តម្លៃ​ផ្ទះ​ថ្មី​របស់​ប្រទេសចិន​បានបន្តដាំក្បាលចុះ​ក្នុង​រយៈ​ពេល​៣ខែ​ជាប់​គ្នា

0

ដោយ: លាងហួរ

ប៉េកាំង: ការស្ទង់មតិឯកជនមួយបានបង្ហាញកាលពីថ្ងៃសៅរ៍ ទី១ ខែតុលាថា តម្លៃផ្ទះថ្មីនៅក្នុងប្រទេសចិន បានដាំក្បាលចុះ៣ខែជាប់ៗគ្នា ក្នុងខែកញ្ញា ដោយសារអតិថិជនធ្វើពហិកា ឈប់បង់ប្រាក់និងកត្តាសេដ្ឋកិច្ច។

វិបត្តិទីផ្សារអចលនទ្រព្យរបស់ប្រទេសចិន កាន់តែអាក្រក់ឡើងក្នុងរដូវក្តៅនេះ ដោយទិន្នន័យផ្លូវការបង្ហាញពីតម្លៃផ្ទះ ការលក់ និងការវិនិយោគទាំងអស់បានធ្លាក់ចុះ នៅក្នុងខែសីហា ដោយបន្ថែមសម្ពាធលើប្រទេសមានសេដ្ឋកិច្ចធំបំផុតទីពីររបស់ពិភពលោកមួយនេះ។

តម្លៃផ្ទះនៅក្នុងទីក្រុងចំនួន១០០ បានធ្លាក់ចុះ០,០២ភាគរយ នៅក្នុងខែកញ្ញា ធៀបនឹងខែមុនបន្ទាប់ពីការធ្លាក់ចុះ០,០១ភាគរយ នៅក្នុងខែក    ក្កដា។ នេះបើយោងតាមការស្ទង់មតិដោយ China Index Academy (CIA) ដែលជាក្រុមហ៊ុនស្រាវជ្រាវអចលនទ្រព្យឯករាជ្យ ធំបំផុតមួយរបស់ប្រទេសចិន។

ការស្ទង់មតិបានបង្ហាញថា ក្នុងចំណោមទីក្រុងទាំង១០០ ទីក្រុងចំនួន៥៦ បានប្រកាសពីការធ្លាក់ចុះតម្លៃផ្ទះប្រចាំខែ ។

តម្លៃផ្ទះថ្មីជាផ្លូវការសម្រាប់ខែកញ្ញា នឹងត្រូវបានចេញផ្សាយដោយការិយាល័យស្ថិតិជាតិនៅថ្ងៃទី១៩ខែតុលា។

ការដាំក្បាលចុះនៅក្នុងវិស័យអចលទ្រព្យចិន កាន់តែខ្លាំងឡើងៗបន្ទា​ប់ពីអ្នកអភិវឌ្ឍន៍ឈានមុខគេ មួយចំនួនបានខកខានសងបំណុល ហើយបរាជ័យក្នុងការបញ្ចប់គម្រោង ឬសូម្បីតែចាប់ផ្តើមសាងសង់ថ្មី ដែលជំរុញឱ្យអ្នកទិញផ្ទះជាច្រើនបញ្ឈប់​ការ​បង់​រំលោះ។

ការបិទខ្ទប់ជំងឺរាតត្បាត ក៏បានធ្វើឱ្យប៉ះពាល់ដល់ទំនុកចិត្តអ្នកប្រើប្រាស់ផងដែរ ខណៈដែលការបាត់បង់ការងារ និងកត្តាសេដ្ឋកិច្ចចុះខ្សោយបានធ្វើឱ្យមនុស្សជាច្រើន មានការប្រុងប្រយ័ត្ន ចំពោះការចំណាយរបស់ពួកគេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here