ដោយៈ ស៊ីវ ម៉េង
ភ្នំពេញៈ ក្រុមហ៊ុន PropNex Cambodia ដែលជាផ្នែកមួយនៃក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ ដែលបានចុះបញ្ជីស្របច្បាប់ធំជាងគេលេខមួយរបស់ប្រទេសសិង្ហបុរី បានប្រារព្ធពិធីបើកសម្ពោធ ជាផ្លូវការនៅក្នុងសណ្ឋាគារ Raffles Hotel Le Royal នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា
ជាមួយនឹងជំនឿលើការបន្ថែមតម្លៃ និងការផ្តល់នូវសេវាកម្មដ៏ល្អបំផុត PropNex ដែលដឹកនាំដោយក្រុមអ្នកគ្រប់គ្រង ដែលមានទស្សនៈវិស័យច្បាស់លាស់បាន និងកំពុងបំពាក់បំប៉ន ដល់ក្រុមអ្នកជំនាញអចលនទ្រព្យលំដាប់ពិភពលោកជាច្រើន។
-->

ការរួមបញ្ចូលគ្នាដ៏ជោគជ័យនេះ បាននាំឱ្យមានកំណើនខាងអាជីវកម្មដ៏អស្ចារ្យ និងការពង្រីកតំបន់ប្រកបអាជីវកម្ម របស់ខ្លួនបន្ថែមទៀត។ PropNex Cambodia មានសេវាកម្មអចលនទ្រព្យ ដែលមានវិសាលភាពពេញលេញ ដូចជា ទីផ្សារសម្រាប់គម្រោងផ្សេងៗ ការជួលផ្ទះ និងអគារពាណិជ្ជកម្ម ការវិនិយោគលើដីធ្លី ការវាយតម្លៃអចលនទ្រព្យ ការប្រឹក្សា និងស្រាវជ្រាវលើអចលនាទ្រព្យ និងការគ្រប់គ្រងលើអចលនទ្រព្យជាដើម។
ពួកគេប្រាថ្នាចង់ឱ្យក្រុមភ្នាក់ងារ អចលនទ្រព្យរបស់ពួកគេពេញដោយក្រុមភ្នាក់ងារអចលនទ្រព្យ ដែល មាន ក្រម សីលធម៌ និង មាន បទ ពិសោធ ខ្ពស់ក្នុងការមើល ថែទាំ និង យក ចិត្ត ទុក ដាក់ លើ អតិថិជន យកអតិថិជន ជា អាទិភាព។ នាពេលបច្ចុប្បន្ននេះ ក្រុមហ៊ុនអចលនទ្រព្យ PropNex Cambodia មានភ្នាក់ងារអចលនទ្រព្យជំនាញ របស់ខ្លួនសរុបចំនួន400 នាក់ ហើយក្រុមហ៊ុនសង្ឃឹមថា ក្រុមហ៊ុននឹងសម្រេចបាននូវបុគ្គលិកផ្នែកលក់សរុបចំនួន1000 នាក់នៅឆ្នាំក្រោយ ឆ្នាំ2023ខាងមុខនេះ។
លោកAlan Neo ប្រធានក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ PropNex Cambodia បានមានប្រសាសន៍ក្នុងពិធីបើកសម្ភោធក្រុមហ៊ុនកាលពីថ្ងៃទី២៣ កញ្ញាកន្លងមកថា “PropNex បានមកដល់ប្រទេសកម្ពុជា ក្នុងខែឧសភា ឆ្នាំ2021។ យើងបានជ្រើសរើសបើកដំណើរការ ទៅភ្នាក់ងាររបស់យើងនៅទីនេះ ក្នុងអំឡុងពេលCovid ព្រោះក្នុងអំឡុងពេលនោះ វាជាឱកាសថ្មីមួយទៀតរបស់យើង។
លោកបន្តថា “កម្ពុជា ជា ទីផ្សារ ដែល កំពុង រីកចម្រើនខ្លាំង ហើយនៅ ខ្វះ ភ្នាក់ងារដែលមានវិជ្ជាជីវៈ ជាច្រើន”។ លោកបន្តថា “យើងជឿជាក់ថាអចលនទ្រព្យនៅទីនេះ នឹងមានការរីកចម្រើនយ៉ាងខ្លាំងនាពេលអនាគតដ៏ខ្លីខាងមុខនេះ”។
លោកAlan Neoបានបន្តថា យើង ជា ភ្នាក់ងារ អចលន ទ្រព្យ ដែល បានចុះ បញ្ជី ត្រឹមត្រូវ លំដាប់លេខ១របស់ សិង្ហបុរី។ យើងផ្តល់នូវសេវាកម្មទូលំទូលាយលើការលក់គម្រោង ការវិនិយោគលើដីធ្លី ផ្តល់នូវសេវាកម្មប្រឹក្សាយោបល់ប្រកបដោយវិជ្ជាជីវៈខ្ពស់។ គោលដៅ និងបំណងប្រាថ្នារបស់យើងសម្រាប់ពេលអនាគត គឺយើងនឹងក្លាយជាទីភ្នាក់ងារដ៏ជំនាញលំដាប់ពិភពលោក។

លោកបន្តថា “យើងចង់ជួយដឹកនាំមនុស្សជំនាន់ក្រោយ អោយមានជំនាញលើអចលនទ្រព្យច្បាស់លាស់។ យើង បាន និង កំពុង បង្កើត មជ្ឈមណ្ឌល បណ្តុះបណ្តាល ដែល ទទួលស្គាល់ ដោយ រដ្ឋាភិបាល ប្រទេសសិង្ហ បុរី ក៏ដូចជា ការនាំយកនូវ ប្រព័ន្ធ IT របស់ប្រទេស សិង្ហ បុរី មកកាន់ ប្រទេស កម្ពុជា ជា លើកដំបូង ដែលមិន ធ្លាប់មាននៅ ក្នុង ប្រទេសកម្ពុជាកន្លងមក”។លោកបន្តថា “រឿងដ៏គួរឱ្យរំភើបជាច្រើនទៀតនឹងមកដល់ប្រទេសមួយនេះ ហើយយើងសង្ឃឹមថា អ្នកនឹងមើលឃើញពីភាពរីកចម្រើនទាំងនេះជាមួយយើង យើង នឹង បន្ត ជ្រើសរើស ដៃគូ សហាការ ដែលត្រឹមត្រូវ ឧស្សាហ៍ព្យាយាម និងផ្តល់នូវសេវាកម្ម ពេញលេញ”។
ជាមួយគ្នានេះ លោកស្រី អាន ធីតា នាយកគ្រប់គ្រងនៃក្រុមហ៊ុន PropNex Cambodia បានថ្លែងពីគោលបំណង និងគោលដៅរបស់លោកស្រីសម្រាប់ឆ្នាំខាងមុខថា “គោលដៅរបស់យើងសម្រាប់ឆ្នាំខាងមុខនេះ គឺអនុវត្តន៍ នូវកម្មវិធីបណ្តុះបណ្តាល ដ៏ទូលំទូលាយរបស់យើង បន្តយកចិត្តទុកដាក់ចំពោះបុគ្គលិករបស់យើង និងចូលរួមចំណែកផ្តល់ត្រឡប់ទៅអោយប្រទេសរបស់យើងវិញ ដោយជួយដល់ក្រុមភ្នាក់ងារអចលនទ្រព្យរបស់យើង ដោយមានការបង្ហាត់បង្រៀនពួកគេ ឱ្យក្លាយទៅជាក្រុមការងារដ៏រឹងមាំ ដើម្បីជួយដល់អតិថិជនទាំងអស់របស់យើង ប្រកបដោយវិជ្ជាជីវៈខ្ពស់។

លោកស្រីបន្តថា “យើងបានធ្វើផ្តល់ពត៍មានជូនអតិថិជន របស់យើងទាំងអស់តាមរយះ ការចេញផ្សាយនូវ បច្ចុប្បន្នភាព ទីផ្សារ អចលនទ្រព្យ ពីមួយដំណាក់កាលទៅមួយដំណាក់កាល”។
ក្នុងកម្មវិធីពិសេសនេះ ក្រុមហ៊ុនបានផ្តល់រង្វាន់ដល់ភ្នាក់ងារអចលនទ្រព្យឆ្នើម ដែលឈ្នះពានរង្វាន់ពីក្រុមហ៊ុន PropNexian Champions មានចំនួន54នាក់ សម្រាប់ឆ្នាំ2020 ដល់ខែមីនា ឆ្នាំ2022កន្លងទៅនេះ។

ពិធីសម្ភោធក្រុមហ៊ុនដ៏ធំនេះ ក៏មានការចូលរូមថ្លែងសន្ទរកថា ពីលោក Alan Lim ស្ថាបនិកក្រុមហ៊ុន និងជានាយកប្រតិបត្តិនៃក្រុមហ៊ុនPropNex និងលោក Lim Yong Hock នាយកប្រតិបត្តិសំខាន់នៃក្រុមហ៊ុន។ ការថ្លែងសុន្ទរកថារបស់គណៈធិបតីកិត្តិយស ពីលោកម៉ី វ៉ាន់ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំង លោក Alvin Koh អនុប្រធានបេសកកម្ម និងតំណាងឯកអគ្គរដ្ឋទូតប្រទេសសិង្ហបុរី ប្រចាំប្រទេសកម្ពុជា លោកជំទាវ Teo Lay Chengផងដែរ៕