ដោយៈ ជេស៊ីកា
ភ្នំពេញៈ គំរោងសាងសង់ស្ពានតភ្ជាប់ពីតំបន់ផ្សាររាត្រី ទៅកាន់តំបន់អរិយក្សត្របាននិងកំពុងសិក្សា និងពិភាក្សាក្នុងគណៈកម្មការអន្តរក្រសួង ដែលទទួលបន្ទុកលើគំរោងនេះ។
ប្រធានអ្នកនាំពាក្យក្រសួងសាធារណៈការ និងដឹកជញ្ជូន លោកគង់ វិមានបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទ កាលពីថ្ងៃទី២៩ កញ្ញាថា ការសិក្សាដើម្បីសាងសង់ស្ពាននេះ ក្រុមការងារអន្តរក្រសួងកំពុងធ្វើការងារនេះ ប៉ុន្តែលទ្ឋផលបែបណា លោកមិនទាន់អាចបញ្ជាក់ឲ្យបានដឹងនៅឡើយទេ។
លោកបន្តថា “យើងកំពុងធ្វើការលើការងារនេះ ប៉ុន្តែការកំណត់ពេលវេលាសាងសង់ជាក់លាក់នាពេលណា លោកមិនទាន់អាចបញ្ជាក់បាននៅឡើយទេ”។
សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងពីគំរោងស្ពាននេះកាលពីពេលថ្មីៗនេះ ដោយសម្តេចស្នើសុំឲ្យភាគីកូរ៉េជួយយកចិត្តទុកដាក់ លើដំណើរការសិក្សាសម្រាប់ស្ពានមួយនេះ។
សម្តេចតេជោក៏បានលើកឡើង ពីគំរោងរៀបចំទីក្រុងល្វាឯមផងដែរ ដោយសម្តេចបញ្ជាក់ថា ក្រុមការងាររដ្ឋាភិបាលកំពុងសិក្សា ដើម្បីបង្កើតទីក្រុងនេះនៅពេលខាងមុខ។
អគ្គនាយិកាក្រុមហ៊ុនAmatak Property Service Co, Ltd លោកស្រីតាំង ហួរបានមានប្រសាសន៍ឲ្យដឹងនៅថ្ងៃដដែលថា នៅពេលមានស្ពាននេះសាងសង់នៅពេលខាងមុខ នឹងធ្វើឲ្យតំបន់អរិយក្សត្រមានភាពរីកចម្រើនដោយស្ពាននេះ នឹងទាក់ទាញភ្ញៀវទេសចរណ៍ជាតិ ដែលប្រជាជនក្នុងស្រុកច្រើននឹងមកកាន់រាជធានីភ្នំពេញ ហើយភ្ញៀវអន្តរជាតិនឹងមកទស្សនាផងដែរ ដោយសារស្ពាននេះជាស្ពានយោងដោយខ្សែកាប ដែលនឹងមានសោភ័ណភាពស្អាត និងលើកកំពស់សោភ័ណភាពរាជធានីភ្នំពេញ។
លោកស្រីបន្តថា “វិស័ហយអចលនទ្រព្យនៅតំបន់នេះ មានភាពទាក់ទាញ ប៉ុន្តែតម្លៃដីធ្លីហាក់បានឡើងខ្ពស់បន្តិចរួចទៅហើយ”។
ជាមួយគ្នានេះ អ្នកស្រីអាន សុធីតាអគ្គនាយិកាក្រុមហ៊ុនPropNex Cambodiaបានមានប្រសាសន៍ឲ្យដឹងផងដែរថា តំបន់អរិយក្សត្រ ពិសេសដីធ្លីនៅតំបន់់នេះ បានឡើងថ្លៃខ្ពស់តាំងពី៥ឆ្នាំមុន នៅពេលរដ្ឋាភិបាលបង្ហើបពីគំោរោងសាងសង់ស្ពានតភ្ជាប់ទៅតំបន់នេះ។
អ្នកស្រីបន្តថា សម្រាប់ទីផ្សារបុរីនៅតំបន់នេះ ការទិញរកផលចំណេញនៅពេលអនាគត អាស្រ័យលើគំរោងនិមួយៗ ដែលពួកគេផ្តោតលើ Master Plan ហេដ្ឋារចនាសម្ព័ន្ឋ និងគុណភាពសំណង់”៕