ក្រសួងបង្ហាញលក្ខខណ្ឌនៃការបើកបរមួយចំនួនមុនពេលផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុបើកដំណើរការផ្លូវការ

0

ដោយ៖ សុផារី

ក្រុងព្រះសីហនុ៖ មុនពេលត្រូវបើកដំណើរការជាផ្លូវការនៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២២ខាងមុខនេះ ក្រសួងសាធារណការ និងដឹកជញ្ជូនបានបង្ហាញពីលក្ខខណ្ឌគួរយល់ដឹងមួយចំនួន អំពី “ការកំណត់ល្បឿនបើកបរ” នៅលើផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ។

ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២នេះ បានឱ្យដឹងថា សម្រាប់ផ្លូវល្បឿនលឿន ការបើកបរល្បឿនទាបបំផុត(អប្បបរមា) និងលឿនបំផុត(អតិបរមា ) ត្រូវបានកំណត់ដូចខាងក្រោម៖

– ល្បឿនអប្បបរមា ៦០- អតិបរមា១២០km/h រថយន្តគ្រួសារ/ធុនស្រាល

– ល្បឿនអប្បបរមា ៦០- អតិបរមា១០០km/h រថយន្តធុនធ្ងន់មិនមានសណ្តោងសឺម៉ីរ៉ឺម៉ក ឬម៉ូតូ៥០០cc/២៧kWឡើងទៅ

– ល្បឿនអប្បបរមា ៦០- អតិបរមា៨០km/h រថយន្តសណ្តោងសឺម៉ីរ៉ឺម៉ក ឬសណ្តោងយានដំណើរកំសាន្ត

ក្នុងករណីមានផ្លាកសញ្ញាកំណត់ល្បឿនអតិបរមា ក្រសួងសាធារណការបញ្ជាក់ថា អ្នកបើកកបរត្រូវអនុវត្តតាម ជាកំហិត ជំនួសឱ្យគោលការណ៍ខាងលើ។

ក្នុងករណីផ្លូវកោង ច្រកចូលចំហៀងទៅផ្លូវល្បឿនលឿន អ្នកបើកបរត្រូវបានកំណត់ឱ្យបើកបរត្រឹមតែ៤០km/h ប៉ុណ្ណោះ រួចទើបត្រូវបង្កើនល្បឿនដល់៦០km/h។

ដោយឡែក កន្លែងដែលចាំបាច់​ត្រូវ​បន្ថយល្បឿន ក៏ត្រូវបានដាក់នូវគំនូសរំញ័រ(Rumble Stripes) ដើម្បីដាស់តឿនដល់អ្នកបើកបរផងដែរ។

បន្ទាប់ពីចំណាយពេលជាង៤០ខែក្នុងការសាងសង់ ផ្លូវល្បឿនលឿនថ្មី និងដំបូងបំផុតក្នុងប្រទេសកម្ពុជា បានលេចចេញជារូបរាងឡើងយ៉ាងប្រត្យក្ស និងបានត្រៀមខ្លួនរួចរាល់ សម្រាប់ស្វាគមន៍អ្នកដំណើរក្នុងការសាកល្បងប្រើប្រាស់ និងទទួលយកបទពិសោធន៍ថ្មីនៃការបើកបរ។

“ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ” នឹងបើកឱ្យប្រើប្រាស់​សាកល្បង​ដោយឥតគិតថ្លៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២។

ផ្លូវល្បឿនលឿនដែលតភ្ជាប់ពី“រាជធានីភ្នំពេញ” ទៅកាន់ទីក្រុងទេសចរណ៍ និងកំពង់ផែសមុទ្រធំបំផុត “ក្រុងព្រះសីហនុ” មានប្រវែងសរុប១៨៧,០៥គីឡូម៉ែត្រ ត្រូវបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ តភ្ជាប់ពីរាជធានីភ្នំពេញ ទៅដល់ខេត្តព្រះសីហនុ ដោយឆ្លងកាត់ខេត្តកណ្តាល កំពង់ស្ពឺ និងខេត្តកោះកុង៕

  

LEAVE A REPLY

Please enter your comment!
Please enter your name here