តើត្រូវធ្វើយ៉ាងណា ប្រសិនបើរថយន្តរបស់លោកអ្នកខូចនៅលើលើផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ?

0

ដោយ៖ សុផារី

ភ្នំពេញ៖ លោកអ្នកបានដឹងហើយថា ផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ មិនមានផ្លូវអាចឱ្យអ្នកត្រលប់ក្រោយឬឈប់សម្រាកបានឡើយ។​ ក្នុងករណីដែលរថយន្តរបស់លោកអ្នកខូច តើត្រូវធ្វើយ៉ាងណា?

ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ បានចេញផ្សាយ និងធ្វើការណែនាំទាក់ទងនឹងលក្ខខណ្ឌគួរយល់ដឹងអំពី ” ការដោះស្រាយនៅពេលថយន្តខូច និងការស្វែងរកជំនួយ ” លើផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ។

ក្រសួងបានឱ្យដឹងថា នៅពេលយានយន្តខូច អ្នកបើកបរត្រូវបើកបរ ឬរុញរថយន្តមកខាងស្ដាំតាមគន្លងផ្លូវសម្រាប់ឈប់បន្ទាន់កៀកនឹងរនាំងសុវត្ថិភាព រួចត្រូវបើកភ្លើងសញ្ញាអាសន្ន និងត្រូវដាក់ចំណាំងផ្លាតពណ៌ក្រហមរាងត្រីកោណ ចម្ងាយយ៉ាងតិច១០០ម៉ែត្រ ពីក្រោយរថយន្ត។

ប្រសិនបើពេលយប់ងងឹត ឬពេលថ្ងៃមានភ្លៀងធ្លាក់ ត្រូវបើកភ្លើងសញ្ញាអាសន្ន បើកភ្លើងទីតាំង(ភ្លើងដឺមី)ខាងមុខ និងភ្លើងក្រហមខាងក្រោយ ហើយត្រូវដាក់ចំណាំងផ្លាតពណ៌ក្រហមរាងត្រីកោណ ពីក្រោយរថយន្តចម្ងាយយ៉ាងតិច ២០០ម៉ែត្រ។

ក្នុងករណីនេះ អ្នកបើកបររថយន្តអាចឈប់ ឬចតដើម្បីត្រួតពិនិត្យ ឬជួសជុលរថយន្តក្នុងរយៈពេលមិនលើស៣០នាទីឡើយ ហើយអ្នកបើកបរត្រូវរៀបចំឱ្យអ្នករួមដំណើរទាំងអស់ទៅកាន់ទីសុវត្ថិភាពដែលស្ថិតនៅក្រៅរនាំងការពារ។

ក្នុងករណីរថយន្តខូចមានបញ្ហាពិបាកដោះស្រាយ អ្នកបើកបរត្រូវស្នើសុំជំនួយពីក្រុមហ៊ុនផ្លូវល្បឿនលឿនតាមលេខទូរសព្ទបន្ទាន់១៣៩៩។

នៅពេលជួសជុលរួចរាល់ ដើម្បីងាកចូលទៅគន្លងផ្លូវសម្រាប់ចរាចរណ៍ធម្មតាវិញ អ្នកបើកបរត្រូវបង្កើនល្បឿនតាមគន្លងផ្លូវសម្រាប់ឈប់បន្ទាន់ និងឱ្យភ្លើងសញ្ញាប្ដូរទិសខាងឆ្វេងយ៉ាងតិច៥វិនាទី  ដោយមិនត្រូវឱ្យរំខានដល់ចរាចរណ៍យានយន្តផ្សេងទៀតឡើយ។

“ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ” នឹងបើកឱ្យប្រើប្រាស់សាកល្បងដោយឥតគិតថ្លៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង៧ព្រឹកតទៅ៕

LEAVE A REPLY

Please enter your comment!
Please enter your name here