អ្នកជំនាញលើកឡើងពីយន្តការដែលបន្តផ្តល់ទំនុកចិត្តដល់វិនិយោគិនបរទេសមកកាន់ប្រទេសកម្ពុជា

0

ដោយៈ សុផារី

ភ្នំពេញៈ ទោះប្រឈមនឹងវិបត្តិជាបន្តបន្ទាប់ក្តី លំហូរវិនិយោគលើវិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា នៅតែបន្តហូរចូលមក ដែលបង្ហាញពីទំនុកចិត្តខ្ពស់ មកលើស្ថិរភាពសេដ្ឋកិច្ច ជាពិសេសភាពរឹងមាំនៃទីផ្សារអចលនទ្រព្យកម្ពុជាផងដែរ។

អ្នកជំនាញលើកឡើងថា ការបន្តផ្តល់ការទុកចិត្ត មកលើអចលនទ្រព្យកម្ពុជានេះ មិនមែនជាភាពចៃដន្យនោះទេ តែដោយសារតែកម្ពុជាមានយន្តការពិសេសៗមួយចំនួន ខុសពីប្រទេសផ្សេងទៀត។

លោកសន សៀប ប្រធានក្រុមហ៊ុនអចលនទ្រព្យ Key Real Estate បានមានប្រសាសន៍នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២នេះថា ប្រទេសកម្ពុជាក៏ទទួលផលប៉ះពាល់ ពីវិបត្តិសេដ្ឋកិច្ចទាំងនេះផងដែរ ប៉ុន្តែស្ថិតនៅក្នុងកម្រិតតិចតួចជាងប្រទេសផ្សេងៗ។

អ្នកជំនាញរូបនេះលើកឡើងថា “ការទទួលបានជោគជ័យលើការគ្រប់គ្រង់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ គោលនយោបាយចាក់វ៉ាក់សាំង និងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធធំៗ នៅតាមប៉ូលសេដ្ឋកិច្ចសំខាន់ៗរបស់​រដ្ឋាភិបាលពិតជាធ្វើបានល្អពីរដ្ឋាភិបាល”។លោកបន្ថែមថា ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ឋ នៅតំបន់សក្តានុពលសំខាន់ៗ ដែលចំណាយថវិកាយ៉ាងច្រើនសន្ធឹកសន្ធាប់ ជាគោលការណ៍ដែលផ្តល់ទំនុកចិត្តដល់អ្នកវិនិយោគ ទាំងជាតិ និងអន្តរជាតិ ឱ្យបន្តធ្វើការវិនិយោគនៅក្នុងប្រទេសកម្ពុជាទៀត”។

លោកសន សៀបបានបញ្ជាក់ថា រដ្ឋាភិបាលបានចំណាយទុនយ៉ាងច្រើន ដើម្បីយកឱកាសក្នុងពេលស្ងប់ស្ងាត់ រៀបចំហេដ្ឋារចនាសម្ព័ន្ធ ដើម្បីត្រៀមខ្លួនរួចជាស្រេច ក្នុងការទទួលភ្ញៀវទេសចរណ៍ ធ្វើដំណើរចេញចូលប្រទេស ដឹកទំនិញ ។ល។ ដើម្បីឲ្យសកម្មភាពសេដ្ឋកិច្ចរបស់យើងរីកចម្រើនឡើងវិញ។

លោកបន្តថា “នៅពេលមានការសាងសង់ ហេដ្ឋារចនាសម្ព័ន្ធធំៗ នៅតាមតំបន់នានា ក៏ផ្តល់ទំនុកចិត្តដល់ទីផ្សារអចលនទ្រព្យ។ អ្នកវិនិយោគជាច្រើនមានទំនុកចិត្ត មកលើទីផ្សារអចលនទ្រព្យរបស់យើង ដោយសារឃើញការរីកចម្រើននេះហើយ”។

ជាមួយគ្នានេះ លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានមានប្រសាសន៍ នាពេលថ្មីៗនេះថា វិស័យអចលនទ្រព្យនៅតែបន្តភាពរឹងមាំ តាមរយៈយន្តការផ្សេងគ្នានៃចូលមកវិនិយោគរបស់ជនជាតិបរទេស ដោយសារទំនាក់ទំនងល្អ រវាងបណ្តាប្រទេសជាដៃគូ។ ជាក់ស្តែង វិនិយោគិនចិនបានចូលមកកាន់កម្ពុជា ហើយបន្តចូលទៅវិនិយោគនៅក្នុងក្រុងព្រះសីហនុ។ ជនជាតិជប៉ុន និងអឺរ៉ុប ក៏បានវិនិយោគនៅក្នុងប្រទេសកម្ពុជាផងដែរ។

លោកបន្តទៀតថា “ការដឹកនាំ និងការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់រដ្ឋាភិបាលកម្ពុជា  ក្នុងការអនុវត្តការចាក់វ៉ាក់សាំង ដល់ប្រជាពលរដ្ឋកម្ពុជា បានអនុញ្ញាតឱ្យកម្ពុជា អាចបន្តខឿនសេដ្ឋកិច្ចរបស់ខ្លួនបានរលូន”។

លោកមានប្រសាសន៍ថា “ធៀបនឹងកំណើនតម្លៃ វិស័យអចលនទ្រព្យនៅកម្ពុជា មានភាពល្អប្រសើរជាងបណ្តាប្រទេសផ្សេងៗទៀត ដោយសារប្រទេសផ្សេង តម្លៃអចលនទ្រព្យបានកើនឡើងសល់កម្រិតមួយហើយ ខណៈប្រទេសកម្ពុជា ជាការអភិវឌ្ឍក្មេងខ្ចី នោះឱកាសនៃការរីកចម្រើន និងតម្លៃដីធ្លីនៅមានកម្រិតខ្ពស់”៕

LEAVE A REPLY

Please enter your comment!
Please enter your name here