ដោយៈសុផារី
ភ្នំពេញៈ គម្រោងរថភ្លើងក្រោមដី នៅក្នុងរាជធានីភ្នំពេញ ត្រូវបានបញ្ចប់ការសិក្សា រួចរាល់ស្ទើតែទាំងស្រុងហើយ ខណៈក្រសួងសាធារណការ និងដឹកជញ្ជូនបាន និងកំពុងស្វះស្វែងរកអ្នកវិនិយោគ ដើម្បីមកបណ្តាក់ទុនលើគម្រោងដ៏ធំមួយនេះ។
លោកទេសរដ្ឋមន្រ្តីស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍ កាលពីថ្ងៃទី២១ កញ្ញា ឆ្នាំ២០២២ម្សិលមិញថា គម្រោងរថភ្លើងក្រោមដី នៅក្នុងរាជធានីភ្នំពេញ បានបញ្ចប់ការសិក្សារួចរាល់ស្ទើតែទាំងស្រុងហើយ ហើយនាពេលនេះក្រសួងសាធារណការបាន និងកំពុងស្វះស្វែងរកអ្នកវិនិយោគ ដើម្បីមកបណ្តាក់ទុនលើគម្រោងដ៏ធំមួយនេះ។
-->
លោកបានបញ្ជាក់ថា “គម្រោងរទេះភ្លើងក្រោមដី ក្រុមហ៊ុនក៏បានសិក្សាចប់សព្វគ្រប់ដែរ។ ទីក្រុងមួយ ដែលមានប្រជាពលរដ្ឋជាង២លាននាក់ យើងត្រូវការរទេះភ្លើង”។ លោកបន្តថា “សម្តេចតេជោ ហ៊ុន សែន សម្រេចចិត្តជ្រើសរើសយកផ្លូវរថភ្លើងនៅក្រោមដី ដោយសារនៅខាងលើ វាទើសភ្នែក និងមិនដឹងថាកន្លែងណាទេស្ថានីយ”។

លោកបញ្ជាក់ទៀតថា “រហូតមកដល់ពេលនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន សហការជាមួយក្រុមហ៊ុនCCCC បានបញ្ចប់ការសិក្សាលើគម្រោងមួយនេះរួចរាល់មួយផ្នែកធំហើយ ហើយក្រសួងបានផ្តល់ជាអនុសាសន៍ដល់ក្រុមហ៊ុន ដើម្បីកែសម្រួល”។
លោករដ្ឋមន្ត្រីបានបន្ថែមថា ស្របពេលជាមួយគ្នានេះ ក្រសួងសាធារណការនិងដឹកជញ្ជូន បាននិងកំពុងតែស្វះស្វែងរកអ្នកវិនិយោគ ដើម្បីមកបណ្តាក់ទុន ក្នុងការកសាងរទេះភ្លើងក្រោមដី នៅក្នុងរាជធានីភ្នំពេញ។
ក្រុមហ៊ុនគមនាគមន៍ និងសំណង់នៃប្រទេសចិនCCCC (China Communications Construction Company Limited) គឺជាក្រុមហ៊ុនមេនៃក្រុមហ៊ុន សាជីវកម្មស្ពានថ្នល់ចិន CRBC (China Road and Bridge Corporation) ដែលសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ ក្រុងព្រះសីហនុ៕
