marriott International ប្រចាំនៅប្រទេស ថៃ វៀតណាម កម្ពុជា និងប្រទេសមីយ៉ាន់ម៉ា ក៏បានបង្ហាញទំនុកចិត្តខ្ពស់ក្នុងការ ពង្រីកវត្តមានរបស់សណ្ឋាគារយីហោ Fairfield by Marriott នៅកម្ពុជាដែលមានចរន្តសេដ្ឋកិច្ចដ៏រឹងមាំ។
ក្រុមហ៊ុន ជីប ម៉ុង បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន Marriott International កាលពីឆ្នាំ២០១៧ និងបានចាប់ផ្ដើមការដ្ឋានសាងសង់នៅឆ្នាំ២០១៩ ។ សណ្ឋាគារនេះ ស្ថិតនៅតាមបណ្ដោយមហាវិថីសហព័ន្ធរុស្សី ក្បែរស្ពានអាកាសប្រាំមករា។ Fairfield by Marriott នឹងត្រៀមបើកទ្វារស្វាគមន៍អតិថិជននៅដើមឆ្នាំ ២០២៣ តាមការគ្រោងទុក៕

