វិស័យអចលនទ្រព្យត្រូវការវិនិយោគិនបរទេសដើម្បីជំរុញឲ្យមានភាពប្រសើរដូចមុនវិបត្តិ

0

  ដោយៈ វឌ្ឍនៈ

ភ្នំពេញៈ វិស័យអចលនទ្រព្យកម្ពុជា បានឡើងដល់ចំណុចកំពូលឬចំណុចខ្ពស់បំផុតនៅអំឡុងឆ្នាំ២០១៨ និងឆ្នាំ២០១៩ តែវិស័យនេះបានថមថយល្បឿនមកវិញ និងជួបវិបត្តិនៅក្នុងអំឡុងឆ្នាំ២០២០ និងបន្តជួបវិបត្តិរហូតមកដល់បច្ចុប្បន្ន។

រហូតមកទល់ពេលនេះ ស្ថានភាពហាក់មិនទាន់មានភាពប្រសើរឡើងដូចកាលមុនវិបត្តិកូវីដ១៩នៅឡើយ ដោយអ្នកជំនាញនៃវិស័យអចលនទ្រព្យជាច្រើនបានបញ្ជាក់ថា ស្ថានភាពវិស័យអចលនទ្រព្យកម្ពុជា នឹងមិនអាចដូចមុនវិបត្តិនោះទេ បើសិនជាគ្មានការបណ្ដាក់ទុនវិនិយោគ ពីបរទេស ។

អ្នកនាងជិន ច័ន្ទដាលុច្ស ប្រធានផ្នែកវាយតម្លៃនៃក្រុមហ៊ុនអចលនទ្រព្យCBRE Cambodia បានមានប្រសាសន៍ឱ្យដឹង តាមទូរស័ព្ទកាលពីថ្ងៃទី២៨ កញ្ញាថា នៅក្នុងវិបត្តិកូវីដ១៩ ការវិនិយោគអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជាយើងភាគច្រើន គឺបណ្ដាក់ទុនដោយវិនិយោគិនក្នុងស្រុក ដូច្នេះហើយទើបយើងឃើញមានដំណើរការ នៃការវិនិយោគនៅក្នុងវិស័យនេះនៅតែបន្ត ប៉ុន្តែការវិនិយោគពីសំណាក់វិនិយោគិន ក្នុងស្រុកមិនមានគម្រោងធំៗគួរឱ្យកត់សម្កាល់នោះឡើយ ។

អ្នកនាងបន្តថា “វិស័យនេះនៅតែត្រូវការការវិនិយោគ ពីសំណាក់វិនិយោគិនបរទេស ដើម្បីជំរុញឱ្យស្ថានភាពអាចប្រសើរ ដូចនឹងមុនវិបត្តិកូវីដ១៩”។អ្នកនាងបន្តថា “កាលពីឆ្នាំ២០១៨ និងឆ្នាំ២០១៩ វិស័យអចលនទ្រព្យមានសន្ទុះងើបឡើងខ្ពស់ ហើយកាលនោះមានការវិនិយោគពីបរទេសច្រើនផងដែរ ដោយយើងឃើញថាចិន គឺជាអ្នកវិនិយោគធំជាងគេនៅក្នុងប្រទេសកម្ពុជា”។

អ្នកនាងបន្ថែមថា កត្តាមួយចំនួនដែលធ្វើឱ្យវិនិយោគិនបរទេស នៅតែមិនទាន់ចូលមកវិនិយោគ នៅក្នុងប្រទេសកម្ពុជា រួមមានស្ថានភាពសេដ្ឋកិច្ចនៅក្នុងប្រទេសទាំងនោះ មិនទាន់ប្រសើរនៅឡើយ ហើយវិនិយោគិនទាំងនោះនៅស្ដារប្រទេសគេជាមុនសិន។ មួយវិញទៀតស្ថានភាពកូវីដ១៩នៅក្នុងប្រទេសទាំងនោះ រួមមាន ចិនជាដើមក៏មិនទាន់ប្រសើរដូចនៅកម្ពុជា បូករួមនឹងភាពតានតឹង នៃស្ថានភាពនយោបាយអន្តរជាតិផងដែរ ធ្វើឱ្យវិនិយោគិនមិនទាន់ចូលមកកម្ពុជាច្រើននៅឡើយ។

ជាមួយគ្នានេះ លោកច្រឹក សុខនីមប្រធានសមាគអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាបានលើកឡើងផងដែរថា កាលពីចុងឆ្នាំ២០២១យើងរំពឹងថាក្នុងឆ្នាំ២០២២ វិនិយោគិនបរទេសជាពិសេសចិន នឹងចូលមកកម្ពុជាឡើងវិញ ប៉ុន្តែដោយសារតែស្ថានភាពនៃសេដ្ឋកិច្ចនៅចិន និងស្ថានភាពវិបត្តិរួមនឹងសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែនផងនោះ ធ្វើឱ្យវិនិយោគិនបរទេសនៅតែមិនទាន់ចូលមកកម្ពុជាច្រើននៅឡើយ។

លោកបន្តថា “ការវិនិយោគរបស់វិនិយោគិនក្នុងស្រុក ក៏អាចជួយជំរុញនិងទប់ស្កាត់ការធ្លាក់ចុះ នៃវិស័យអចលនទ្រព្យបានមួយកម្រិតផងដែរ គ្រាន់តែស្ថានភាពវាមិនទាន់អាចបានល្អប្រសើរ ដូចមុនកូវីដ១៩ប៉ុណ្ណោះ”។លោកបន្តថា “វិនិយោគិនចិននឹងត្រលប់មកវិញ ដោយសារតែកម្ពុជាប្រៀបដូចជាបន្ទាយ ដែលអាចស្វែងរកផលចំណេញបានច្រើន ធៀប​នឹងបណ្តាប្រទេសក្នុងតំបន់ ហេតុនេះវិនិយោគិនអន្តរជាតិ និងអ្នកវិនិយោគ​ចិននឹងត្រលប់មកវិញនាពេលខាងមុខ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here