ដោយៈ សុខុម
សៀងហៃៈ ក្រុមវិនិយោគិនកាលពីថ្ងៃពុធ ទី២៨ ខែកញ្ញា បានសម្រុកលក់ចេញភាគហ៊ុន និងមូលបត្របំណុលបោះផ្សាយ ដោយបណ្ដាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យចិន។
វិបត្តិនេះបានកើតឡើង បន្ទាប់របាយការណ៍មួយបានអះអាងថា ក្រុមហ៊ុន CIFI Holdings (Group) Co បានខកខានទូទាត់បំណុលតាមពេលវេលាកំណត់ ជាហេតុធ្វើឱ្យមានការព្រួយបារម្ភកាន់តែខ្លាំងឡើង ចំពោះវិស័យអចលនទ្រព្យដែលកំពុងជួបវិបត្តិ។
ភាគហ៊ុនរបស់ក្រុមហ៊ុន CIFI Holdings ដែលបានចុះបញ្ជីនៅហុងកុង បានដាំក្បាលចុះរហូតដល់ទៅ៣២,៣% គឺធ្លាក់ចុះខ្លាំងបំផុតមិនធ្លាប់មានកាលពីថ្ងៃពុធ បន្ទាប់ពីក្រុមហ៊ុនផ្ដល់សេវាស៊ើបអង្កេត ឥណទាន Reorg បានរាយការណ៍ថា ក្រុមហ៊ុនអភិវឌ្ឍន៍ចិនមួយនេះ បានខកខានការទូទាត់បំណុលមួយចំនួនធំ។
ជាការឆ្លើយតប ទៅនឹងការចោទសួរជុំវិញរបាយការណ៍នេះ ក្រុមហ៊ុន CIFI Holdings អះអាងថា ខ្លួនកំពុងស្វែងរកដំណោះស្រាយយ៉ាងសកម្ម ប៉ុន្តែមិនបានបញ្ជាក់លម្អិតនោះទេ។
គេហទំព័ររបស់ក្រុមហ៊ុននេះអះអាងថា ក្រុមហ៊ុននេះគឺជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ ចុះបញ្ជីធំបំផុតទី៨ នៅប្រទេសចិន កាលពីឆ្នាំមុន។
ការដាំក្បាលចុះយ៉ាងខ្លាំងនូវភាគហ៊ុននេះ បានធ្វើឱ្យក្រុមវិនិយោគិនសម្រុកលក់ភាគហ៊ុនចេញវិញ។ ភាគហ៊ុន និងមូលបត្របំណុល ដែលបោះផ្សាយដោយបណ្ដា ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យផ្សេងៗទៀត ក៏បានដាំក្បាលចុះខ្លាំងដែរ។
សន្ទស្សន៍តាមដានក្រុមហ៊ុនអភិវឌ្ឍន៍ចិនដីគោក ដែលបានចុះបញ្ជីនៅហុងកុង បានធ្លាក់ចុះជាង៦,៤% ពោលគឺធ្លាក់ចុះខ្លាំងបំផុតមិនធ្លាប់មាន។
នៅទីក្រុងសៀងហៃ មូលបត្របំណុលដែលបោះផ្សាយ ដោយក្រុមហ៊ុនអចលនទ្រព្យ រួមមាន ក្រុមហ៊ុន CIFI Holdings ក្រុមហ៊ុន Sunac Real Estate និងក្រុមហ៊ុន Gemdale Corp គឺដាំក្បាលចុះខ្លាំងជាងគេ។
ការខាតបង់យ៉ាងគំហុក នៅក្នុងទីផ្សារភាគហ៊ុននាសប្ដាហ៍នេះ ក៏បង្ហាញឱ្យឃើញដែរថា បណ្ដាវិនិយោគិនមិនរំពឹងថា នឹងមានការប្រកាសវិធានការថ្មី ដើម្បីជំរុញអចលនទ្រព្យនៅអំឡុងពេល ឬក្រោយពេលសមាជបក្សកុម្មុយនីស្តចិនលើកទី២០ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៦ ខែតុលា នោះឡើយ៕ Reuters៕