ដោយៈ សុផារី
ភ្នំពេញៈ ក្រុមហ៊ុន Double Door ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានសម្លឹងឃើញសក្តានុពល និងកាលានុវត្តភាពខ្ពស់ នៃវិស័យអចលនទ្រព្យ នៅក្នុងប្រទេសកម្ពុជា។
ក្រុមហ៊ុននេះបានបង្ហាញចំណាប់អារម្មណ៍ លើការវិនិយោគក្នុងវិស័យនេះនៅក្នុងខេត្តចំនួន៥។
ដោយៈ សុផារី
ភ្នំពេញៈ ក្រុមហ៊ុន Double Door ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានសម្លឹងឃើញសក្តានុពល និងកាលានុវត្តភាពខ្ពស់ នៃវិស័យអចលនទ្រព្យ នៅក្នុងប្រទេសកម្ពុជា។
ក្រុមហ៊ុននេះបានបង្ហាញចំណាប់អារម្មណ៍ លើការវិនិយោគក្នុងវិស័យនេះនៅក្នុងខេត្តចំនួន៥។
លោកស្រី Amy Kwan ស្ថាបនិករបស់ក្រុមហ៊ុន Double Door បានសំដែងការចាប់អាម្មណ៍យ៉ាងខ្លាំង ចំពោះវិស័យអចលនទ្រព្យនៅកម្ពុជា ដោយសារសម្លឹងឃើញសក្តានុពល និងកាលានុវត្តភាពខ្ពស់ ពិសេសគឺការប្រើប្រាស់វិស័យបច្ចេកវិទ្យា សម្រាប់ដោះស្រាយបញ្ហានានា ក្នុងវិស័យអចលនទ្រព្យ។
លោកស្រីបានលើកឡើងថា កម្ពុជាគឺជាប្រទេសទី១ ដែលលោកស្រីបានជ្រើសរើសធ្វើដំណើរទស្សនៈកិច្ច ក្នុងចំណោមប្រទេសនានានៅទ្វីបអាស៊ី ដោយសារកម្ពុជាជាប្រទេស ដែលមានភាពទាក់ទាញខ្លាំង ហើយប្រទេសពីរទៀតគឺ វៀតណាម និងឥណ្ឌា។
លោកស្រីបានមានប្រសាសន៍ថា “ខេត្តចំនួន៥នៅកម្ពុជាដែលគួរឲ្យចាប់អារម្មណ៍ជាងគេ ហើយដែលលោកស្រី បានធ្វើទស្សនៈកិច្ចរួចរាល់ហើយនោះ គឺរាជធានីភ្នំពេញ ខេត្តកំពត ខេត្តព្រះសីហនុ ខេត្តបន្ទាយមានជ័យ និងខេត្តសៀមរាប”។
លោកស្រីបានសម្លឹងឃើញថា ទីផ្សារអចលនទ្រព្យនៅសហរដ្ឋអាមេរិក ហាក់មានសភាពជាប់គាំង ជាហេតុធ្វើឲ្យពលរដ្ឋអាមេរិកជាច្រើន កំពុងសម្លឹងរកកាលានុវត្តភាពវិនិយោគ ក្នុងវិស័យអចលនទ្រព្យនៅក្រៅប្រទេស ហើយលោកស្រីមានឆន្ទៈ រួមចំណែកក្នុងការកៀងគរ អ្នកដែលមានលទ្ធភាពទិញអចលទ្រព្យ ពីសហរដ្ឋអាមេរិកមកកម្ពុជា ព្រមទាំងធ្វើឲ្យកម្ពុជាក្លាយជាទីផ្សារអចលនទ្រព្យ ដែលកាន់តែមានភាពទាក់ទាញ សម្រាប់ពលរដ្ឋអាមេរិក។
លោក មាស សេងអនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មបាន ស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះវត្តមានរបស់លោកស្រី Amy Kwan ក៏ដូចជាក្រុមហ៊ុន Double Door នៅកម្ពុជា ដោយបានពន្យល់ និងផ្តល់ជាអនុសាសន៍ដល់លោកស្រី ពាក់ព័ន្ធនឹងការចាប់ផ្តើមអាជីវកម្មនៅកម្ពុជា ដោយបានចង្អុលបង្ហាញឲ្យលោកស្រី បានស្គាល់អំពីជនបង្គោល តួអង្គសំខាន់ៗ និងស្ថាប័នពាក់ព័ន្ធនានា ដើម្បីស្នើសុំចុះបញ្ជីពាណិជ្ជកម្ម ចុះបញ្ជីពន្ធដារ ស្នើសុំអាជ្ញាប័ណ្ណអចលនវត្ថុ ព្រមទាំងស្វែងយល់ឲ្យកាន់តែលម្អិតបន្ថែមទៀត អំពីវិស័យអចលនទ្រព្យនៅកម្ពុជា។
លោកក៏បានបញ្ជាក់ថា ក្រសួងពាណិជ្ជកម្មកម្ពុជា តែងតែរៀបចំពិព័រណ៍ពាណិជ្ជកម្មនានាជាប្រចាំ ទាំងក្នុង និងក្រៅប្រទេស ដើម្បីបង្កលក្ខណៈងាយស្រួលដល់វិនិយោគិនជាតិ និងអន្តរជាតិ ក្នុងការចាប់ដៃគូអាជីវកម្ម និងបង្កើតឲ្យមានកាលានុវត្តភាពក្នុងការវិនិយោគរួមគ្នា។
ក្រុមហ៊ុន Double Door ត្រូវបានបង្កើតឡើងនៅឆ្នាំ២០១៧ នៅសហរដ្ឋអាមេរិក ដែលជាក្រុមហ៊ុនឈានមុខគេ ក្នុងការប្រើប្រាស់បច្ចេកវិទ្យា ក្នុងការដោះស្រាយបញ្ហានានា ក្នុងវិស័យអចលនទ្រព្យ។ Double Door គឺជាក្រុមហ៊ុនផ្តោតតែលើទីផ្សារអចលនទ្រព្យ នៅក្រៅសហរដ្ឋអាមេរិក ដោយមិនផ្តោតលើអចលនទ្រព្យ ក្នុងទីផ្សារសហរដ្ឋអាមេរិកឡើយ៕