ដោយ: លាងហួរ
សិង្ហបុរី: មហាសេដ្ឋីមានបំផុតរបស់ហុងកុងលោក Li Ka-shing កំពុងលក់គម្រោងលំនៅឋានតម្លៃថ្លៃបំផុតមួយ នៅក្នុងទីក្រុងហុងកុង ទៅឱ្យអ្នកគ្រប់គ្រងទ្រព្យសម្បត្តិ ដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរី ចំពេលមានការធ្លាក់ចុះនៃសេដ្ឋកិច្ចពិភពលោក។
ក្រុមហ៊ុនអចលនទ្រព្យដ៏ល្បី CK Asset Holdings បានយល់ព្រមលក់គម្រោង 21 Borrett Roadរបស់ខ្លួនក្នុងតម្លៃប្រមាណ២០,៨ពាន់លានដុល្លារហុងកុង (ឬស្មើនឹង២,៦ពាន់លានដុល្លារអាមេរិក)។
នេះបើយោងតាមការចុះផ្សាយរបស់ផ្សារហ៊ុន កាលពីល្ងាចថ្ងៃពុធម្សិលមិញនេះ ដោយប្រតិបត្តិការនេះត្រូវបានគេរំពឹងថានឹងបញ្ចប់នៅខែមីនា ឆ្នាំ២០២៥ខាងមុខ។
គម្រោងប្រណិតនេះមានលំនៅឋានចំនួន១៥២យូនីត ចំណតរថយន្ត២៤២ និងចំណតម៉ូតូ៣១។ មុននេះ ក្រុមហ៊ុនCK Asset បានចុះកិច្ចសន្យាលក់លំនៅដ្ឋានចំនួន៤ និងកន្លែងចតរថយន្ត៨ ទៅកាន់អ្នកទិញភាគីទីបី។
ទីផ្សារអចលនទ្រព្យរបស់ទីក្រុងហុងកុង ត្រូវបានរងផលប៉ះពាល់យ៉ាងខ្លាំង ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយជំងឺរាតត្បាតនៃកូវីដ១៩ នៅដើមឆ្នាំ២០២០ និងភាពចលាចលក្នុងសង្គមពេញមួយឆ្នាំ២០១៩។
ទីផ្សារអចលទ្រព្យប្រណិតបំផុត ទទួលបានការគាំទ្រជាចម្បង ដោយអ្នកទិញជនជាតិចិនដីគោកបានស្ថិតក្នុងភាពរអាក់រអួល ក្រោមរយៈពេលជាង២ឆ្នាំ ដោយសារការបិទព្រំដែន និងការរឹតបន្តឹងការធ្វើដំណើរ៕