ដោយៈ គង់ សូរិយា
ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់កម្ពុជា ថៃបានជួបពិភាក្សាគ្នា ដើម្បីសិក្សាពីផែនការតភ្ជាប់ប្រព័ន្ឋដឹកជញ្ជូន និងភស្តុភារកម្មនៃប្រទេសទាំងពីរ។
ជំនួបពិភាក្សានេះ ធ្វើឡើងរវាងលោកឈៀង ពេជ្រ អគ្គនាយក នៃអគ្គនាយកដ្ឋានភស្តុភារកម្ម នៃក្រសួងសាធារណការ និងដឹកជញ្ជូន និងលោកជំទាវ Arjaree Sriratanaban អគ្គនាយក នៃអគ្គនាយកដ្ឋានកិច្ចការអាស៊ីបូពា៍ នៃក្រសួងការបរទេសថៃ ដើម្បីសិក្សាអំពីផែនការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូន និងភស្តុភារកម្មរវាងប្រទេសទាំងពីរ។
-->

ក្នុងជំនួបទ្វេភាគីនេះ លោកអគ្គនាយក បានធ្វើបទបង្ហាញពីផែនការមេស្តីពី ការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនពហុមធ្យោបាយ និងភស្តុភារកម្ម (Intermodal Transport Connectivity and Logistics System Master Plan) ដែលក្រសួងសាធារណការ និងដឹកជញ្ជូន និងឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ កំពុងសហការរៀបចំ។
លោកអគ្គនាយកក៏បានជម្រាបជូនគណៈប្រតិភូថៃ អំពីវឌ្ឍនភាពនៃការសាងសង់ រចនាសម្ព័ន្ធច្រកទ្វារព្រំដែន CBF (Cross Border Facilities) នៅស្ទឹងបត់-បានណងអៀន ដែលជាប្រាក់កម្ចីរបស់រាជរដ្ឋាភិបាលថៃ និងការអភិវឌ្ឍប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងភស្តុភារកម្មនៅក្នុងក្របខ័ណ្ឌទូទាំងប្រទេសកម្ពុជាផងដែរ។
ភាគីទាំងពីរ ក៏បានពិភាក្សាផ្លាស់ប្តូរទស្សនៈយោបល់ ទៅលើនីតិវិធីក្នុងការបើកច្រកបណ្តោះអាសន្ន ស្ទឹងបត់-បានណងអៀន ដើម្បីកាត់បន្ថយការកកស្ទះនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត -អារញ្ញប៉ាថេត និងការបើកច្រកទ្វារអន្តរជាតិថ្មដា-តាសែនផងដែរ ក្នុងគោលបំណងធ្វើឱ្យប្រសើរឡើងនៃការតភ្ជាប់ និងជំរុញលំហូរនៃការដឹកជញ្ជូនទំនិញ និងអ្នកដំណើររវាងប្រទេសទាំងពីរឱ្យកាន់តែប្រសើរឡើង៕
