ក្នុងរយៈពេល៥ឆ្នាំតម្លៃទីផ្សារបុរីបានកើនឡើងពី៤០ទៅ១០០ភាគរយ

0

ដោយ៖ វឌ្ឍនៈ

ភ្នំពេញ ៖ តម្លៃអចលនទ្រព្យប្រភេទបុរី បានបន្តកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។ ជាក់ស្ដែង តាមការវាយតម្លៃ និងសង្កេតជាក់ស្ដែងរបស់ក្រុមហ៊ុនអចលនទ្រព្យមួយនៅកម្ពុជា ឱ្យដឹងថា រយៈពេល៥ឆ្នាំកន្លងមក តម្លៃលំនៅឋានក្នុងបុរីបានកើនឡើងចន្លោះពី៤០ ទៅ១០០ភាគរយ អាស្រ័យទៅលើការរីកចម្រើន និងតម្រូវការក្នុងតំបន់។

អ្នកនាង ចន្ទី ទិវា នាយិកាប្រតិបត្តិក្រុមហ៊ុន Century 21 Advance Property បានមានប្រសាសន៍ថា ប្រជាពលរដ្ឋកម្ពុជាមួយចំនួនធំចូលចិត្តរស់នៅផ្ទះលក្ខណៈគ្រួសារតូចៗ។ នៅពេលគាត់រៀបការមានគ្រួសារ ពួកគាត់តែងតែស្វែងរកលំនៅឋានមួយសមរម្យ បែកពីគ្រួសារ ដែលសកម្មភាពនេះបានធ្វើឱ្យតម្រូវការលំនៅឋានបន្តកើនឡើង។ ក្នុងនោះ បុរី ជាប្រភេទលំនៅឋានពេញនិយម និងទទួលបានការគាំទ្រជាងគេ។

អ្នកនាងបន្តថា កាលពីមុនលំនៅឋានជាបុរី គេសាងសង់ឡើងនៅជិតៗរាជធានី ក្រុង និងផ្ដល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរមករស់នៅក្នុងក្រុង។ ក្រោយមកទៀត អ្នកអភិវឌ្ឍន៍លំនៅឋានបុរីបានងាកកាន់តែឆ្ងាយពីក្រុង ទៅកាន់តំបន់ជាយក្រុង ដែលធ្វើឱ្យផ្ទះនៅជិតក្រុង ឬក្នុងក្រុងបានកើនឡើងខ្ពស់។

អ្នកនាងបញ្ជាក់ថា “ផ្ទះខ្លះបានកើនឡើង៤០ភាគរយ ដោយកាលពីមុន តម្លៃត្រឹមតែ៦ម៉ឺនដុល្លារអាមេរិក ពេលនេះបានឡើងដល់១០ម៉ឺនដុល្លារអាមេរិក។ ដោយឡែក ផ្ទះខ្លះទៀតបានកើនឡើង ដល់ជាង១០ម៉ឺនដុល្លារអាមេរិក ដែលមានន័យថាបានឡើង១០០ភាគរយ។

អ្នកនាងបន្ថែមថា “បច្ចុប្បន្ននេះ ពលរដ្ឋដែលគាត់មានជីវភាពធូរធាបន្តិច គាត់ស្វែងរកទិញលំនៅឋាននៅក្បែរៗក្រុង ទោះបីមានតម្លៃខ្ពស់ជាងលំនៅឋាន នៅតំបន់ជាយក្រុងបន្តិចក៏ពិតមែន ដោយសារតែនៅជិតកន្លែងធ្វើការរបស់គាត់ ចំណេញពេលវេលា និងថ្លៃសាំង សម្រាប់ធ្វើដំណើរទៅវិញទៅមក។ បច្ចុប្បន្នលំនៅឋានតម្លៃសមរម្យរង្វង់៥ម៉ឺនដុល្លារអាមេរិកងាកទៅកាន់តែឆ្ងាយពីក្រុងភ្នំពេញ ពីព្រោះការអភិវឌ្ឍលំនៅឋានបែបនេះនៅជិតក្រុង មិនអាចរួចខ្លួនទេ ដីក៏កាន់តែថ្លៃ ដូច្នេះផ្ទះក៏ត្រូវតែថ្លៃជាងមុនដែរ”។

លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង ប្រធាន KW Cambodia បានលើកឡើងកន្លងមកថា សកម្មភាពនៃការទិញលក់លំនៅឋាន ដែលមានឥទ្ធិពលខ្លាំង ក្រៅពីរាជធានីភ្នំពេញ គឺមាននៅបណ្ដាតំបន់ជាប់នឹងរាជធានីភ្នំពេញ ដែលភាគច្រើននៅក្នុងខេត្តកណ្ដាល។ ដូច្នេះ អ្នកអភិវឌ្ឍន៍លំនៅឋាននៅក្នុងប្រទេសកម្ពុជាបានងាកទៅកាន់តំបន់មួយចំនួននៃខេត្តកណ្ដាល ដើម្បីអភិវឌ្ឍន៍លំនៅឋាន សម្រាប់ពលរដ្ឋធ្វើការនៅភ្នំពេញ ហើយត្រលប់ទៅលំនៅឋានស្នាក់នៅពេលយប់វិញ។

លោកឧកញ៉ាបន្តថា ក្នុងដំណាក់កាលនេះ អ្នកអភិវឌ្ឍន៍លំនៅឋាន ដែលមានទុនគ្រប់គ្រាន់ មានកំលាំងទីផ្សារគ្រប់គ្រាន់ នៅតែបន្តទទួលបានជោគជ័យ។ ដោយឡែក អ្នកអភិវឌ្ឍន៍លំនៅឋាន ដែលប្រថុយប្រថាន ដោយមិនមានក្រុមលក់ច្បាស់លាស់ មិនមានទុនគ្រប់គ្រាន់ អាចជាហានិភ័យ សម្រាប់ការអភិវឌ្ឍរបស់ខ្លួន៕

LEAVE A REPLY

Please enter your comment!
Please enter your name here