ដំណឹងល្អ: រដ្ឋាភិបាលចិនបញ្ជាឱ្យធនាគារធំៗបញ្ចេញឥណទាន៨៤ពាន់លានដុល្លារ ដើម្បីសង្រ្គោះវិស័យអចលនទ្រព្យ

0

ដោយៈ សុខុម

ប៉េកាំង: វាជាដំណឹងដ៏ល្អមួយ ដែលក្រុមនិយ័តករហិរញ្ញវត្ថុនៃប្រទេសចិន បានបញ្ជាឱ្យធនាគារធំៗបំផុតចំនួន៦ បញ្ចេញឥណទានរហូតដល់ទៅ៨៤,៣២ពាន់លានដុល្លារអាមេរិក ដើម្បីជួយស្រោចស្រង់វិស័យអចលនទ្រព្យ ដែលកំពុងធ្លាក់ចូលក្នុងវិបត្តិសាច់ប្រាក់កាន់តែធ្ងន់ធ្ងរទៅៗ។

ទីភ្នាក់ងារព័ត៌មានដ៏ល្បីល្បាញ Bloomberg News បានចុះផ្សាយដោយដកស្រង់ប្រភពស្និទ្ធ នឹងបញ្ហានេះកាលពីថ្ងៃសុក្រ ទី៣០ ខែកញ្ញា ថា ធនាគារកណ្ដាលចិន និងគណៈកម្មាធិការនិយតកម្មធនាគារ និងធានារ៉ាប់រងចិន (CBIRC) បានបញ្ជាឱ្យធនាគារ ដែលគ្រប់គ្រងដោយរដ្ឋជួយតាមគ្រប់ទម្រង់ រួមមាន ទាំងតាមរយៈឥណទានគេហដ្ឋាន ឬ កម្ចីទិញផ្ទះ និងឥណទានដល់បណ្ដាក្រុមហ៊ុនអភិវឌ្ឍន៍ និងការទិញមូលបត្របំណុលរបស់ពួកគេផងដែរ។

ធនាគារកណ្តាលចិន កាលពីថ្ងៃព្រហស្បតិ៍ ទី២៩ ខែកញ្ញា បានដាក់ចេញនូវវិធានការសម្រាប់ការពន្លឿន ការប្រើប្រាស់ប្រាក់កម្ចីពិសេស ដើម្បីធានាជំរុញការលក់លំនៅដ្ឋាន ហើយគ្រោងនឹងណែនាំ ឱ្យបណ្ដាធនាគារពាណិជ្ជ ជួយផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុសម្រាប់គម្រោងនេះ។

ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ រដ្ឋាភិបាលចិន បានដាក់ចេញនូវវិធានការជាច្រើន ដើម្បីជួយគាំទ្រដល់សេដ្ឋកិច្ច ប៉ុន្តែការងើបឡើងវិញនៅតែមានសន្ទុះយឺត ដោយសារវិធានការយ៉ាងតឹងរ៉ឹង នៅក្នុងការទប់ស្កាត់វិបត្តិកូវីដ-១៩ និងការដាំក្បាលចុះនៃទីផ្សារអចលនទ្រព្យ។

ទោះជាយ៉ាងណា ទាំងធនាគារកណ្ដាលចិន និងគណៈកម្មាធិការនិយតកម្មធនាគារ និងធានារ៉ាប់រងចិន (CBIRC) មិនអាចទាក់ទងសុំការបំភ្លឺបានទេជុំវិញបញ្ហានេះ៕ Reuters៕

LEAVE A REPLY

Please enter your comment!
Please enter your name here