កំពតនិងកែបនឹងទាក់ទាញវិនិយោគិនកាន់តែច្រើន ក្រោយរដ្ឋាភិបាលគ្រោងតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ពីភ្នំពេញបន្ថែម

0

ដោយ៖ វឌ្ឍនៈ

ភ្នំពេញ ៖ មួយរយៈក្រោយចុងក្រោយនេះ រដ្ឋាភិបាលកម្ពុជាបានអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជាច្រើន និងសុទ្ធតែជាសមិទ្ធផលធំៗ សម្រាប់ប្រទេសកម្ពុជា ក្នុងនោះ តំបន់សមុទ្រត្រូវបានរាជរដ្ឋាភិបាលយកចិត្តទុកដាក់អភិវឌ្ឍន៍ជាអាទិភាព។

ជាក់ស្ដែង កំពតនិងកែប ជាតំបន់មានការទាក់ទាញមួយលើការវិនិយោគអចលនទ្រព្យ ក្រោយគម្រោងមួយចំនួនបានចេញ និងកំពុងត្រៀមអភិវឌ្ឍន៍នៅពេលខាងមុខ។

គម្រោងដែលតភ្ជាប់ទៅកាន់ខេត្តកំពតនិងកែប មានផ្លូវជាតិលេខ៣ ត្រូវបានអភិវឌ្ឍនិងលើកកម្ពស់កាន់តែងាយស្រួលធ្វើដំណើរជាងមុន និងផ្លូវជាតិលេខ៤១ តភ្ជាប់ពីផ្លូវជាតិលេខ៤ត្រង់ចំណុចថ្នល់ទទឹងទៅផ្លូវជាតិលេខ៣ ត្រង់ចំណុចចំណោតលោកយាយម៉ៅ ក៏កំពុងមានគម្រោងការជួសជុលលើកកម្ពស់ឡើងវិញ។ ក្រៅពីនេះ ផ្លូវជាតិលេខ៣១និងផ្លូវជាតិលេខ៣៣ ក៏ត្រូវបានដាក់ក្នុងផែនការ ដើម្បីជួសជុលកែលម្អជាថ្មី ដូច្នេះផ្លូវទៅកាន់តំបន់សមុទ្រ ខេត្តកែប និងកំពតកាន់តែមានភាពងាយស្រួល និងទាក់ទាញដល់ការវិនិយោគបន្ថែមទៀតផងដែរ។

លោក ងិន ភារម្យ ភ្នាក់ងារអចលនវត្ថុមួយរូបប្រចាំខេត្តកែប និងកំពតបានលើកឡើងថា បច្ចុប្បន្ននេះ អ្នកពីភ្នំពេញ និងពីបណ្ដាខេត្តនានា ដែលចង់មកលេងខេត្តកំពត កែប កាន់តែមានភាពងាយស្រួលក្នុងការធ្វើដំណើរហើយកត្តាទាំងនេះ នឹងជំរុញឱ្យពលរដ្ឋពីបណ្ដាខេត្តផ្សេងៗ និងពលរដ្ឋនៅភ្នំពេញ ស្វែងរកដីធ្លីក្នុងខេត្តកំពត សម្រាប់ទុកលក់ចំណេញ ឬក៏អ្នកខ្លះទៀតទិញ ដើម្បីទុកសង់ផ្ទះលំហែកាយ សម្រាប់មកលេងម្ដងម្កាល ពេលឈប់សម្រាក ជាពិសេសពលរដ្ឋរស់នៅភ្នំពេញ ។

លោកបន្តថា ការវិនិយោគនៅក្នុងខេត្តកំពតនិងកែប នាពេលបច្ចុប្បន្ននេះ ភាគច្រើន ផ្ដោតទៅលើទេសចរណ៍ ដូចជា ផ្ទះលំហែ ផ្ទះសំណាក់ សណ្ឋាគារ ភោជនីយដ្ឋាន និងតំបន់រមណីយដ្ឋាន ជាដើម ដោយឡែក សំណង់ផ្សេងទៀតមានដែរ ក្នុងកម្រិតតិចតួច។

លោករំពឹងថា ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធបន្ថែម តភ្ជាប់ពីភ្នំពេញទៅកាន់ខេត្តកំពត និងកែបនឹងនាំមកនូវការវិនិយោគដីធ្លី និងសំណង់ នៅក្នុងខេត្តទាំងពីរនេះបន្ថែមទៀត ស្របជាមួយនឹងរដ្ឋបាលខេត្តទាំងពីរក៏កំពុងរៀបចំរចនាសម្ព័ន្ធ និងកន្លែងកម្សាន្តថ្មីៗនៅក្នុងខេត្ត ដើម្បីទាក់ទាញទេសចរណ៍ផងដែរ។

លោក ជិន ណារិន នាយកក្រុមហ៊ុន Sunshine Real Estate   ក៏បានឱ្យដឹងដែរថា ស្របនឹងរដ្ឋាភិបាលក៏ដូចជាក្រសួងបានអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធពីភ្នំពេញ និងបណ្ដាខេត្តនានាចូលមកកាន់កំពតនិងកែបហើយ រដ្ឋបាលខេត្តក៏បានខិតខំអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្តបន្ថែម។

លោកជឿជាក់ថា នឹងធ្វើឱ្យខេត្តទាំងពីរកាន់តែមានការទាក់ទាញ ជាពិសេសរំពឹងថា តម្លៃដីធ្លីនឹងកើនឡើងជាបន្តបន្ទាប់ ជាមួយនឹងសកម្មភាពទិញលក់ក៏រំពឹងថានឹងកើនឡើងដូចគ្នា។

លោក ប៉ូ អ៊ាវគង់ នាយកប្រតិបត្តិនៃក្រុមមហ៊ុនAdvance ក៏បានលើកឡើងថាការអភិវឌ្ឍផ្លូវពីភ្នំពេញ ទៅកំពតវាមិនត្រឹមតែផ្ដល់សក្ដានុពលនៅក្នុងខេត្តកំពតប៉ុណ្ណោះទេ តែតំបន់នៅតាមបណ្ដោយផ្លូវនោះ ក៏នឹងមានសក្ដានុពលទាក់ទាញការវិនិយោគផងដែរ។

លោកបន្តថា ក្នុងនោះ យើងបានឃើញថាតំបន់នៅតាមបណ្ដោយផ្លូវជាតិលេខ៣មានការទាក់ទាញខ្លាំងជាងមុនទៅលើឧស្សាហកម្ម រោងចក្រសហគ្រាស និងស្ថានីយ៍ប្រេងឥន្ធនៈជាដើម ដែលធ្វើឱ្យតម្រូវការនៃការប្រើប្រាស់ដីធ្លី នៅតាមបណ្ដោយផ្លូវជាតិលេខ៣ កាន់តែមានសន្ទុះបន្ថែម៕

LEAVE A REPLY

Please enter your comment!
Please enter your name here