ដោយៈ គង់ សូរិយា
ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់ក្រសួងសាធារណៈការបានបង្ហើបឲ្យដឹងថា ការសិក្សាលម្អិតនៃគម្រោងបង្កើត ប្រព័ន្ធដឹកជញ្ជូនផ្លូវទឹកថ្មីមួយខ្សែ តាមដងទន្លេបាសាក់ តភ្ជាប់កំពង់ផែភ្នំពេញ ទៅកំពង់ផែកែប កំពត និងព្រះសីហនុ គ្រោងនឹងបញ្ចប់នៅខែវិច្ឆិកា ខាងមុខនេះ។
លោកទេសរដ្ឋមន្រ្តីស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានមានប្រសាសន៍ឲ្យដឹង កាលពីថ្ងៃទី២១ កញ្ញាកន្លងមកថា ក្រោយការសិក្សាបញ្ចប់នៅអំឡុងតែតុលា ឬវិច្ឆិកា ក្រសួងនឹងពិភាក្សាជាមួយស្ថាប័នពាក់ព័ន្ធថាធ្វើបាន ឬមិនបាន ចំណញឬ មិនចំណេញ ហើយប៉ះពាល់អ្វីខ្លះ មុននឹងដាក់ឆ្លងទៅសម្ដេចនាយករដ្ឋមន្រ្តីហ៊ុន សែនសម្រេចចុងក្រោយ។
-->

លោកបន្តថា ចំងាយពីព្រែកអំបិល(ខេត្តកណ្ដាល) ទៅកាន់ខេត្តកែប មានប្រវែងប្រមាណ១៦៨គម ហើយជាក់ស្ដែង ទន្លេបាសាក់យើងគឺមានទឹកស្ទើរគ្រប់កន្លែង យើងត្រូវស្ដាជីកបន្ថែមចំពោះកន្លែងខ្លះប៉ុណ្ណោះ។ ចំណុចដែលយើងត្រូវធ្វើថ្មី គឺការជីកព្រែក៧គម ដើម្បីភ្ជាប់ទៅកំពង់ផែកែប។
គម្រោងនេះអនុម័តដោយរដ្ឋាភិបាល ការដឹកជញ្ជូននឹងមានភាពងាយស្រួលនឹងរហ័សជាងមុន ដោយមិនចាំបាច់ដឹកជញ្ជូនទំនិញចេញទៅវៀតណាម តាមច្រកក្អមសំណទេ តែដឹកពីភ្នំពេញទៅដល់កែប រួចបន្ដទៅកំពត និងខេត្តព្រះសីហនុតែម្ដង។
ការសិក្សាលើគម្រោងនេះ ជាការសហការរវាងក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុនជំនាញចិននៃក្រុមហ៊ុនCRBC។
ក្នុងករណីគម្រោងនេះ ធ្វើបានកម្ពុជាក៏នឹងមានផែយុទ្ធសាស្រ្ត នៅស្រុកស្អាង នៅខេត្តតាកែវ និងនៅកែប៕
