ដោយ៖ វឌ្ឍនៈ
ភ្នំពេញ ៖ គិតត្រឹមពាក់កណ្ដាលឆ្នាំ២០២២ កម្ពុជាអនុម័តលើសំណើគម្រោងសាងសង់សរុបចំនួន៩៩៩គម្រោង។ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំមុន ធ្លាក់ចុះប្រមាណ១៧០គម្រោង ឬប្រមាណ១៤,៥ភាគរយ។ នេះបើតាមរបាយការណ៍របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ចេញផ្សាយនៅកាលពីសប្ដាហ៍មុននេះ។
របាយការណ៍ដដែលនេះឱ្យដឹងថា ការធ្លាក់ចុះនៃគម្រោងសាងសង់ គឺគម្រោងប្រភេទលំនៅឋាន ភូមិគ្រឹះ សំណង់ពាណិជ្ជកម្ម សំណង់ទេសចរណ៍ និងផ្សេងទៀត លើកលែងតែប្រភេទសំណង់សាធារណៈ និងសំណង់ឧស្សាហកម្ម ដែលនៅមានដំណើរការធម្មតា។
-->

ទោះបីជាជាយ៉ាងណាក្ដី វិស័យសំណង់រំពឹងថា នឹងងើបឡើងវិញ ក្នុងអត្រា៣ភាគរយក្នុងឆ្នាំ២០២២នេះ ដោយសារតែកំណើនផ្ដល់ឥណទានលើវិស័យសំណង់ បានបន្តកើនឡើង ស្របពេលដែលរាជរដ្ឋាភិបាលបាន និងកំពុងបន្តតាមដាន និងដាក់ចេញគោលនយោបាយអន្តរាគមន៍ ឱ្យបានទាន់ពេលវេលា សំដៅបញ្ចៀសហានិភ័យ ដែលអាចនឹងកើតឡើង។
អ្នកវាយតម្លៃអចលនទ្រព្យប្រចាំកម្ពុជា បានលើកឡើងថា បានលើកឡើងស្រដៀងគ្នាថា ក្នុងឆ្នាំ២០២២នេះ បើទោះបីជាស្ថានភាពកូវីដ១៩បានធូរស្រាលក៏ពិតមែន តែវិបត្តិសង្គ្រាម និងបញ្ហាសេដ្ឋកិច្ចសកល ដែលមិនទាន់មានភាពច្បាស់លាស់ នៅតែជាឧបសគ្គ នៃលំហូរចូលនៃវិនិយោគិនបរទេសដូច្នេះហើយធ្វើឱ្យការវិនិយោគអចលនទ្រព្យពីសំណាក់វិនិយោគិនបរទេស នៅតែមានកម្រិតតិចតួចនៅឡើយ។

អ្នកនាង គឹម គិនកេសា អ្នកគ្រប់គ្រងជាន់ខ្ពស់នៃក្រុមហ៊ុនអចលនទ្រព្យ CBRE Cambodia បានឱ្យដឹងថា ការវិស័យសំណង់ និងអចលនទ្រព្យ នៅក្នុងប្រទេសកម្ពុជា នៅតែពឹងលើវិនិយោគិនពីបរទេស។ ដូច្នេះចង់ឱ្យវិស័យនេះត្រលប់ទៅដូចមុនវិបត្តិកូវីដ គឺត្រូវការមានការវិនិយោគពីសំណាក់វិនិយោគិនបរទេស ប៉ុន្តែការវិនិយោគពីអ្នកវិនិយោគក្នុងស្រុក ក៏ជាចំណែកមួយទប់ស្កាត់ការធ្លាក់ចុះខ្លាំង នៃវិស័យនេះ ឬអាចធ្វើឱ្យសកម្មភាពនៃវិស័យសំណង់ និងអចលនទ្រព្យបន្តដំណើរទៅមុខ។
អ្នកនាងបានបន្តថា ការត្រលប់ចូលមកកម្ពុជា ពីសំណាក់វិនិយោគិនបរទេស គឺអាស្រ័យទៅលើស្ថានភាពនៃសេដ្ឋកិច្ចសកល និងតំបន់ ដោយជំហានដំបូងពួកគេត្រូវការស្ដារសេដ្ឋកិច្ចប្រទេសរបស់គេសិនរួចហើយទើបគេអាចចេញក្រៅប្រទេស ដើម្បីស្វែងរកការវិនិយោគនានាបន្តបន្ទាប់៕
