ដោយៈ សុខុម
ឌូបៃ: ក្រុមហ៊ុនដ៏ធំមួយរបស់កាណាដា Moon World Resorts មានគម្រោងសាងសង់សណ្ឋាគារ ព្រះចន្ទមួយនៅក្នុងទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួមអេមីរ៉ាត។ នេះបើយោងតាមសារព័ត៌មាន CNN ចុះផ្សាយកាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២។
សណ្ឋាគារនេះ នឹងមានសណ្ឋានដូចព្រះចន្ទបេះបិទ ហើយអាចមានកម្ពស់រហូតដល់ទៅ២២៤ម៉ែត្រជាមួយនឹងបរិមណ្ឌល (បរិមាណផ្ទៃក្រៅ) ៦២២ម៉ែត្រអាស្រ័យលើទីតាំង និងការអនុញ្ញាតលើគម្រោងប្លង់។
-->
លោក Michael R. Henderson ដែលជាសហស្ថាបនិកក្រុមហ៊ុនកាណាដា Moon World Resorts បានបង្ហើបប្រាប់សារព័ត៌មាន CNN ថា ចំណុចសំខាន់បំផុតនៃគម្រោងនេះ គឺផ្ដោតលើព្រះចន្ទ (Moon) ដែលជា “ប្រេនដ៏ល្បីល្បាញដែលមានការទទួលស្គាល់”។

លោកបានអះអាងថា “មនុស្សចំនួន៧,៥ពាន់លាននាក់ទៅហើយដែលបានស្គាល់វា ហើយគ្រប់គ្នាសុទ្ធតែចូលចិត្តវា”។
លោកMichael R. Henderson បានឱ្យដឹងថា សណ្ឋាគារ Moon World Resort នីមួយៗនឹងក្លាយជារីហ្សតប្រណីត បែបសហសម័យ ដោយនៅខាងក្នុង អគារមានអ្វីៗពិសេសជាច្រើន ដូចជា សាលសន្និបាត ភោជនីយដ្ឋាន ស្ប៉ា ដែលមានសណ្ឋានជាព្រះចន្ទ។
ក្រុមហ៊ុនកាណាដាមួយនេះ គ្រោងសាងសង់សណ្ឋាគារព្រះចន្ទប្រភេទនេះចំនួន៤ ដោយ១នៅទ្វីបអាមេរិកខាងជើង ១នៅអឺរ៉ុប ១នៅតំបន់មជ្ឈិមបូព៌ា (ឌូបៃ) និង១នៅអាស៊ី។
ទោះជាយ៉ាងណា លោក Michael R. Henderson ក៏បានលើកឡើងដែរថា គម្រោងអាចនឹងមានការប្រេប្រួល ដូចនេះលោកបដិសេធមិនផ្ដល់ព័ត៌មានលម្អិតអំពីគម្រោងទាំងនេះទេ រហូតមកទល់ពេលនេះ៕ CNN៕
