គម្រោងដែលផ្អាកដំណើរការ នៅក្រុងបាវិតចាប់ផ្ដើមសាងសង់បន្តឡើងវិញ បន្ទាប់ពីទទូលដំណឹងពីផ្លូវល្បឿនលឿន

0

ដោយៈវឌ្ឍនៈ

ភ្នំពេញៈ ក្រោយផ្អាកដំណើរការអស់មួយរយៈ ចាប់តាំងពីចុងឆ្នាំ២០១៩ ពោលគឺការចាកចេញរបស់ជនជាតិចិនពីកម្ពុជា ដោយសារតែបិទហ្គេមអនឡាញ គម្រោងមួយចំនួននៅក្រុងបាវិត នៃខេត្តស្វាយរៀងត្រូវបានមើឃើញថា ចាប់ផ្ដើមដំណើរការសាងសង់ឡើងវិញ និងរំពឹងថានឹងធ្វើឱ្យសកម្មភាព នៃវិស័យអចលនទ្រព្យក្នុងតំបន់នេះ ជាពិសេសដីធ្លីកម្រើកឡើងវិញដែរ។

លោកថា ថេង ប្រធានសាខានៃក្រុហ៊ុនអចលនទ្រព្យ Century 21 Zillion Holding ប្រចាំខេត្តស្វាយរៀងបានឱ្យដឹងថា មួយរយៈចុងក្រោយនេះ គម្រោងអភិវឌ្ឍន៍របស់ឯកជនមួយចំនួន ដែលបានផ្អាកដំណើរការកាលពីពេលកន្លងមកនេះ បានចាប់ផ្ដើមដំណើរការសកម្មភាព ឡើងវិញហើយ ដែលជាសញ្ញាវិជ្ជមាន សម្រាប់ការអភិវឌ្ឍនៅក្នុងខេត្តស្វាយរៀងជាពិសេសក្រុងបាវិត ។

លោកបន្តថា “គម្រោងអភិវឌ្ឍន៍ថ្មីៗ ក៏បានលេចចេញជារូបរាងនៅក្នុងទឹកដីនៃខេត្តស្វាយរៀង ទាំងប៉ែកខាងកើតនិងខាងលិចទន្លេវ៉ៃគោ ដែលបានជំរុញឱ្យតម្លៃដីធ្លី នៅក្នុងខេត្តមានសន្ទុះបន្ថែមមួយកម្រិតទៀត”។លោក​បន្តថា “បច្ចុប្បន្នតម្លៃដីធ្លីនៅប៉ែកខាងលិច ទីរួមខេត្តស្វាយរៀង នៅតាមបណ្ដោយផ្លូវជាតិលេខ១ អាចមានតម្លៃចន្លោះពី១០០ដុល្លារ ទៅ២៥០ដុល្លារអាមេរិកក្នុងមួយការ៉េ។ នេះគឺនិយាយតែដីដែលមិនទាន់ចាក់បំពេញឬដីដែលមិនទាន់ស្អាតនៅឡើយទេ ហើយសម្រាប់ដីដែលបានចាក់បំពេញរួចរាល់ គឺតម្លៃរបស់វាមានតម្លៃខ្ពស់ជាងនេះបន្ថែមទៀត”។

លោកថា ថេងបានបន្តទៀតថា បើនិយាយពីដីដែលនៅក្នុងទីរួមខេត្ត ក៏មានតម្លៃចន្លោះជុំវិញ១០០០ដុល្លារអាមេរិក ក្នុងមួយម៉ែត្រការ៉េ ពីព្រោះ បច្ចុប្បន្ននេះទីរួមខេត្ត ក៏មានការអភិវឌ្ឍលឿនរហ័សដែរ ។ ដោយឡែកដីនៅក្រុងបាវិត ជាដីដែលមានតម្លៃខ្ពស់ ក្នុងចំណោមតំបន់នានាក្នុងខេត្តស្វាយរៀង។ ក្នុងនោះវាមានតម្លៃជាង១០០០ដុល្លារអាមេរិក ក្នុងមួយម៉ែត្រការ៉េ ស្របនឹងតំបន់នោះ ជាតំបន់ឧស្សាហកម្ម ពាណិជ្ជកម្ម និងសេវាកម្ម។

លោកបានបន្ថែមថា កត្តាមួយចំនួនបានធ្វើឱ្យតម្លៃដីធ្លី ហក់ឡើងមួយកម្រិតទៀតមែន តែវាមិនហក់ឡើងខ្ពស់ណាស់ណាទេ ក្នុងនោះមានកត្តា ការអភិវឌ្ឍឡើងវិញ នៃគម្រោងដែលទុកចោលមួយរយៈ កន្លងមកនេះ គម្រោងអភិវឌ្ឍន៍របស់ឯកជន បានចូលទៅកាន់ទឹកដី ខេត្តស្វាយរៀង ដូចជាគម្រោងអភិវឌ្ឍន៍លំនៅឋាន ដែលមានលក្ខណៈជាបុរី គម្រោងអភិវឌ្ឍន៍ដីឡូត៏ និងគម្រោងឧស្សាហកម្មធំៗ នៅក្នុងក្រុងបាវិតជាដើម ។

ជាមួយគ្នានេះ លោកឧកញ៉ា នួន រឹទ្ធីប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនអចលនទ្រព្យ KFA ក៏បានលើកឡើងផងដែរថា គម្រោងផ្លូវល្បឿនលឿនភ្នំពេញ បាវិត ក៏បានធ្វើឱ្យវិនិយោគិនចាប់អារម្មណ៍ លើការវិនិយោគក្នុងទឹកដីខេត្តព្រៃវែង និងស្វាយរៀងផងដែរ ហើយគម្រោងនេះក៏បានជំរុញឱ្យមានការស្វែងរកទិញដីទុក ដើម្បីវិនិយោគនិងអភិវឌ្ឍន៍នៅពេលអនាគត ផងដែរ។

ចំណែកលោកច្រឹក សុខនីមប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាបានឱ្យដឹងផងដែរថា ការវិនិយោគអចលនទ្រព្យក្នុងស្ថានភាពបែបនេះ មានតែពឹងលើវិនិយោគិនក្នុងស្រុកយើងទេ ដែលអាចជួយរក្សាកំណើននៃវិស័យនេះ ឱ្យមានសន្ទុះទៅមុខបន្តទៀត ស្របនឹងវិនិយោគិ​នបរទេស នៅតែបន្តមានការរារាំងពីកត្តាមួយចំនួន៕

LEAVE A REPLY

Please enter your comment!
Please enter your name here