តម្លៃផ្ទះក្នុងប្រទេសជាច្រើនទូទាំងពិភពលោកធ្លាក់ចុះខ្លាំង ខណៈបណ្ដាធនាគារកណ្ដាលដំឡើងអត្រាការប្រាក់

0

ដោយៈ សុខុម

ហុងកុង: ស្ត្រីកូនពីរឈ្មោះ Farrah Gutierrez វ័យ៤៥ឆ្នាំ និងស្វាមីរបស់គាត់ឈ្មោះ Angelo Gutierrez មានបំណងទិញផ្ទះនៅក្នុងទីក្រុង Vancouver ប្រទេសកាណាដា បន្ទាប់ពីផ្លាស់ចេញពីទីក្រុង Winnipeg ប្រទេសនេះ។

ស្ត្រីដែលមានដើមកំណើតហ្វីលីពីន រូបនេះ និងគ្រួសាររបស់គាត់បានតាំងទីលំនៅ ក្នុងប្រទេសកាណាដា ក្នុងឆ្នាំ២០១៨។ ដំបូងឡើយគ្រួសារគាត់បានរស់នៅក្នុងទីក្រុងWinnipeg អស់រយៈពេល៣ឆ្នាំ មុនពេលសម្រេចចិត្ត ផ្លាស់មករស់នៅក្នុងទីក្រុង Vancouver ដោយគិតថាវានឹងល្អប្រសើរសម្រាប់គ្រួសាររបស់គាត់។

ទោះជាយ៉ាងណា ពេលវេលាមិនស័ក្ដិសម ហើយបានធ្វើឱ្យពួកគាត់ខកបំណង។

ស្ត្រីរូបនេះនិយាយថា “នៅក្រុង Winnipeg យើងអាចទិញផ្ទះសមរម្យមួយ ក្នុងតម្លៃប្រមាណជាង២២៧.០០០ដុល្លារអាមេរិក ប៉ុន្តែនៅទីនេះក្នុងទីក្រុងVancouver ផ្ទះប្រហាក់ប្រហែលគ្នា មានតម្លៃរហូតដល់ទៅប្រមា​ណ១,២៦លានដុល្លារអាមេរិកឯណោះ។ ដោយសារអត្រាការប្រាក់សម្រាប់កម្ចីទិញផ្ទះកើនឡើង គួបផ្សំជាមួយនឹងអតិផរណាហក់ឡើង យើងត្រូវការពេលវេលាបន្ថែមទៀត ដើម្បីសម្រេចក្តីសុបិនរបស់យើង ក្នុងការមានផ្ទះមួយផ្ទាល់ខ្លួន”។

ស្ថានភាពបែបនេះ មិនមែនកើតឡើងតែទៅលើអ្នកស្រី Farrah Gutierrez និងគ្រួសាររបស់គាត់នោះឡើយ។ នៅទូទាំងពិភពលោក អាជ្ញាធររូបិយវត្ថុ កំពុងប្រឈមមុខដោះស្រាយបញ្ហា ទំនិញប្រើប្រាស់ហក់ឡើងថ្លៃដោយសារការដំឡើងអត្រាការប្រាក់ ដែលធ្វើឱ្យអ្នកប្រើប្រាស់មិនសូវមានលទ្ធភាពទិញដូចមុន រួមទាំងអ្នកទិញផ្ទះផងដែរ។ នេះបើយោងតាមសារព័ត៌មាន South China Morning Post ចុះផ្សាយកាលពីថ្ងៃពុធ ទី២១ ខែកញ្ញា។

ធនាគារវិនិយោគដ៏ធំ Goldman Sachs និយាយថា នៅក្នុងឆមាសទី២ ចុងឆ្នាំ២០២២ តម្លៃមូលធនអចលនទ្រព្យប្រភេទលំនៅដ្ឋាន ក្នុងទីក្រុងចំនួន៣០ ដែលខ្លួនឃ្លាំមើលនៅក្នុងទីផ្សារសំខាន់ៗ ទំនងជាកើនឡើង២,២% បើធៀបនឹងអត្រា២,៤%ក្នុងឆមាសទី១។

ទោះជាយ៉ាងណា ធនាគារនេះបានព្យាករថា តម្លៃផ្ទះនៅប្រទេសធំៗមួយចំនួននឹងធ្លាក់ចុះខ្លាំង តួយ៉ាងនៅក្នុងប្រទេសកាណាដា នឹងធ្លាក់ចុះរហូតដល់ទៅ១២% នៅក្នុងប្រទេសបារាំង នឹងធ្លាក់ចុះ៩% ហើយនៅសហរដ្ឋអាមេរិក នឹងធ្លាក់៣%នៅរយៈពេល២ឆ្នាំខាងមុខ។

ទន្ទឹមនេះ តម្លៃផ្ទះនៅប្រទេសអូស្ត្រាលី និងប្រទេសនូវែលសេឡង់ ក៏បានធ្លាក់ចុះផងដែរ។

យោងតាមទិន្នន័យរបស់រដ្ឋាភិបាល ដែលបានចេញផ្សាយកាលពីសប្តាហ៍មុនបង្ហាញថា តម្លៃផ្ទះជាមធ្យម នៅក្នុងប្រទេសនូវែលសេឡង់ បានធ្លាក់ចុះ៥,៩%ក្នុងខែសីហា ធៀបនឹងឆ្នាំមុន។

លើសពីនេះ ក្រុមហ៊ុនអចលនទ្រព្យ Cushman & Wakefield បានព្យាករថា តម្លៃផ្ទះនៅហុងកុង នឹងធ្លាក់ចុះរហូតដល់ទៅ៨% ខណៈប្រតិបត្តិការទិញ លក់ ទំនងជាដាំក្បាលចុះខ្លាំង រហូតដល់ទៅ៣៥%សម្រាប់ឆ្នាំ២០២២ ទាំងមូល។

ទន្ទឹមនឹងនេះដែរ ការប៉ាន់ប្រមាណបឋមអំពី តម្លៃសរុបនៃផ្ទះនៅប្រទេសអូស្ត្រាលី ក្នុងត្រីមាសគិតត្រឹមខែមិថុនា បានធ្លាក់ចុះ១,៦% បើធៀបនឹងត្រីមាសមុន។ យោងតាមការិយាល័យស្ថិតិអូស្ត្រាលី បង្ហាញថា នេះគឺជាការធ្លាក់ចុះប្រចាំត្រីមាសដំបូង ក្នុងរយៈពេល២ឆ្នាំមកនេះ។

ការធ្លាក់ចុះតម្លៃផ្ទះនេះកើតមានឡើង បន្ទាប់ពីធនាគារកណ្ដាលដំឡើងអត្រាការប្រាក់។ ធនាគារកណ្ដាលអូស្ត្រាលី បានចាប់ផ្តើមដំឡើងអត្រាការប្រាក់ក្នុងឆមាសទី១ ដើមឆ្នាំ២០២២ ដោយលើកចុងក្រោយបានដំឡើងកន្លះពិន្ទុឈានដល់២,៣៥%ក្នុងខែនេះ។

ទន្ទឹមនេះ ធនាគារកណ្ដាលនៃប្រទេសនូវែលសេឡង់ ក៏បានដំឡើងអត្រាការប្រាក់ចំនួន៥ដងដែរក្នុងឆ្នាំនេះ ដោយធ្វើឱ្យអត្រាការប្រាក់ឡើងដល់៣%៕ South China Morning Post៕

LEAVE A REPLY

Please enter your comment!
Please enter your name here