សុខុម
បាងកក: អគ្គនាយកដ្ឋានរតនាគារនៃក្រសួងសេដ្ឋកិច្ចថៃ គ្រោងប្រកាសហាងឆេងដីធ្លីដែលរដ្ឋបានវាយតម្លៃ និងកំណត់ជាថ្មីសម្រាប់ឆ្នាំ២០២៣-២០២៦ នៅថ្ងៃទី០១ ខែមករា ដើមឆ្នាំក្រោយ។ នេះបើយោងតាមសារព័ត៌មាន Bangkok Post ចុះផ្សាយកាលពីថ្ងៃពុធ ទី២៨ ខែកញ្ញា។
លោក Prapas Kong-ied អគ្គនាយកនៃអគ្គនាយកដ្ឋានរតនាគារនៃក្រសួងសេដ្ឋកិច្ចថៃ បានលើកឡើងថា ហាងឆេងដីធ្លីអាចនឹងខ្ពស់ជាងអំឡុងពេលមុនផ្ទុះវិបត្តិកូវីដ-១៩ ពី៧%ទៅ៨%។
-->

អគ្គនាយកដ្ឋាននេះតែងតែធ្វើការវាយតម្លៃ និងកំណត់ហាងឆេងដីធ្លីរៀងរាល់៤ឆ្នាំម្ដង។ តម្លៃដែលកំណត់ដោយរដ្ឋទាំងនេះគឺជាមូលដ្ឋានសម្រាប់ម្ចាស់ដីបង់ពន្ធដែលពាក់ព័ន្ធជូនរដ្ឋ
លោក Prapas Kong-ied បានគូសបញ្ជាក់ថា អំឡុងពេលកូវីដ-១៩ ក្នុងឆ្នាំ២០២១-២០២២ អគ្កនាយករដ្ឋាននេះបានបដិសេធមិនប្រកាសហាងឆេងដីធ្លីថ្មីនោះទេ ដើម្បីសម្រាលបន្ទុករបស់ម្ចាស់ដីដែលបណ្ដាលមកពីពន្ធពាក់ព័ន្ធនឹងប្រតិបត្តិការទិញលក់ដីធ្លី។
អគ្គនាយកដ្ឋានគ្រោងនឹងប្រកាសហាងឆេងដីកំណត់ថ្មីនេះនៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២៣ នៅពេលស្ថានភាពកូវីដ-១៩ បានធូរស្រាល ខណៈសេដ្ឋកិច្ចកំពុងងើបឡើងវិញសន្សឹមៗ។
ដីធ្លីនៅកណ្ដាលក្រុងបាងកក ដូចជានៅ Silom ឬ Phloenchit ជាដើម នៅតែមានតម្លៃខ្ពស់បំផុតដដែល៕ Bangkok Post៕
