ដោយៈ សុផារី
ភ្នំពេញៈ អ្នកជំនាញលើវិស័យអចលនទ្រព្យល្បីមួយរូប បានផ្តល់យោបល់ដល់អ្នកដែលមានចំណូលទាប និងមធ្យម បើចង់ធ្វើការវិនិយោគ សូមកុំវិនិយោគលើសពី៣០ភាគរយ នៃចំណូលប្រចាំខែរបស់ខ្លួន និងលើកទឹកចិត្ដឲ្យវិនិយោគលើវិស័យដីធ្លី ជាងជាការទិញលំនៅដ្ឋាន បើសិនជាពុំមានតម្រូវការចាំបាច់ ក្នុងការទិញមកស្នាក់នៅ។
លោកឧកញ៉ា នួន រិទ្ធី អគ្គនាយកនៃក្រុមហ៊ុនអចលនទ្រព្យ KFA បានមានប្រសាសន៍ឲ្យដឹងកាលពីចុងសប្តាហ៍មុនថា ក្នុងដំណាក់កាលនេះ យើងឃើញហើយថា អ្នកសាងសង់ក៏លក់ពុំមិនសូវបាន ហើយមានចំនួនតិចណាស់ដែលលក់បាន បើកលក់បាន គឺអតិថិជនជាអ្នកមានតម្រូវការចាំបាច់ ក្នុងការទិញលំនៅដ្ឋាន។
-->

ដោយឡែក លំនៅដ្ឋានតម្លៃមធ្យម និងទាបឃើញថា ក៏មិនមានទីតាំងនៅតំបន់ទីប្រជុំជន ទីក្រុងផងដែរ ដែលភាគច្រើននៅតំបន់ជ្រាយក្រុង ឬក៏ក្រវាត់ក្រុងជាដើម។ ដូច្នេះអ្នកខ្លះក៏មិនសូវចង់បាន ដែលតម្រូវការមិនដូច នៅពេលមានសេដ្ឋកិច្ចល្អ ដែលម្នាក់ៗគិតថា នៅកន្លែងណាក៏បាន ដោយគិតថាងាយស្រួលលក់។
លោកឧកញ៉ានួន រិទ្ឋីបានបន្តថា “ចំពោះអ្នកមានចំណូលទាប និងមធ្យម អាចមានឱកាសទិញដី ដើម្បីចំណេញបានច្រើន ជាងការទិញលំនៅដ្ឋាន ដែលមានតម្លៃទាប និងមធ្យម ដោយសារតែអ្វីៗ អ្នកអភិវឌ្ឍន៍បានគិតគូររួចហើយ”។លោកបន្តថា “ការរស់នៅក្នុងលំនៅដ្ឋានមធ្យម អាចប្រើពេលចន្លោះទៅ៣-៥ឆ្នាំ ទើបអាចលក់បានចំណេញ ដោយយោងតាមការអភិវឌ្ឍន៍សេដ្ឋកិច្ច ហើយការកើនឡើងថ្លៃផ្ទះ ឡើងថ្លៃដោយសារដី”។

លោកឧកញ៉ាបន្តថា ចំពោះអ្នកមានចំណូលទាប និងមធ្យម នៅពេលមានបញ្ហាប្រឈម នឹងស្ថានភាពសេដ្ឋកិច្ចបែបនេះ បើចង់វិនិយោគ គឺត្រូវចំណាយត្រឹមតែ១៥-៣០ភាគរយ នៃចំណូលដែលទទួលបាន។
លោកសង្កេតមើលឃើញថា អ្នកវិនិយោគខ្លះទិញតាមគេ ដោយចេះតែបោះលុយ ដូច្នេះពេលខ្លះចំតំបន់ ដែលមិនមានសក្ដានុពល១០ឆ្នាំ ក៏មិនទាន់មានហាងឆេងផង។ អ្នកខ្លះវិនិយោគទៅចំដី ដែលស្ថិតនៅក្រោមដែនរបស់រដ្ឋ ដែលនេះជាបញ្ហា។
ជាមួយគ្នានេះ លោកជឿថា ដំណាក់កាលនេះ ធនាគារទាំងអស់ ក៏មានការរឹតបន្ដឹង ពាក់ព័ន្ធនឹងហិរញ្ញប្បទានលើលំនៅដ្ឋាន និងអ្នកវិនិយោគដីធ្លីផងដែរ៕