ដោយ៖ សុផារី
កម្ពុជា-ថៃ៖ រដ្ឋាភិបាលថៃ និងកម្ពុជាបានកំពុងពិចារណាក្នុងការអភិវឌ្ឍច្រកព្រំដែនចំនួនពីរ រវាងខេត្តត្រាតរបស់ប្រទេសថៃ និងខេត្តចំនួនពីររបស់កម្ពុជា ទៅជាច្រកព្រំដែនអចិន្ត្រៃយ៍។
កាសែតបាងកកបុស្តិ៍បានចេញផ្សាយកាលពីពេលថ្មីៗនេះ ដោយស្រង់សម្តីរបស់អភិបាលខេត្តត្រាត លោក Chamnanwit Terat ថា អាជ្ញាធរមូលដ្ឋានក្នុងខេត្ត និងវិស័យឯកជនកំពុងជំរុញធ្វើឱ្យច្រកព្រំដែនចំនួនពីរទៅជាច្រកព្រំដែនអចិន្ត្រៃយ៍។
ទី១ គឺច្រកព្រំដែនបានថាសែន (Ban Tha Sen) ដើម្បីតភ្ជាប់ខេត្តជាមួយខេត្តពោធិ៍សាត់របស់កម្ពុជា។ ទី២ គឺច្រកព្រំដែនបណ្តោះអាសន្នបានមឿង (Ban Muang) ក្នុងស្រុកបូរ៉ៃ (Bo Rai) ដើម្បីប្រែក្លាយច្រកនេះទៅជាច្រកព្រំដែនអចិន្ត្រៃយ៍ ដែលតភ្ជាប់ខេត្តត្រាតរបស់ថៃ ជាមួយខេត្តបាត់ដំបងក្នុងប្រទេសកម្ពុជា។
ច្រកព្រំដែនអចិន្រ្តៃយ៍បានហាតឡេក (Ban Hat Lek) របស់ខេត្តត្រាត ដែលតភ្ជាប់ជាមួយខេត្តកោះកុង របស់កម្ពុជា ត្រូវបានគេរំពឹងថា នឹងឃើញទំហំពាណិជ្ជកម្មទ្វេភាគីមានតម្លៃ៣២,៣៣ពាន់លានបាតនៅឆ្នាំនេះ កើនឡើងពី ៣១,២ពាន់លានបាត ប្រៀបធៀបកាលពីឆ្នាំមុន។ ក្នុងរយៈពេល៩ខែដំបូង ពាណិជ្ជកម្មទ្វេភាគីតាមច្រកនេះមានតម្លៃ២៨ពាន់លានបាត។
អភិបាលខេត្តត្រាត លោក Chamnanwit បានបន្តថា បន្ទាប់ពីខេត្តទទួលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយជំងឺរាតត្បាតកូវីដ១៩ និងកំណើនសេដ្ឋកិច្ចមានត្រឹមតែ១,៤ ភាគរយកាលពីឆ្នាំមុន ប៉ុន្តែឆ្នាំនេះរំពឹងថានឹងកើនឡើង៤,៤ភាគរយ។
សេដ្ឋកិច្ចខេត្តជាប់ព្រំដែនកម្ពុជាមួយនេះ ពឹងផ្អែកលើវិស័យកសិកម្ម ដែលមាន៤៧ភាគរយ វិស័យទេសចរណ៍ សេវាកម្មមាន៤៤ភាគរយ និងវិស័យឧស្សាហកម្ម៦ភាគរយ ហើយគ្រប់វិស័យទាំងអស់បង្ហាញសញ្ញាកើនឡើង៕