ដោយៈ សុខុម
អន្តរជាតិ: នៅលើទីលានក្រហម ឬ Red Square ដ៏ល្បីល្បាញនៃទីក្រុងមូស្គូ ប្រទេសរុស្ស៊ី ឆាកវេទិកាមួយដែលមានផ្ទាំងអេក្រង់វីដេអូធំៗ ត្រូវបានដំឡើង ជាមួយនឹងផ្ទាំងប៉ាណូដែលសរសេរថា “តំបន់ Donetsk តំបន់ Luhansk តំបន់ Zaporizhzhia តំបន់ Kherson នឹងក្លាយជាទឹកដីរបស់រុស្ស៊ី”។
តាមពិតទៅ តំបន់ទាំង៤ខាងលើនេះ ស្ថិតនៅក្នុងប្រទេសអ៊ុយក្រែន ពោលគឺជាទឹកដីរបស់អ៊ុយក្រែន ប៉ុន្តែត្រូវបានកងកម្លាំងរុស្ស៊ី វាយដណ្ដើមកាន់កាប់។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចុះផ្សាយកាលពីថ្ងៃពុធ ទី២៨ ខែកញ្ញា។
-->

ឆាកវេទិកាខាងលើនេះ ត្រូវបានរៀបចំទុករួចជាស្រេច ខណៈតាមសេចក្ដីរាយការណ៍ថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន កំពុងត្រៀមខ្លួនប្រកាសជាផ្លូវការនូវការ ដាក់បញ្ចូលតំបន់ត្រួតត្រាទាំង៤ នៅក្នុងប្រទេសអ៊ុយក្រែន នេះជាឧបសម្ព័ន្ធ ឬបានសេចក្ដីថាប្រកាស កាត់បញ្ចូលតំបន់ទាំងនេះជាទឹកដីរបស់រុស្ស៊ី នៅប៉ុន្មានថ្ងៃខាងមុខ។
ជុំវិញរឿងនេះ អធិការបតីអាល្លឺម៉ង់ លោក Olaf Scholz បានប្រកាសជំហរប្រាប់ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy ថា ប្រទេសអាល្លឺម់ង់ នឹងមិនទទួលស្គាល់ដាច់ខាត នូវការធ្វើប្រជាមតិណាមួយជុំវិញការកាត់តំបន់ត្រួតត្រា នៃប្រទេសអ៊ុយក្រែន ចូលជាទឹកដីរបស់រុស្ស៊ី។

យោងតាមអ្នកនាំពាក្យរដ្ឋាភិបាលអាល្លឺម៉ង់បានឱ្យដឹងថា លោក Olaf Scholz បានបញ្ជាក់ថា ប្រទេសអាល្លឺម៉ង់ នឹងបន្តជួយគាំទ្រអ៊ុយក្រែន ទាំងផ្នែកហិរញ្ញវត្ថុ ផ្នែកនយោបាយ និងផ្នែកមនុស្សធម៌ ហើយនឹងបន្តជួយគាំទ្រអ៊ុយក្រែន នៅក្នុងការការពារដែនអធិបតេយ្យ និងបូរណភាពទឹកដីរបស់ខ្លួន រួមទាំងការផ្ដល់សព្វាវុធផងដែរ។
ទន្ទឹមនឹងនេះ ប្រធាធិបតីនៃប្រទេសស៊ែប៊ី ក៏បានប្រកាសជំហរមិនទទួលស្គាល់ដែរ នូវលទ្ធផលនៃការធ្វើប្រជាមតិ នៅក្នុងតំបន់ទាំង៤របស់អ៊ុយក្រែន ដែលត្រូវបានកងកម្លាំងរុស្ស៊ី កាន់កាប់ដោយអន្លើឬផ្នែកខ្លះ៕ Aljazeera៕
