ក្រសួងពាណិជ្ជកម្មត្រៀមរៀបចំសន្និបាត “សហព័ន្ឋស្វាយចន្ទីរកម្ពុជា”នៅដើមខែតុលាខាងមុខ

0

ដោយៈ ម៉ាលីនណា

       ភ្នំពេញៈ ក្រុមការងារចម្រុះ រៀបចំគោលនយោបាយស្វាយចន្ទីកម្ពុជា រៀបចំកិច្ចប្រជុំ ត្រៀមរៀបចំសន្និបាតកំណើតដំបូង “សហព័ន្ធស្វាយចន្ទីកម្ពុជា” នៅដើមខែតុលាខាងមុខនេះ។

កិច្ចប្រជុំដើម្បីរៀបចំសន្និបាតខាងលើនេះ ដឹកនាំដោយលោក រាជ រ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាអនុប្រធានក្រុមការងារចម្រុះ និងមានការចូលរួមពីថ្នាក់ដឹកនាំជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សា ក្រសួង លោកអគ្គនាយករងជំរុញពាណិជ្ជកម្ម លោក-លោកស្រីតំណាងនាយកដ្ឋានគោលនយោបាយពាណិជ្ជកម្ម នាយកដ្ឋានអភិវឌ្ឍន៍វិស័យឯកជន ដៃគូអភិវឌ្ឍន៍ និងតំណាងវិស័យឯកជនពាក់ព័ន្ធ។

លោករាជ រ៉ាបានមានប្រសាសន៍ថា សមាគមសហព័ន្ធស្វាយចន្ទី គឺជាផ្នែកមួយ តំណាងសំឡេងវិស័យឯកជនដ៏សំខាន់ ក្នុងវិស័យស្វាយចន្ទី ដូចមានចែងក្នុងសេចក្តីព្រាង គោលនយោបាយជាតិស្តីពីស្វាយចន្ទី និងជាកម្លាំងចលករសំខាន់ ក្នុងការអនុវត្តគោលនយោបាយ ឱ្យកាន់តែមានប្រសិទ្ធភាព ឆ្លើយតបនឹងតម្រូវការទីផ្សារក្នុងស្រុក និងពិភពលោក។

លោកបន្តថា “ដូចនេះ ទើបក្រសួងត្រូវយកចិត្តទុកដាក់ខ្ពស់ ក្នុងការដឹកនាំកិច្ចប្រជុំ ដើមី្បពិនិត្យសេចក្ដីព្រាងលក្ខន្តិកៈសហព័ន្ធ នីតិវិធីបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាភិបាល និងដំណើរការត្រៀមរៀបចំសន្និបាត ដែលគ្រោងធ្វើឡើងនៅខែតុលាខាងមុខ និងប្រឹក្សាសម្របសម្រួលអំពីនីតិវិធីចុះបញ្ជីសហព័ន្ធនៅក្រសួងមហាផ្ទៃ”។

បន្ទាប់មកកិច្ចប្រជុំបានទទួលស្តាប់នូវបទបង្ហាញ ដែលធ្វើឡើងដោយតំណាងវិទ្យាស្ថានCIRD និងនាយកដ្ឋានអភិវឌ្ឍន៍វិស័យឯកជន អំពីសារបាន ការរៀបចំសេចក្តីព្រាងលក្ខន្តិកៈសហព័ន្ធ នីតិវិធីនៃការរៀបចំបោះឆ្នោតជ្រើសរើសក្បាលម៉ាស៊ីនដឹកនាំសហព័ន្ធ និងដំណើរការចុះបញ្ជីនៅក្រសួងមហាផ្ទៃ។ល។

បន្ទាប់មកកិច្ចប្រជុំ បានបើកកិច្ចពិភាក្សាយ៉ាងផុលផុស លើចំណុចសំខាន់ៗតាមរបៀបវារៈ និងបានពិនិត្យលម្អិតលើសេចក្តីព្រាង លក្ខន្តិកៈដែលបានរៀបចំដោយតំណាងដៃគូអភិវឌ្ឍន៍៕

LEAVE A REPLY

Please enter your comment!
Please enter your name here